ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជានឹងធ្វើសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃសន្និបាតរយៈពេល៣ថ្ងៃ វេលាល្ងាចនេះ នៅកោះពេជ្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
គណបក្សប្រជាជនកម្ពុជានឹងធ្វើសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃសន្និបាតរយៈពេល៣ថ្ងៃ វេលាល្ងាចនេះ នៅកោះពេជ្រ គណបក្សប្រជាជនកម្ពុជានឹងធ្វើសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃសន្និបាតរយៈពេល៣ថ្ងៃ វេលាល្ងាចនេះ នៅកោះពេជ្រ

គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និសីទព័ត៌មានមួយនៅវេលាម៉ោងប្រមាណ ៥៖៣០នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីបង្ហាញលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សលើកទី៤១ អាណត្តិទី៥ ដែលបានធ្វើឡើងរយៈពេល៣ថ្ងៃមកនេះ។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ Fresh News ថា លោកនឹងធ្វើសន្និសីទព័ត៌មានមួយដើម្បីបង្ហាញលទ្ធផលនៃសន្និបាតរបស់គណបក្ស ដែលបានធ្វើឡើងរយៈពេល៣ថ្ងៃកន្លងទៅនេះ។ អ្នកនាំពាក្យរូបនេះ ក៏បានអញ្ជើញអ្នកព័ត៌មានចូលរួមយកព័ត៌មាននៃសន្និសីទព័ត៌មាននេះផងដែរ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានបើកគណៈកម្មាធិការកណ្តាលគណបក្សលើកទី៤១ អាណត្តិទី៥ របស់ខ្លួនរយៈពេល៣ថ្ងៃនៅមជ្ឈមណ្ឌលពិព័រណ និងសន្និបាតកោះពេជ្រចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ សន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបក្ស សមាជិក សមាជិកា ចាប់ពីអភិបាលស្រុក ខណ្ឌ រួមនឹងក្រុមការងារគណៈពង្រឹងមូលដ្ឋានឡើងជាង ៣ពាន់នាក់។

សន្និបាតធ្វើឡើង ដើម្បីបូកសរុបលទ្ធផលការងារនយោបាយកន្លងមក ព្រមទាំងកំណត់ទិសដៅនយោបាយសម្រាប់ពេលខាងមុខ ក្នុងនោះក៏នឹងមានការពិភាក្សាត្រួតពិនិត្យ ការងារបច្ចុប្បន្នរបស់គណបក្ស តើមានអ្វីខ្លះដែលសម្រេចបានជោគជ័យ អ្វីខ្លះដែលនៅសេសសល់ អ្វីខ្លះជាបញ្ហាប្រឈម និងអ្វីដែលត្រូវកែលម្អដើម្បីធ្វើយ៉ាងណាដឹកនាំកម្ពុជា ឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សន្និបាតរយៈពេល៣ថ្ងៃនេះ មានបញ្ហាប្រឈមជាច្រើនត្រូវបានលើកយកមកពិភាក្សា ហើយការងារជាយុទ្ធសាស្ត្រជាច្រើនត្រូវបានដាក់ចេញក្នុងការបម្រើជាតិ និងប្រជាជនឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ថែមទៀត។

សន្និបាតនេះ ក៏បានសម្រេចបញ្ចូលបុគ្គលសំខាន់ៗចំនួន​​ ៧រូប ជាសមាជិកគណៈអចិន្ត្រៃយ៍ផងដែរ។ សមាជិកគណៈអចិន្ត្រៃយ៍ទាំង៧រូបនោះរួមមាន៖
១) លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២) លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៣) លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤) លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
៥) លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦) លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ
៧) លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។

គួរបញ្ជាក់ថា បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយចាស់ទុំ និងរឹងមាំជាងគេនៅកម្ពុជា មានសមាជិកចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាមានចំនួន៣៧រូប និងសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥រូប៕

អត្ថបទទាក់ទង