ខ្មែរប៉ុស្ដិ៍ Close

លោក Raoul Jennar៖ «បើពួកលោកដាក់សម្ពាធ យើងកាន់តែពន្យារពេល»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 41
លោក Raoul Jennar៖ «បើពួកលោកដាក់សម្ពាធ យើងកាន់តែពន្យារពេល» លោក Raoul Jennar៖ «បើពួកលោកដាក់សម្ពាធ យើងកាន់តែពន្យារពេល»

វាហាក់ដូចជាមានភាពធូរស្រាលមួយកម្រិត នៅក្នុងបរិយាកាសនយោបាយកម្ពុជា។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចុះថ្ងៃទី៣ ខែធ្នូ កន្លងទៅ បានក្លាយជាចំណុចចាប់ផ្តើមនៃការវិវឌ្ឍល្អនៃស្ថានភាពនយោបាយនេះ។ សំណុំក្តីក្តាំរបស់ប្រធានសហជីពត្រូវបានដោះស្រាយ, អ្នកបាត់បង់សិទ្ធិនយោបាយ នឹងអាចទទួលបានសិទ្ធិនោះត្រឡប់មកវិញតាមនីតិវិធី, រដ្ឋាភិបាលប្តេជ្ញាបន្តដោះស្រាយសិទ្ធិការងារ និងសហជីព ជម្លោះដីធ្លី និងព្រមទាំងមិនបំភ្លេចចោលការលើកតម្កើងសេរីភាពសារព័ត៌មាន។ មានការអធិប្បាយថា សេចក្តីសម្រេចរបស់
រដ្ឋាភិបាលនេះ បានកើតឡើងដោយសារតែមានសម្ពាធពីដៃគូអភិវឌ្ឍន៍។ ប៉ុន្តែលោក Raoul-Marc Jennar ដែលជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា មិនយល់ស្របនឹងអត្ថាធិប្បាយនោះឡើយ ហើយបានអះអាងអំពីសេចក្តីសម្រេចចិត្តដោយឯករាជ្យរបស់រដ្ឋាភិបាលកម្ពុជា។ លោក Raoul-Marc Jennar បាននិយាយអំពីការខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាច ដើម្បីស្តារស្ថានភាពនយោបាយកម្ពុជាឱ្យត្រឡប់មករកប្រក្រតីភាពវិញ ដោយស្មារតីអព្យាក្រឹត។

លោក Raoul-Marc Jennar បានផ្តល់បទសម្ភាសដល់លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ៖

លោក លាង ដឺលុច៖ ដូចលោកដឹងស្រាប់ហើយថា លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រី និងជាប្រមុខការទូតកម្ពុជាបានទស្សនកិច្ចប្រទេសអឺរ៉ុបចំនួនពីរគឺ ហុងគ្រី និងរូម៉ានី ចំពេលដែលកម្ពុជាកំពុងមានបញ្ហាជាមួយសហភាពអឺរ៉ុបក្នុងសំណុំរឿង EBA (Everything But Arms)។ តើទស្សនកិច្ចនោះ មានគោលដៅអ្វីខ្លះ?

លោក Raoul-Marc Jennar៖ តាមពិតគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ។ ដំណើរទស្សកិច្ចនៅប្រទេសរូម៉ានី ត្រូវបានគ្រោងមកជាយូរហើយ។ លោកដឹងទេ? ការខិតខំរបស់លោកឧបនាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាឲ្យនយោបាយការទូតរបស់កម្ពុជាមានភាពរស់រវើក។ យើងត្រូវបង្កើតទំនាក់ទំនងឡើងវិញ ជាមួយប្រទេសដែលកម្ពុជាយើងមានទំនាក់ទំនងតាំងពីឆ្នាំ១៩៩៣មក ឬក៏មុននេះក៏ដោយ។ ឧទាហរណ៍ ដូចជាបើកស្ថានទូតឡើងវិញនៅទីក្រុង គែរ ប្រទេសអេហ្ស៊ីប។ រីឯប្រទេសហុងគ្រីវិញ រដ្ឋាភិបាលហុងគ្រីបានមកដល់កម្ពុជាមុនគេភ្លាមៗ ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការដួលរលំនៃរបបប៉ុលពត។ ដូច្នេះប្រទេសខ្លះបានមានវត្តមាននៅកម្ពុជា ក្នុងពេលដែលកម្ពុជាជួបទុក្ខលំបាកយ៉ាងខ្លាំង ហើយដែលយើងត្រូវបង្កើត និងរឹតចំណងទាក់ទងឡើងវិញជាមួយពួកគេ។

ខ្ញុំចង់ជម្រាបលោកថា ឆន្ទៈរបស់លោកឧបនាយករដ្ឋមន្ត្រី គឺត្រូវធ្វើការងារការទូតផ្នែកនយោបាយផង ការទូតផ្នែកសេដ្ឋកិច្ចផង និងការទូតផ្នែកវប្បធម៌ផង ដែលក្នុងវប្បធម៌នោះ ត្រូវមានវិស័យទេសចរណ៍។

លោក លាង ដឺលុច៖ ដូច្នេះ គឺមិនមែនដោយសារប្រទេសទាំងពីរជាសមាជិករបស់សភាពអឺរ៉ុប ហើយកម្ពុជាត្រូវការសំឡេងគាំទ្រ ឬការជួយពីសមាជិកសភាពអឺរ៉ុប ក្នុងសំណុំរឿង EBA នោះទេ?

លោក Raoul-Marc Jennar៖ វាមិនមែនជាគោលបំណងនៃទស្សនកិច្ចនោះឡើយ។ កម្ពុជាក៏មិនស្នើសុំការគាំទ្រអ្វីដែរ។ ផ្ទុយទៅវិញ បើសិនជាគេសួរ ឬគេលើកឡើងនៅក្នុងកិច្ចពិភាក្សាណាមួយ យើងនឹងពន្យល់ពួកគេ។ យើងនឹងពន្យល់ ទីមួយ ពីអត្តសញ្ញាណនៃគណបក្សប្រឆាំងនៅកម្ពុជា។ ទីពីរ ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាសម្រេចចិត្តធ្វើយ៉ាងដូច្នេះ? និងទីបី គឺពន្យល់អំពីឆន្ទៈរបស់យើងដែលចង់លើកតម្កើងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ អ្វីដែលយើងចង់បាន គឺគណបក្សប្រឆាំងមួយដែលមានការទទួល ខុសត្រូវ ដែលមិនធ្វើប្រជាភិថុត ដែលមិនចេះញុះញង់ប្រើកម្លាំងប្រជាពលរដ្ឋ និងមិនញុះញង់ឲ្យមានការរើសអើងពូជសាសន៍។ យើងចង់បានគណបក្សប្រឆាំងមួយដែលដើរតួជាអ្នករិះគន់ស្ថាបនា។ ខ្ញុំហ៊ានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិតជាយល់យ៉ាងច្បាស់ថា មនុស្សទាំងអស់មិនអាចមានគំនិតដូចគ្នានោះទេ។ នៅក្នុងសង្គមធម្មតាមួយ វាជារឿងធម្មតាដែលមនុស្សមានគំនិតផ្ទុយគ្នា ហើយការណ៍នេះក៏មាននៅក្នុងវិស័យនយោបាយដូចគ្នាដែរ។ ប៉ុន្តែគេត្រូវគោរពគ្នា គោរពស្ថាប័នរដ្ឋ។

លោក លាង ដឺលុច៖ កាលពីថ្ងៃទី៣ ខែធ្នូ រដ្ឋាភិបាល តាមរយៈក្រសួងការបរទេស បានចេញសេចក្តីថ្លែង ការណ៍មួយដែលបានបង្ហាញពីចំណុចចាប់ផ្តើមនៃស្ថានភាពធូរស្រាលនៃភាពតានតឹងក្នុងបរិយាកាសនយោបាយ។ ហេតុអ្វីបានជាមានសេចក្តីថ្លែងការណ៍បែបនេះ នៅពេលនេះ? អ្វីជាដើមចមនៃសេចក្តី ថ្លែងការណ៍នេះ?

លោក Raoul-Marc Jennar៖ មូលហេតុគឺសាមញ្ញទេ។ វាដូចជាមានករណីវះកាត់ជំងឺមួយ បន្ទាប់មកគឺជាស្ថានភាពងើបពីឈឺរបស់អ្នកជំងឺ។ គ្រាន់តែថានៅចន្លោះ ដំណាក់កាលវះកាត់ និងការងើបពីឈឺនេះ វាមានការបោះឆ្នោតមួយ។ ជាធម្មតាទេ បន្ទាប់ពីស្ថានភាពងើបពីឈឺ យើងចង់បានឱ្យអ្វីៗមកជាប្រក្រតីវិញ។ តែយើងត្រូវការពេលវេលា ដើម្បីធ្វើអ្វីៗ ឱ្យមកធម្មតាបាន។

យើងត្រូវការឱ្យមានរដ្ឋសភា។ បើគ្មានរដ្ឋសភា យើងមិនអាចកែច្បាប់បានទេ។ សេចក្តីថ្លែងការណ៍ប៉ុន្មានសន្លឹកនេះ វាគឺជាលទ្ធផលនៃការងារដ៏យូរដែលយើងបានធ្វើ។

លោក លាង ដឺលុច៖ ប៉ុន្តែមានមតិមួយចំនួនដែលគិតថា ប្រហែលរដ្ឋាភិបាលបានបារម្ភពីការដាក់ទណ្ឌកម្មដែរ!

លោក Raoul-Marc Jennar៖ សេចក្តីថ្លែងការណ៍នេះ យើងបានធ្វើវាដោយឯករាជ្យ ដោយគ្មានសម្ពាធ។ ខ្ញុំសូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនធ្វើអ្វីមួយក្រោមបញ្ជារបស់មហាអំណាបរទេសណាមួយឡើយ ទោះបីជា សហរដ្ឋអាមេរិក ចិន ឬសហភាពអឺរ៉ុប។ ពួកគេបានទាមទារឱ្យយើងដោះលែងលោក កឹម សុខា ឱ្យបានមុនបោះឆ្នោត និងផ្តល់សិទ្ធិនយោបាយដល់អ្នកទាំង១១៨។ យើងយល់ថា ការទាមទារនោះ គឺជាសម្ពាធ។ ដូច្នេះ យើងមិនបានធ្វើតាមឡើយ។ រដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលអធិបតេយ្យ។ អ្វីដែលយើងចង់ស្តីបន្ទោសសហភាពអឺរ៉ុប គឺដោយសារតែពួកគេមិនចង់ទទួលស្គាល់ថា យើងគ្រាន់តែអនុវត្តច្បាប់របស់កម្ពុជាប៉ុណ្ណោះ ដែលចែងថា គណបក្សនយោបាយមួយមិនអាចទទួលបានការឧបត្ថម្ភគាំទ្រដោយបរទេសនោះទេ។ នៅលើពិភពលោកយើងនេះ គ្មានប្រទេសណាមួយ ពិសេសនៅអឺរ៉ុប យល់ព្រម និងអនុញ្ញាតឲ្យគណបក្សនយោបាយមួយអាចទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលបរទេស អាចទទួលយកអ្នកជំនាញការ បរទេស ដោយមានគោលដៅផ្តួលរំលំរដ្ឋាភិបាលក្នុងស្រុកតាមរយៈវិធីដែលផ្ទុយពីរដ្ឋធម្មនុញ្ញនោះឡើយ។

ខ្ញុំក៏ឭដែរថា រដ្ឋាភិបាលប្រហែលភ័យខ្លាចចំពោះការដាក់ទណ្ឌកម្ម ដូច្នេះហើយបានជាមានសេចក្តីថ្លែងការណ៍នោះ។ ខ្ញុំអាចនិយាយប្រាប់បានថា មានការប្រជុំពិភាក្សាជាច្រើនរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង និងរដ្ឋមន្ត្រីសំខាន់ៗជាច្រើន ដើម្បីរកដំណោះស្រាយថា តើបន្ទាប់ពីការវះកាត់ និងដំណាក់កាលងើបពីឈឺនេះ យើងត្រូវធ្វើយ៉ាងណាដើម្បីទទួលបានស្ថានភាពធម្មតាវិញនោះ? ឯកអគ្គរាជទូតប៊ែលហ្ស៊ិក បាននិយាយប្រាប់ខ្ញុំថា «សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនោះ គឺល្អណាស់ ប៉ុន្តែត្រូវមានការអនុវត្តជាក់ស្តែង»។ ខ្ញុំបានឆ្លើយតបវិញថា «ត្រូវគោរពអធិបតេយ្យភាពរបស់កម្ពុជា។ បើពួកលោកកាន់តែដាក់សម្ពាធ យើងកាន់តែពន្យាពេល។ យើងមិនអាចធ្វើអ្វី នៅពេលដែលគេយកកាំបិតមកភ្ជង់បំពង់កយើង ដូចដែរពួកលោកបានធ្វើមុនពេលបោះឆ្នោតនោះទេ! វាមិនអាចទៅរួចឡើយ»។

លោក លាង ដឺលុច៖ លោក Jennar! លោកហាក់ដូចជាកំពុងនិយាយប្រាប់ខ្ញុំថា អ្វីៗដែលកើតឡើងនៅពេលនេះ ពិសេសសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល គឺជាអ្វីដែលគណបក្សកាន់អំណាចបានគូសវាសទុករួចហើយ?

លោក Raoul-Marc Jennar៖ ត្រូវហើយ!

លោក លាង ដឺលុច៖ បានន័យថា បើសិនជាដៃគូអភិវឌ្ឍកាន់តែស្ងប់ស្ងាត់ អ្វីៗនឹងកាន់តែល្អប្រសើរ?

លោក Raoul-Marc Jennar៖ សំពាធកាន់តែតិច យើងដោះស្រាយកាន់តែលឿន។ មានរឿងមួយទៀតដែលខ្ញុំត្រូវនិយាយប្រាប់លោក ហើយវាមិនមែនជារឿងដែលអាចធ្វើក្នុងមួយថ្ងៃ ឬពីរថ្ងៃនោះទេ។ គឺការសន្ទនាជាមួយលោក កឹម សុខា។ លោក សម រង្ស៊ី លែងជាភាគីដែលយើងត្រូវរកដំណោះស្រាយជាមួយទៀត ហើយ។ ខ្ញុំក៏បាននិយាយប្រាប់ឯកអគ្គរាជទូតប៊ែលហ្ស៊ិកដែរថា «មិនចាំបាច់សុំអ្វីពីពួកយើងឱ្យ លោក សម រង្ស៊ី នោះទេ! ដឹងតែអត់ហើយ»។

លោកដឹងទេថាហេតុអ្វី? លោកនឹកឃើញទេ ក្រោយការបោះឆ្នោតឆ្នាំ២០១៣? ស្ថានភាពបានឡើងកម្តៅ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមានវប្បធម៌សន្ទនា។ អ្វីៗមានដំណើរការល្អ។
ក្រោយមកមានការទទួលទានអាហារជាលក្ខណៈគ្រួសាររវាងគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារ លោក សម រង្ស៊ី។ តែមួយសប្តាហ៍ក្រោយមក នៅក្នុងសារព័ត៌មានបារាំង Libération លោក សម រង្ស៊ី បានជេរលោកនាយករដ្ឋមន្ត្រី ដោយប្រៀបធៀបទៅ សាដាម ហ៊ូសេន ទៅកាដាហ្វ៊ី ទៅជាជនផ្តាច់ការ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលលោក សម រង្ស៊ី ក្បត់ និងមិនគោរព វប្បធម៌សន្ទនា។ វាបីដូចជាភាគីពីរដែលព្រមព្រៀងគ្នាលើអ្វីមួយ ហើយមានភាគីម្ខាងបានរំលោភលើកិច្ចព្រមព្រៀងយ៉ាងកំរោលអ៊ីចឹងដែរ។ ខ្ញុំជឿច្បាស់ក្នុងចិត្ត ហើយរដ្ឋមន្ត្រីរបស់ខ្ញុំក៏បានអនុញ្ញាត ឱ្យខ្ញុំនិយាយដែរថា ចាប់ពីពេលនេះទៅ គឺគ្មានការព្រមព្រៀងអ្វីទៀតឡើយជាមួយលោក សម រង្ស៊ី។ ខុសពីលោក កឹម សុខា។

ទម្រាំមកដល់ដំណាក់កាលនេះ យើងបានធ្វើការងារច្រើនណាស់។ ដូច្នេះហើយបានជាខ្ញុំចង់និយាយថា វាពិតជាខុស ដែលមានអ្នកខ្លះគិតថា ការចេញសេចក្តីថ្លែងការណ៍កន្លងទៅនេះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជាភ័យខ្លាចពីការគំរាមកំហែងរបស់សហភាពអឺរ៉ុប។ យើងមានរបៀបធ្វើការងាររបស់យើង។ យើងដឹង ខ្លួនឯង ថាយើងចង់បានអ្វី៕
ប្រភព៖ សារព័ត៌មានថ្មីៗ

អត្ថបទទាក់ទង