ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា
ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៖ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគ រវាងប្រទេសទាំងពីរឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើសុំលោកជំទាវ Susana Malcorra រដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគ និងពាណិជ្ជករអាហ្សង់ទីន ដែលមានមូលដ្ឋាននៅអាស៊ីមកធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា។ នេះបើយោងតាមចុះផ្សាយរបស់ទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មនេះថ្ងៃនេះ។
ទំព័រហ្វេប៊ុកដដែលបានបន្តថា ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោកជំទាវ Susana Malcorra រដ្ឋមន្រ្តីអាហ្សង់ទីន និងជាប្រធានអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច វិនិយោគរបស់កម្ពុជា ក្នុងនោះឯកឧត្តមបានបញ្ជាក់ពីលក្ខខណ្ឌដ៏ប្រសើរនៃបរិយាកាសវិនិយោគ និងទីតាំងភូមិសាស្រ្តនៃប្រទេសកម្ពុជាដែលងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើលោកជំទាវរដ្ឋមន្ត្រី ជួយរកវិធីសាស្រ្ត និងយុទ្ធសាស្រ្តជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលទំហំពាណិជ្ជកម្មនាពេលបច្ចុប្បន្នមានទំហំប្រមាណ ២៧ លានដុល្លារអាមេរិក។ ប្រទេសអាហ្សង់ទីន និងបណ្តាប្រទេសនៅទ្វីបអាមេរិកខាងត្បូងអាចជាទីផ្សារថ្មីបន្ថែមទៀតសម្រាប់ផលិតផលកម្ពុជា។ រីឯពេលបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរអាហ្សង់ទីនមកកម្ពុជាមានចំនួនប្រមាណជាង ១ ម៉ឺននាក់។
ឆ្លើយតបនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ Susana Malcorra បញ្ជាក់ថានឹងពាំនាំសំណើរនេះជូនក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិចារណា។
#អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់