ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ ចូលរួមពិធីខួប១០ឆ្នាំរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងពិធីពុទ្ធាភិសេកព្រះពុទ្ធអង្គធំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 61
រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ ចូលរួមពិធីខួប១០ឆ្នាំរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងពិធីពុទ្ធាភិសេកព្រះពុទ្ធអង្គធំ រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ ចូលរួមពិធីខួប១០ឆ្នាំរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងពិធីពុទ្ធាភិសេកព្រះពុទ្ធអង្គធំ

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បាន​ចូលរួមក្នុងពិធីអបអរខួប១០ ឆ្នាំរបស់សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងពិធីពុទ្ធាភិសេកព្រះពុទ្ធអង្គធំ ដែលធ្វើឡើងក្រោមវត្តមានចូលរួមពីមន្រ្តីរាជការ អ្នកជំនាញការជាតិ អន្ដរជាតិ និងភ្ញៀវអន្ដរជាតិប្រមាណ ១០០នាក់។ ក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធអង្គធំ ក៏មានការនិមន្តព្រះសង្ឃ ដើម្បីរៀបចំទៅតាមពិធីសាសនាផងដែរ។

ដើមហេតុនៃការបង្កើតសារមន្ទីរនេះ គឺនៅឆ្នាំ២០០១ សាកលវិទ្យាល័យសូហ្វីយ៉ា និងបុរាណវិទូខ្មែរ បានធ្វើកំណាយសិក្សាស្រាវជ្រាវនៅប្រាសាទបន្ទាយក្ដី ហើយប្រទះរូបចម្លាក់ចំនួន ២៧៤ បំណែក ដែលស្ថិតនៅក្នុងរណ្ដៅកំណាយនៅពេលនោះ។ ភ្លាមៗ បំណែករូបចម្លាក់ទាំងអស់ ត្រូវបាននាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅសាកលវិទ្យាល័យ សូហ្វីយ៉ា។ នៅឆ្នាំ ២០០៣ លោក តាគីយ៉ា អូកាដា ប្រធានកិត្ដិយសនៃក្រុមហ៊ុន អ៊ីអុង ជប៉ុន បានទស្សនាមជ្ឈមណ្ឌល សូហ្វីយ៉ា នៅសៀមរាប ហើយក៏មានបំណងបង្កើតសារមន្ទីរមួយដើម្បីតម្កល់ និងថែរក្សារូបចម្លាក់ទាំងនោះ។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧។ សារមន្ទីរនេះសាងសង់ឡើងដោយមានការឧបត្ថម្ភពីក្រុមហ៊ុន អ៊ីអន(AEON) របស់ជប៉ុន តាមរយៈមូលនិធិ ១% ហើយត្រូវបានប្រសិទ្ធនាមថា «សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ»។

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់ចំណេះដឹងដល់ម្ចាស់ស្រុក អ្នកស្រាវជ្រាវ ជាពិសេសសិស្សនិស្សិត អំពីតម្លៃដ៏អស្ចារ្យនៃវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ដ និងសាសនារបស់ខ្មែរ ហើយក៏ជាកន្លែងតម្កល់ ថែរក្សា ជួសជុល នូវរូបចម្លាក់ និងវត្ថុបុរាណដែលបានស្រាវជ្រាវរកឃើញនៅរមណីដ្ឋានអង្គរ ក៏ដូចជាតាមបុរាណដ្ឋាននានាមកបង្ហាញសាធារណជន។

ទាក់ទងនឹងព្រះពុទ្ធអង្គធំ ដែលមានកម្ពស់ ៦ម៉ែត្រ ដែលតម្កល់នៅមុខសារមន្ទីរ គឺសាងសង់ឡើងដោយលោកស្រី Sulata Mitra Sarkar ដែលជាជនជាតិឥណ្ឌា ហើយកសាងរួចរាល់នៅឆ្នាំ ២០១១មកម្លេះ។ គោលបំណងនៃការសាងសង់នេះ ដើម្បីសុំសេចក្តីសុខសន្ដិភាព និងភាពសុខដុមរមនា ក៏ដូចជាទីសក្ការៈដល់ប្រជាជនខ្មែរទូទៅ។ អាជ្ញាធរជាតិអប្សរា ក៏បានចូលរួមជួយឧបត្ថម្ភក្នុងការសាងសង់ផងដែរ ដូចជាការផ្តល់ដីសាងសង់ សំណង់ដំបូល គ្រឹះតម្កល់បដិមា និងស្រះឈូក។

គួរបញ្ជាក់ថា ដើម្បីអបអរពិធីខាងលើនេះ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ក៏បានរៀបចំពិព័រណ៍ខ្នាតតូចមួយបន្ថែមស្ដីពីព្រះពុទ្ធជាគ្រូថ្នាំ និងការបើកឱ្យទស្សនាដោយឥតគិតថ្លៃចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៦ ខែធ្នូ៕

អត្ថបទទាក់ទង