ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជំរុញថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យខិតខំបំពេញការងារដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី កាន់តែមានគុណភាពនិងប្រសិទ្ធភាព

ដោយ៖ Sreyleak ​​ | 15 ម៉ោងមុន ព័ត៌មានទូទៅ 160
ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជំរុញថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យខិតខំបំពេញការងារដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី កាន់តែមានគុណភាពនិងប្រសិទ្ធភាព ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជំរុញថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យខិតខំបំពេញការងារដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី កាន់តែមានគុណភាពនិងប្រសិទ្ធភាព

(រាជធានីភ្នំពេញ) ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តឯកសារ​សំខាន់ចំនួន២គឺ «ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តីឆ្នាំ២០២៤២០២៨» និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី២០២៤២០២៨» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីប្រមាណ៥០០រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងរំលេចពីសមិទ្ធផលធំៗជាច្រើនដែល​ទីស្តីការ​គណៈរដ្ឋមន្ត្រីសម្រេចបាននាដើមនីតិកាលទី៧ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគណៈ​រដ្ឋមន្ត្រី។រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១» ក្នុងនោះ ស្នូលនៃយុទ្ធសាស្រ្ត គឺផ្តោតលើការកែទម្រង់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ហើយ «បច្ចេកវិទ្យាឌីជីថល»ជាអាទិភាព​គន្លឹះ ដើម្បីធានានិរន្តរភាពតួនាទី សំដៅគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រនៃការកែទម្រង់របស់​រាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្រ្តីបានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤២០២៨» និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤២០២៨» ជាមគ្គទេសក៍សម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ក្តិសិទ្ធិភាពនិងធានាឱ្យបាននូវនិរន្តរភាព​ការងារក្នុងការបំពេញបេសកកម្មស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី។ ផែនការយុទ្ធសាស្ត្រនេះ នឹងរួមចំណែកកសាងស្ថាប័នព្រមទាំងការកសាងមូលធនមនុស្ស តាមរយៈការដាក់ចេញនូវផែនការសកម្មភាពច្បាស់លាស់ និងត្រូវអនុវត្តស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធ​តួអង្គតែមួយ» ដើម្បីធានាឱ្យបាននូវ «ប្រសិទ្ធភាពសមិទ្ធកម្ម» ទន្ទឹមនេះ«ផែនទីបង្ហាញផ្លូវស្តីពីការជំរុញ​បរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី២០២៤២០២៨» នឹងជួយជំរុញការចូលរួមធ្វើបរិវត្តកម្មឌីជីថល ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃប្រព័ន្ធការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ ដែលទីស្តីការគណៈរដ្ឋមន្ត្រីមានផែនការយុទ្ធសាស្ត្រ ដែលជាឯកសារមានចរិតជាយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្ថាប័ន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានក្រើនរំលឹកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ទិស្តីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមរបស់ សម្តេចតេជោ ហ៊ុន សែន គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំង៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្តល់នូវអនុសាសន៍សំខាន់៦ចំណុច ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដូចតទៅ៖ ទី១. ត្រូវចូលរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវនេះឱ្យបានជោគជ័យ ដោយប្រកាន់ភ្ជាប់នូវ​ស្មារតីបុរេសកម្ម និងសកម្ម ចូលរួមចំណែកសម្រេចឱ្យបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល​​ទី១ របស់រាជរដ្ឋាភិបាល។ ទី២. ត្រូវតម្កល់ និងប្រកាន់ខ្ជាប់ឱ្យបាននូវគុណតម្លៃស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ទី៣. ត្រូវបន្តបង្កើនគុណភាព ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងធានាឱ្យបាននូវនិរន្តរភាពការងារក្នុងការបំពេញបេសកកម្មស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបណ្តុះវប្បធម៌ «រៀនសូត្រជារៀងរហូត និងរៀនផងធ្វើផង» ទី៤. ត្រូវប្រើប្រាស់ឯកសារទាំងពីរនេះជាគោលក្នុងការរៀបចំផែនការអភិវឌ្ឍន៍ស្ថាប័នផែនការថវិកា និងផែនការសកម្មភាពផ្សេងៗទៀត។ ទី៥. ត្រូវផ្ដោតលើការអនុវត្តសកម្មភាពការងារដែលបានកំណត់នៅក្នុងឯកសារទាំងពីរប្រកបដោយគណនេយ្យភាព និងទី៦. ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងវាយតម្លៃប្រកបដោយតម្លាភាព ក្រមសីលធម៌វិជ្ជាជីវៈ និងគណនេយ្យភាព។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជារួមដែលទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចបាន ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងរយៈកាលកន្លងមក តាមរយៈការអនុវត្តសកម្មភាពការងារក្នុងស្មារតីបុរេសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ នៅក្នុងឱកាសនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ជាកិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ៕

អត្ថបទទាក់ទង