ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីនេប៉ាល់ ​កោតសរសើរពីការរីកចម្រើននៅកម្ពុជា និងប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-នេប៉ាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 9
នាយករដ្ឋមន្រ្តីនេប៉ាល់ ​កោតសរសើរពីការរីកចម្រើននៅកម្ពុជា និងប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-នេប៉ាល់ នាយករដ្ឋមន្រ្តីនេប៉ាល់ ​កោតសរសើរពីការរីកចម្រើននៅកម្ពុជា និងប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-នេប៉ាល់

នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់។

នៅក្នុងជំនួបនេះផងដែរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់ប្រទេសនេប៉ាល់ លោកក៏បានអរគុណចំពោះលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិចឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ។

លោកនាយករដ្ឋមន្ត្រីនេប៉ាល់​ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់​ទុកថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព។ លោកបានមានមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៧៥ មកម្ល៉េះ លោកក៏បានកត់សម្គាល់អំពីស្ថិរភាពនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងបានអបអរសាទរផងដែរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក ទន្ទឹមនឹងនេះលោកក៏បានមើលឃើញពីការរីកចំរើនជាច្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បានមានប្រសា សន៍ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ប្ដូរបទពិសោធន៍គ្នាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍទាំងសងខាង ហើយលោកក៏បានជំរាបជូនអំពីការវិវឌ្ឍរបស់ប្រទេសនេប៉ាល់កន្លង មកនេះ ជាពិសេសការបោះឆ្នោតដោយលទ្ធិប្រជាធិប តេយ្យក្នុងការបង្កើតប្រព័ន្ធសហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេសនេប៉ាល់មានស្ថិរភាព និងបានប្រែក្លាយប្រទេសគាត់អោយមានការរីកចំរើនជាលំដាប់ដោយឈរលើគោលការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនេប៉ាល់រស់នៅមានភាពល្អប្រសើរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកពិតជាអរគុណចំពោះលោកនា​យកមន្ត្រីនេប៉ាល់ ដែលបានផ្តល់កិត្តិយសអោយលោកអញ្ជើញបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ជាពិសេសអរគុណក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់កាលពីខែកញ្ញា ២០១៨ នៅទីក្រុងញូវយ៉ក ក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិ។ លោក​ ក៏បានមានប្រសាសន៍ផងដែរថា ក្នុងជំនួបទ្វេភាគីនេះចាត់ទុកថាឆ្នាំ២០១៩ខាងមុខនេះគឺជាខួបលើកទី៥៥ផងដែរនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណដល់លោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្ញើសារអបអរសាទរខួប៦៥ឆ្នាំនៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ និងអរគុណចំពោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ផងដែរ​ ដែលបានផ្ញើសារចំពោះភាពជោគជ័យរបស់គណបក្សប្រជាជនដែលជាប់ឆ្នោតកន្លងមកនេះ។ លោក​ បានបន្តថា តាមពិតលោកចង់មកទស្សនកិច្ចនៅប្រទេសនេប៉ាល់យូរមកហើយ ប៉ុន្តែមិនអាចឆ្លៀតពេលបាន។ ប្រទេសនេប៉ាល់នេះគឺជាប្រទេសទីកន្លែងកំណើតដែលព្រះពុទ្ធបានប្រសូត លោកក៏អរគុណប្រទេសនេប៉ាល់ផងដែរ ដែលបានបានផ្ដល់ដីសម្រាប់សង់ប្រាសាទ និងវត្តនៅប្រទេសនេប៉ាល់នេះ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវការលំបាកជាច្រើនជាពិសេសឆ្លងកាន់សម័យសង្រ្គាមរហូតដល់សម័យប្រល័យពូជសាសន៍ ប៉ុន្តែអ្វីដែលសំខាន់កម្ពុជាបានសង្គ្រោះជាតិឡើងវិញ ហើយលោកបានជំរាបជូនលោកនាយករដ្ឋមន្ត្រីនេប៉ាល់ថា ឆ្នាំនេះកម្ពុជានឹងប្រារព្ធខួប២០ឆ្នាំ នៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ ក្នុងការបង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម ពីប្រទេសដែលមានតំបន់ត្រួតត្រាច្រើនមកជាប្រទេសដែលមានតំបន់ត្រួតត្រា១ រដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងទទួលបាននូវសុខសន្តិភាព។ ជាមួយគ្នានោះ លោក ក៏បានសំដែងការអបអរសាទរចំពោះប្រទេសនេប៉ាល់ដែលទទួលបាននូវសុខសន្តិភាព ក្នុងនោះលោកក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាង​ណាអោយប្រទេសទាំងពីរមានផ្លាស់ប្ដូរបទ​ពិសោធន៍ពីគ្នាទៅវិញទៅមកដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្តែមទៀត។​

ចំពោះទំនាក់ទំនងទ្វេភាគីវិញ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា កម្ពុជានឹងបើកស្ថានទូតនៅទីក្រុងកដ្ឋមណ្ឌូប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់អាចបង្កើតស្ថានទួតនៅទីក្រុងភ្នំពេញផងដែរ។ លោកក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលត្រូវជំរុញនាពេលបច្ចុប្បន្ននេះគឺត្រូវធ្វើយ៉ាងណាជំរុញកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានការរីកចម្រើនឈាន​ឡើង ជាពិសេសនៅថ្ងៃនេះនឹងមានការចុះហត្ថលេខាលើឯកសារ៤សំខាន់ដូចជាទាក់ទងនឹងការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ​ សេដ្ឋកិច្ច​ និង​វប្បធម៌​៕

អត្ថបទទាក់ទង