រកឃើញអ្នកឈ្នះជ័យលាភី ការប្រកួតវីដេអូខ្នាតខ្លីស្តីពី បរិស្ថាន ពានរង្វាន់អប្សរា ឆ្នាំ២០១៨
កម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថាន ពានរង្វាន់អប្សរា ឆ្នាំ២០១៨ បានបិទបញ្ចប់នារសៀលថ្ងែទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានរកឃើញអ្នកឈ្នះហើយ គឺជ័យលាភីលេខ១ បានទៅលើ ភិក្ខុ អេន បញ្ញា និពន្ធរឿង«ដៃរបស់ខ្ញុំ» គឺទទួលបានពាន១ ប័ណ្ណសសើរ១ និងថវិកា ៥លានរៀល ជ័យលាភីលេខ២បានទៅលើក្រុម លោក បូ ភក្ត្រា «រឿងភ្លើងសំរាម»ដោយទទួលបានប័ណ្ណសរសើរ១ ថវិកា ៣លានរៀល ជ័យលាភីលេខ៣បានទៅលើក្រុម លោក មៃ លីអ៊ាង «រឿងក្រោមមេឃតែមួយ» ដោយទទួលបានប័ណ្ណសរសើរ១ ថវិកា ២លានរៀល និងជ័យលាភីលេខ៤ បានទៅលើក្រុមលោក ម៉ើត អះម៉ាត់ និពន្ឋ«រឿងបរិស្ថាន» ដោយទទួលបានប័ណ្ណសរសើរ១និងថវកា ១លានរៀល។
ពិធីប្រគល់ពានរង្វាន់ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្រ្តី សាយ សំអាល់ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងបរិស្ថាន វិស័យឯកជន អង្គការសង្គមស៊ីវិលធ្វើការលើវិស័យបរិស្ថាន សិស្ស និស្សិតជាច្រើននាក់។
លោក ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុនិងទូរទស្សន៍អប្សរាបានឲ្យដឹងថា ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និង ក្រសួងព័ត៌មាន កម្មវិធីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថានពានរង្វាន់ទូរទស្សន៍អប្សរាឆ្នាំ២០១៨ បានចាប់ផ្តើមក្រោមប្រធានបទ ការអភិរក្សជីវៈចម្រុះ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱកាសសម្រាប់យុវជនកម្ពុជា អាយុចន្លោះពី១៨ឆ្នាំ ទៅ២៥ឆ្នាំ បានបញ្ចេញស្នាដៃ និងគំនិតច្នៃប្រឌិត តាមរយៈការផលិតជាវីដេអូខ្នាតខ្លី ដើម្បីចូលរួមអប់រំ និងផ្សព្វផ្សាយបរិស្ថាន។ ការប្រកួតស្នាដៃយុវជន រៀបចំឡើងលើកទឹកចិត្តដល់យុវជនផ្សេងទៀត ក៏ដូចជាមហាជនទូទៅ ផ្លាស់ប្តូរទម្លាប់ដោយចេះអនាម័យ គ្រប់គ្រងសំរាម ប្លាស្ទិក និងចូលរួមការពារបរិស្ថាន តាមរយៈការផ្សព្វផ្សាយឯកសារនៃវីដេអូខ្លី តាមប្រព័ន្ធផ្សព្វផ្សាយនានា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ខៀវ កាញារិទ្ធ បានកោតសរសើរ និងគាំទ្រចំពោះក្រសួងបរិស្ថាន និងស្ថានីយទូរទស្សន៍អប្សរាដែលបានបង្កើតកម្មវិធីប្រកួតនេះឡើង និងលើកទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់ និងគោរពបរិស្ថាន។ លោក ខៀវ កាញារិទ្ធ ចាត់ទុកថា ការរៀបចំការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន បានបង្កើតបានផលិតករវ័យក្មេង ដែលផលិតបាននូវវីដេអូខ្លី មានខ្លឹមសារអប់រំប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋយើង មានការយល់ដឹងអំពីគ្រោះថ្នាក់ បណ្តាលមកពីប្លាស្ទិក ហើយជួយឲ្យពួកគាត់ចេះរក្សាទុកថង់ប្លាស្ទិកឲ្យបានត្រឹមត្រូវផងដែរ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថានពានរង្វាន់អប្សរាឆ្នាំ២០១៨នេះ ដំណើរការចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដោយ មានបេក្ខជន ជាយុវជន យុវនារី អាយុចន្លោះពី១៨ ទៅ២៥ឆ្នាំ ចំនួន៣៥ក្រុមឬនាក់ បានដាក់ពាក្យចូលរួមប្រកួត ហើយ្លងកាត់វគ្គជម្រុះមានតែ២១ក្រុម បានឈានជើងចូលវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត ហើយជាលទ្ធផលកម្មវិធីជ្រើសរើសបានចំនួន៤ក្រុមចុងក្រោយឈានចូលវគ្គផ្តាច់ព្រាត់ ដែលបានរៀបចំឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមរយៈការវាយតម្លៃរបស់គណៈកម្មការ៣រូប មកពីក្រសួងបរិស្ថាន ក្រសួងតព័ត៌មាន និងផលិតករឯករាជ្យ។ បេក្ខជនជ័យលាភីវគ្គផ្តាច់ព្រ័ទទួលបានពិន្ទុបន្ថែមពីការចូលទស្សនា និងគាំទ្រ like និង view តាមរយៈ Facebook Page: អប្សរាសង់ត្រាល់ apsaracentral៕