សម្ដេចតេជោ ហ៊ុន សែន៖ កងទ័ពនឹងប្តឹងលោក សម រង្ស៊ី ពីបទក្បត់ជាតិ ក្រោយពីបានញុះញង់កងទ័ពឲ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង ១៥,៧៤២នាក់ មកពីរោងចក្រនានាក្នុងតំបន់អូឌឹម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បានប្រកាសថា កងទ័ពទាំងអស់នៅកម្ពុជា នឹងដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ពីបទក្បត់ជាតិ ក្រោយពីបានញុះញង់កងទ័ពឲ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍យ៉ា់ងដូច្នេះថា «ថ្ងៃនេះខ្ញុំដឹងថា អគ្គមេបញ្ជាការកងទ័ពកម្ពុជា កងយោធពលខេមរភូមិន្ទ រួមនឹងនាយទាហានដទៃទៀត នឹងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ព្រោះនេះជាបទល្មើសក្បត់ជាតិ ជាបទល្មើសញុះញង់ ហើយកងទ័ពមិនគោរពបទបញ្ជា»។
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបង្ហាញប្រាប់ពលរដ្ឋកម្ពុជាទាំងអស់ថា ការអំពាវនាវនេះហើយដែលសម្ដេចថា កម្ពុជានឹងមានសង្គ្រាមបើអវត្តមានរបស់សម្ដេច ព្រោះក្រុមអតីតគណបក្សប្រឆាំង ជាអ្នកបង្កើតនូវព្រឹត្តិការណ៍ទាំងនោះ ជាក់ស្ដែងកាលពីឆ្នាំ២០១១ អំពាវនាវម្ដង ហើយឆ្នាំ២០១៧នេះក៏បានអំពាវនាវម្ដងទៀត។
សម្តេចតេជោ បានលើកឡើងថា ព្រោះតែមហិច្ឆតាដ៏ពិសពុលទាំងអស់នេះហើយ ទើបសម្តេចសម្រេចកម្ចាត់ជនក្បត់ជាតិ ក្រុមអតីតគណបក្សសង្គ្រោះជាតិ ហើយតុលាការក៏បានសម្រេចរំលាយគណបក្សមួយនេះ ហើយនឹងបន្ដនីតិវិធីចំពោះជនក្បត់ជាតិផងដែរ។
ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្ដឹងនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះថា ពាក្យបណ្ដឹង បានរៀបចំរួចរាល់អស់ហើយ ហើយអាចនឹងដាក់ចូលទៅតុលាការនៅរសៀលថ្ងៃនេះ៕