ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកម្ពុជា បើកឆាកឆ្នាំថ្មី មានរបៀបវារៈសំខាន់ៗអ្វីខ្លះ?

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 78
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកម្ពុជា បើកឆាកឆ្នាំថ្មី មានរបៀបវារៈសំខាន់ៗអ្វីខ្លះ? កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកម្ពុជា បើកឆាកឆ្នាំថ្មី មានរបៀបវារៈសំខាន់ៗអ្វីខ្លះ?

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានប្រជុំពិភាក្សា ដើម្បីឆ្លងនូវសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងគោលនយោបាយដែលសំខាន់ៗមួយចំនួន។ ហើយនៅមុននេះ កិច្ចប្រជុំបានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)»

យោងតាមប្រសាសន៍របស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលតាត់តែងថ្មីនេះ ត្រូវបានរៀបចំក្នុងគោលបំណងកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា «ថវិកាសមិទ្ធកម្ម» ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី)នេះ ធ្វើឡើងដោយស្របតាមយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលបានកំណត់យកម៉ូដែល «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ដែលជាប្រព័ន្ធសមស្របសម្រាប់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច។

សូមបញ្ជាក់ថាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ គឺជាការបើកទំព័រថ្មីលើកដំបូងហើយក្នុងឆ្នាំ២០២៣នេះ ដោយក្នុងនោះរបៀបវារៈមានដូចជា៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
២៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត
៣៖ សេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨
៤៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧
៥៖ បញ្ហាផ្សេងៗ៕

អត្ថបទទាក់ទង