ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈវិភាគ៖ ក្រុមដែលធ្វើយុទ្ធនាការ វាយប្រហាររឿងទេសចរណ៍កម្ពុជា គឺបង្កប់គោលដៅបំផ្លាញផលប្រយោជន៍ជាតិតែម្តង!

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ 196
ទស្សនៈវិភាគ៖ ក្រុមដែលធ្វើយុទ្ធនាការ វាយប្រហាររឿងទេសចរណ៍កម្ពុជា គឺបង្កប់គោលដៅបំផ្លាញផលប្រយោជន៍ជាតិតែម្តង! ទស្សនៈវិភាគ៖ ក្រុមដែលធ្វើយុទ្ធនាការ វាយប្រហាររឿងទេសចរណ៍កម្ពុជា គឺបង្កប់គោលដៅបំផ្លាញផលប្រយោជន៍ជាតិតែម្តង!

ថ្មីៗនេះមានការរិះគន់ វាយប្រហារលើរដ្ឋាភិបាលជុំវិញបញ្ហាស្ងាត់ភ្ញៀវទេសចរនៅតំបន់មួយចំនួនក្នុងខេត្តសៀមរាប ដោយភ្ជាប់ជាមួយនឹងការបិទអាជីវកម្មខ្លះៗ ដោយពួកអ្នកផ្សព្វផ្សាយរឿងនេះបានដាក់កំហុសទៅលើរដ្ឋាភិបាលទាំងស្រុង បើទោះបីជាពួកគេដឹងថា ពិភពលោកទាំងមូលកំពុងតែជួបនឹងវិបត្តិសេដ្ឋកិច្ច ប្រជាជនលើពិភពលោកកំពុងប្រឈមនឹងការពិបាករកចំណូល និងការចំណាយកើនខ្ពស់។ ករណីវិបត្តិនេះ សូម្បីក្រុមហ៊ុនម៉ាកយីហោល្បីៗលំដាប់ពិភពលោក ដែលមានទីតាំងនៅតាមបណ្តាប្រទេសរីកចម្រើនជឿនលឿនមួយចំនួនក៏មានបិទទ្វារផងដែរ។ មួយវិញទៀតបញ្ហាសង្គ្រាមដែលកំពុងផ្ទុះឡើងនៅបណ្តាប្រទេសមួយចំនួន ក៏កំពុងតែបាននឹងបង្កវិនាសកម្មដ៏ធំធេង និងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ លើសពីនេះបញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងប្រទាញប្រទង់គ្នារវាងប្រទេសមហាអំណាច ក៏បានធ្វើឱ្យប្រទេសជាច្រើនកំពុងតែប្រឈមនិងការលំបាកផងដែរ។

សម្រាប់អាជីវកម្មបិទទ្វារ វាមានកត្តាច្រើនណាស់ ជាក់ស្តែងក្នុងករណីដែលក្រុមអ្នកវាយប្រហារលើកឡើងថាមានហាងសាច់អាំងមួយកន្លែងនៅខេត្តសៀមរាបបានបិទទ្វារ ពួកគេចោទប្រកាន់លើរដ្ឋាភិបាលអសមត្ថភាព មានអំពើពុករលួយអីជាដើម ទាំងដែលពួកអ្នកផុសវាយប្រហារនោះ មិនបានសិក្សាឱ្យស៊ីជម្រៅថា តើហាងដែលបិទទ្វារនោះ បានផ្តល់សេវាកម្មល្អដល់អតិថិជនហើយឬនៅ ការរៀបចំទីតាំងទាក់ទាញឬនៅ? រសជាតិអាហារឈ្ងុយឆ្ងាញ់ជាប់ចិត្តភ្ញៀវឬអត់? ការគ្រប់គ្រងអាជីវកម្មរបស់គាត់យ៉ាងម៉េចដែរ? ទាំងនេះសុទ្ធតែជាបញ្ហាដែលនៅពីក្រោយការបិទទ្វារ។ ដូច្នេះយើងមិនអាចទម្លាក់កំហុសទាំងអស់ថា ឱ្យតែមានអាជីវកម្មណាមួយបិទទ្វារគឺមកពីរាជរដ្ឋាភិបាលនោះទេ។ រាជរដ្ឋាភិបាលដើមអាណត្តិថ្មីនេះតែងបានបង្ហាញសកម្មភាពចូលរួមជាមួយវិស័យឯកជន ជាពិសេសអាជីវកម្មធុនតូចនិងមធ្យមដែលហៅថា SME គឺរដ្ឋយកចិត្តទុកដាក់ បន្ធូរបន្ថយពន្ធ ជួយសម្រួលការបណ្តុះបណ្តាញជំនាញបន្ថែម ជួយស្វែងរកដៃគូវិនិយោគមក រហូតផ្តួចផ្តើមចងជាសមាគមដើម្បីជួយជ្រោមជ្រែងដោះស្រាយបញ្ហារបស់អ្នករកស៊ីដែលជួបប្រទះថែមទៀតផង។

អ្វីដែលយើងគួរចាប់អារម្មណ៍នោះគឺ ក្រុមអ្នកវាយប្រហារបានប្រមូលគ្នាជាពួកធ្វើការដូចខ្យងបណ្តាក់គ្នា ដើម្បីបង្ហោះសាររិះគន់ វាយប្រហារ លើទិដ្ឋភាពទេសចរនៅកម្ពុជា ដោយយកករណីខេត្តសៀមរាបក្នុងតំបន់ខ្លះមក លាបពណ៌ថាស្ថានភាពទេសចរក្នុងស្រុកទាំងស្រុងកំពុងតែដុនដាបខ្លាំង ខណៈដែលអ្នកទាំងនោះក៏មានទាំងសកម្មជនបក្សប្រឆាំង អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងសារព័ត៌មានដែលគាំទ្រនយោបាយប្រឆាំងកម្ពុជាផងដែរ។ តាមការសង្កេតពួកគេបានរួមដៃគ្នាដើម្បីជាន់ពន្លិចបន្ថែម ពីការលំបាករបស់រាជរដ្ឋាភិបាល និងអាជីវកម្ម ពួកគេមិនបានជួយអ្វីទាល់តែសោះ។

ក្រុមអ្នកវាយប្រហារខ្លះ មិនដែលសូម្បីតែផុសរូបភាពល្អៗពីកម្ពុជា មិនដែលអំពាវនាវឱ្យបរទេសចូលមកកម្ពុជា មិនដែលមានចិត្តចង់ចូលរួមចំណែកជួយលើកស្ទួយទេសចរណ៍កម្ពុជានោះឡើយ ប៉ុន្តែបេសសកម្មរបស់ពួកគេគឺជាន់ពន្លិច និងបំផ្លាញកម្ពុជាក្នុងគ្រប់ទម្រង់និងគ្រប់វិស័យតាមដែលពួកគេអាចធ្វើទៅបាន។ នេះជាចេតនាដ៏ខ្មៅកង្វក់និងគួរឱ្យស្អប់ខ្ពើម ក្នុងនាមជាជាតិសាសន៍ខ្មែរ ប៉ុន្តែធ្វើនយោបាយបម្រើបរទេស ហ៊ានធ្វើសូម្បីតែដឹងថាត្រូវខូចខាតមុខមាត់និងផលប្រយោជន៍ជាតិនិងប្រជាជន។ ជាក់ស្តែងពួកគេ បានយកប្រទេសជិតខាង មកប្រៀបធៀបជាមួយកម្ពុជា សរសើរប្រទេសគេថាល្អ ទើបមានទេសចរណ៍ច្រើន ប្រទេសកម្ពុជាអាក្រក់ចេះអាក្រក់ចុះទើបបានជាស្ងាត់ ឬគ្មានអ្នកចង់មកលេង។ សួរថាតើប្រជាជនប្រទេសជិតខាង គេដែលលើកកម្តើងជាតិសាសន៍ដទៃ ហើយវាយប្រហារប្រទេសខ្លួនឯងដែរឬទេ? គឺអត់ទេ! ជាតិសាសន៍គេ គេតែងការពារមុខមាត់និងផលប្រយោជន៍ប្រទេសរបស់គេ ទោះបីប្រទេសគេមានរឿងអាក្រក់ៗ ឬភាពចលាចលណាមួយគឺប្រជាជនគេចូលរួមនិងព្យាយាមលាក់បាំងដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់និងផលប្រយោជន៍ជាតិ។ ផ្ទុយពីប្រទេសជិតខាង ក្រុមប្រឆាំងខ្លះ បង្កើតជាចលនាផ្សព្វផ្សាយបន្ទរគ្នា ដើម្បីបង្ហាញឱ្យឃើញរូបភាពដ៏អាក្រក់ណាមួយពីប្រទេសខ្លួនឯង។ សួរថាប្រទេសណាមិនមានរឿងមិនល្អ? ប្រទេសណាមិនខ្វះចន្លោះក្នុងការដឹកនាំ? លើពិភពលោកដូចតែគ្នាទេតែសំខាន់ពលរដ្ឋយើងត្រូវជួយគ្នាធ្វើអ្វីដែលចំណេញដល់ផលប្រយោជន៍ជាតិ។ កុំវាយប្រហារ កុំលាបពណ៌ កុំជាន់ពន្លិចប្រទេសខ្លួនឯង។ ដូចរឿងទេសចរណ៍ចឹង សួរថាបើស្ងាត់ភ្ញៀវយើងជួយផ្សព្វផ្សាយទៅក្នុងនាមជាខ្មែរ កុំចេះតែស្តីបន្ទោសរដ្ឋាភិបាល ចុះយើងអ្នកផុសវាយប្រហារដែលមានជួយបានអ្វីខ្លះ? ខ្លះធ្វើនយោបាយប្រឆាំងប្រទេសខ្លួនឯងគ្រប់រឿង រហូតរត់ទៅនៅស្រុកក្រៅហើយនៅងាកមកវាយប្រហារប្រទេសខ្លួនឯងទៀត។ សួរដូចឆោតរាល់ថ្ងៃមានដែលផុសផ្សព្វផ្សាយជួយគាំទ្រដល់ផលប្រយោជន៍ជាតិខ្លួនឯងខ្លះនៅ? បើមិនទាន់ធ្វើទេចាប់ផ្តើមធ្វើទាំងអស់គ្នាទៅ។

ជាការពិតក្នុងនាមជាជាតិខ្មែរតែមួយ ទោះយើងជាពលរដ្ឋក៏ដោយ ឬជាសកម្មជននយោបាយក៏ដោយ ជួយមួយដៃមួយជើងទៅ បើថាស្ងាត់ភ្ញៀវជួយតាមមធ្យោបាយរៀងៗខ្លួនដើម្បីផ្សព្វផ្សាយទៅវាចំណេញដល់ជាតិនិងប្រជាពលរដ្ឋយើងទាំងអស់គ្នាតើស! មួយទៀតអាបង្ហោះរឿងអាក្រក់ៗពីស្រុកទេសខ្លួនឯងនេះប្រទេសជិតខាងគេឃើញហើយគេសើចអាយះមាត់ ព្រោះគេថាយើងភ្លឺវៃតែឆ្នាំងបាយខ្លួនឯង។ ចឹងឈប់បានឈប់ទៅ ពិសេសកុំព្យាយាមជាន់បន្ថែម រដូវខ្លះមានភ្ញៀវច្រើនរដូវខ្លះធ្លាក់ភ្ញៀវ មិនក៏មិនមែនស្ងាត់ដូចខ្មោចលងរហូតដល់បិទហាងអស់ធ្ងន់ធ្ងររហូតជិតរលំរលាយដែរ ត្រង់ហ្នឹងសូមកុំមួលថែម ដើម្បីឆ្លៀតកេងចំណេញអី គិតដល់ប្រយោជន៍ប្រជាជនទូទៅផង។ កុំចេះតែចង់បំផ្លាញជាតិឯងដោយចរិតជ្រុលនិយមអី៕

ពីពលរដ្ឋប្រើប្រាស់បណ្តាញសង្គមក្នុងស្រុកម្នាក់

អត្ថបទទាក់ទង