ខេត្តព្រះសីហនុ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៣៨ ជាទីក្រុងអាស៊ាន…
លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មថ្នាក់ជាតិ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដោយបានកំណត់អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងបានបង្កើតគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង “គ.ប.ដ” ដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។ លោកបានថ្លែងដូចនេះ ក្នុងពិធីបេីកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រង និងប្រេីប្រាស់ដីធ្លី ដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ឆ្នាំ២០៣៨ គឺដែនដីនៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រង ប្រើប្រាស់ បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងអាស៊ាន នៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាពនិងសុភមង្គល នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជម្រុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថា “សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័ត ទាំងស្រុងលើសេចក្តីព្រាង «គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨» នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សំដៅរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លី និងលំនៅឋាន ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ព្រមទាំងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីធ្លី» គោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនិងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី ក្នុងគោលបំណងផ្តល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបនីយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកបដោយចីរភាព ជីវភាពសុខភាព និងសុភមង្គល ព្រមទាំងមានភាពទាក់ទាញ និងឧត្តមភាពនវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕