បញ្ហាទឹកកខ្វក់ត្រូវបានទប់ស្កាត់ ជៀសវាងការបង្ហូរទឹកសំអុយចូលសមុទ្រនាំអោយប៉ះពាល់ដល់បរិស្ថាន និងសម្រស់ឆ្នេរ
ព្រះសីហនុ៖ បញ្ហាទឹកកខ្វក់នេះដែលបាននិងកំពុងជាក្តីបារម្ភធំមួយគ្រាដែលសន្ទុះនៃការអភិវឌ្ឍមានការកើតឡើងខ្លាំងនៅក្រុងព្រះសីហនុ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ដើម្បីដោះស្រាយបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តបានណែនាំអោយម្ចាស់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូ រីស្សត និងភោជនីយដ្ឋាននៅតាមឆ្នេរកោះនេះ អោយរួមគ្នាថែររក្សារបរិស្ថានអោយបានល្អ ក្នុងនោះលោកបានជំរុញអោយទីតាំងទាំងនោះត្រូវរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់អោយបានត្រឹមត្រូវដើម្បីចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រធ្វើយ៉ាងណានាំគ្នាលើកកម្ពស់សោភ័ណ្ឌភាពនេះឆ្នេរនៅតំបន់ឆ្នេរកោះរ៉ុងនេះដើម្បីទាក់ទាញភ្ញៀវទេសចរមកកំសាន្តកាន់តែច្រើនថែមទៀត។
ជាក់ស្តែង នៅព្រឹកទី១៤ ខែ មករា ឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួនធ្វើដំណើរទៅពិនិត្យមើលស្ថានភាពនៃការអភិវឌ្ឍនៅដែនកោះរ៉ុង។ គោលបំណងសំខាន់នៃដំណើរចុះទៅកោះរ៉ុងនេះគឺដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែងនិងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងឡាយនៅលើដែនដីកោះរ៉ុងបន្ទាប់ពីបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងការចុះត្រួតពិនិត្យមើលស្ថានភាពក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់ដីកោះរ៉ុងនេះ អភិបាលខេត្តព្រះ សីហនុ លោក យន្ត មីន ក៏បានចុះទៅពិនិត្យមើលតាមទីតាំងអាជីកម្មនៅតាមបណ្ដោយកោះរ៉ុងសន្លឹមនេះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់នេះដែរដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំងនៅក្រុងព្រះសីហនុ បាននិងកំពុងស្ថាបនា សំរាប់បូមចូលទៅស្ថានីយចំរោះធំមួយមានទំហំជាង១៦ហិចតា ដើម្បីធ្វើការចម្រោះជាតិពុលសិនមុនឹងបង្ហូរចូលទៅសមុទ្រ។ ជាមួយគ្នានេះដែរទីតាំងសណ្ឋាគារ ផ្ទះសំណា ក់ រីស្សត បាំងហ្កាឡូ ភោជនីយដ្ឋានទាំងអស់នៅក្រុងព្រះសីហនុ រដ្ឋបាលខេត្ត បាននិងកំពុងជំរុញអោយធ្វើអាងប្រព្រឹត្តិកម្មជាចាំបាច់ដែរដើម្បីចៀសវាងការបំពុលបរិស្ថាននាំអោយប៉ះពាល់ដល់ឆ្នេរខ្សាច់និងទឹកសមុទ្រ។
លោក យន្ត មីន បានគូសបញ្ជាក់ថាអនាគតដ៏ខ្លីបញ្ហាគ្រប់គ្រងទឹកសំអុយនឹងត្រូវបានដោះស្រាយ។ ជាដំណោះស្រាយចំពោះមុខបច្ចុប្បន្ននេះអាជីវកម្មដ្ឋាននៅតំបន់ដីគោកនេះកំពុងរៀបចំធ្វើអាងចម្រោះទឹកកខ្វក់បានមួយចំនួនហើយ។ ដោយឡែកទីតាំងមួយចំនួនទៀតដែលមិនទាន់រៀបចំធ្វើអាងចម្រោះទឹកកខ្វក់រដ្ឋបាលខេត្តកំពុងតែជំរុញអោយពួកគាត់ធ្វើអាងនេះផងដែរ៕