ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជំនាញ៖ ការពង្រីកផ្លូវ និងអ៊ុតកៅស៊ូចាប់ពីភ្លើងស្តុបរង្វង់មូលទួលគោក ទៅដល់ផ្លូវលេខ៥៩៨ នឹងជួយសម្រួលពីការកកស្ទះចរាចរណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 10
មន្ត្រីជំនាញ៖ ការពង្រីកផ្លូវ និងអ៊ុតកៅស៊ូចាប់ពីភ្លើងស្តុបរង្វង់មូលទួលគោក ទៅដល់ផ្លូវលេខ៥៩៨ នឹងជួយសម្រួលពីការកកស្ទះចរាចរណ៍ មន្ត្រីជំនាញ៖ ការពង្រីកផ្លូវ និងអ៊ុតកៅស៊ូចាប់ពីភ្លើងស្តុបរង្វង់មូលទួលគោក ទៅដល់ផ្លូវលេខ៥៩៨ នឹងជួយសម្រួលពីការកកស្ទះចរាចរណ៍

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអះអាងថា កំណាត់ផ្លូវលេខ ៥៩២ តភ្ជាប់ពីស្តុបអតីតរង្វង់មូលទួលគោក ឆ្លងកាត់ភ្លើងស្តុបផ្សារ មាន់អាំង និងវិទ្យាល័យ ឥន្ទ្រទេវី ទៅផ្លូវលេខ៥៩៨ ដែលតែងមានការកកស្ទះចរាចរណ៏នោះ មិនមានការកកស្ទះដូចមុនទៀតទេ បន្ទាប់ពីពង្រីកទទឹង៥ម៉ែត្របន្ថែមទៀត គឺសរុបទទឹង១៤ម៉ែត្រ ធំទូលាយជាងមុនឆ្ងាយ ។

លោក បន្តថា ចំពោះការងារស្ថាបនាពង្រីកគ្រឹះថ្នល់ខាងក្រោម និងអ៊ុតកៅស៊ូនាពេលនេះ ទទួលម៉ៅការ ដោយក្រុមហ៊ុន CCESមានប្រវែង ១.៧១០ម៉ែត្រ ទទឹង១៤ម៉ែត្រ ខណៈផ្លូវនេះ ពីមុនមានទទឹងតែ៩ម៉ែត្រប៉ុណ្ណោះ ដែលត្រូវពង្រីក ទទឹង ២,៥ម៉ែត្រសង់ខាងបន្ថែមទៀត គឺសរុប ១៤ម៉ែត្រ ចាប់ពីស្តុបអតីតរង្វង់មូលទួលគោកឆ្លងកាត់ភ្លើងស្តុបផ្សារមាន់អាំង ឡើងទៅវិទ្យាល័យឥន្ទ្រទេវី និងភ្ជាប់ទៅផ្លូវលេខ៥៩៨តែម្តង ។

លោក សង្ឃឹម និងជឿជាក់ថា បន្ទាប់ពីពង្រីក និងអ៊ុតកៅស៊ូរួច ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមផ្លូវនេះ នឹងមិនមានការកកស្ទះចរាចរណ៏ដូចមុនទៀតទេ ប៉ុន្តែសុំឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៏ផងដែរ ។

តំណាងក្រុមហ៊ុនCCES ដែលទទួលម៉ៅការជួសជុលកែលំអរផ្លូវនេះបានឲ្យដឹងថា ក្រោយពីទទួលបានគោលការណ៏ណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ និងមានការត្រួតពិនិត្យបច្ចេកទេសពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញក្រុមហ៊ុនរបស់លោកបានចាប់ដំណើរការជួសជុលកែលំអរផ្លូវនេះឡើងវិញដែលពីមុនមានទទឹងតែ៩ម៉ែត្រ ឥឡូវពង្រីកដល់ទទឹង១៤ម៉ែត្រដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរដ៏ចង្អៀតម្តុំផ្សារមាន់អាំង និងតំបន់ជុំវិញដោយចាប់ផ្តើមពង្រីក និងពង្រីកកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

លោកបន្តថា រយះពេល២សប្តាហ៏ទៀតផ្លូវនេះនឹងសំរេចឲ្យរួចរាល់ទាំងស្រុង ។ក្រៅពីពង្រីកផ្លូវ ការរៀបចំដាក់ប្រពន្ធ័លូក៏បានស្ថាបនារួចដោយរំកិលប្រពន្ធ័លូពីក្នុងសាច់ផ្លូវទៅចិញ្ចើមផ្លូវវិញក្រោយពីផ្លូវត្រូវបានពង្រីក។

ប្រពន្ធ័លូដែលដាក់រួចនេះមានតួនាទីនាំទឹកទៅកាន់ប្រពន្ធ័លូមេនៅផ្លូវលេខ៥៩៨មួយផ្នែក និងចាក់ទៅស្ថានីយ៏បូមទឹកទួលគោកទី១ត្រឡោកបែកមួយផ្នែក។ដំណើរការនៃការជួសជុលកែលំអរផ្លូវនេះ ពុំមានផលប៉ះពាល់ធំដុំនោះទេ តែទោះបីយ៉ាងណាលោកតំណាងក្រុមហ៊ុន ក៏បានសុំការយោគយល់ពីបងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវលេខ៥៩២ដែលកំពុងដំណើរការកែលំអរពីការរំខានខ្លះៗនៅចំណុចការដ្ឋានខាងលើ៕

អត្ថបទទាក់ទង