លោក ស៊ុន ចាន់ថុល បានផ្តល់ផ្លូវបេតុងចំនួន ២ខ្សែ ជូនប្រជាជន ក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល
ថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង១ ១០០ម៉ែត្រ ក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់មានតួនាទីតភ្ជាប់ និងដឹកជញ្ជូនគ្រប់ផលិតផលទៅកាន់គ្រប់ច្រកល្ហកដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិទី៦នេះ នឹងខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យទេ្វដង រួមទាំងការផ្តល់សេវាសាធារណៈផងដែរ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងទំនើបជឿនលឿនជាងនេះថែមទៀត។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមភូមិមួយចំនួនក្នុងឃុំព្រែកតាកែវ និងឃុំឈើខ្មៅ។ ថ្លែងចំពោះមុខអង្គពិធីទាំងមូល លោកទេសរដ្ឋមន្ត្រី និងក្រុមការងារ បានប្តេជ្ញាបន្តខិតខំកសាង អភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងទ្វេដងក្នុងស្រុកកោះធំយើងនេះ ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រពិតប្រាកដ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “មន្ត្រីគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ”។
ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋយើង ផ្តល់ព័ត៌មានមកក្រុមការងារ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងចូលរួមសហការឱ្យបានសស្រាក់សស្រាំក្នុងការកសាងផ្លូវបេតុងនេះ ដើម្បីឱ្យការកសាងផ្លូវនេះមានភាពរលូន និងឆាប់ហើយ៕