ខ្មែរប៉ុស្ដិ៍ Close

    ផលិតផលខ្មែរ ដែលដាក់ឲ្យធ្វើពាណិជ្ជកម្មនៅលើទីផ្សារត្រូវធានាឲ្យបាននូវគុណភាព សុវត្ថិភាពខ្ពស់ និង ស្របតាមស្តង់ដារបច្ចេកទេស

    ដោយ៖ សន បទុម ​​ | ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1519
    ផលិតផលខ្មែរ ដែលដាក់ឲ្យធ្វើពាណិជ្ជកម្មនៅលើទីផ្សារត្រូវធានាឲ្យបាននូវគុណភាព សុវត្ថិភាពខ្ពស់ និង ស្របតាមស្តង់ដារបច្ចេកទេសផលិតផលខ្មែរ ដែលដាក់ឲ្យធ្វើពាណិជ្ជកម្មនៅលើទីផ្សារត្រូវធានាឲ្យបាននូវគុណភាព សុវត្ថិភាពខ្ពស់ និង ស្របតាមស្តង់ដារបច្ចេកទេស

    ព្រឹកថ្ងៃសុក្រ ១៣ កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារអង្គរស៊ិនជូរី មានបើកវេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីជម្រុញការអនុវត្តគោលនយោបាយកសិ-ពាណិជ្ជកម្មកម្ពុជា អមដោយសិក្ខាសាលាពិគ្រោះយោបល់លើការអភិវឌ្ឍកសិ-ពាណិជ្ជកម្មនិងកសាងទំនុកចិត្តលើផលិតផលខ្មែរ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ទៀ សីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមជាសិក្ខាកាម ពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ សមាគមចុងភៅកម្ពុជា បុគ្គលិកមកពីសណ្ឋាគារ ភោជនីយដ្ឋាន ម្ចាស់ផ្សារទំនើប សាលាបាយ សិស្ស និសិ្សត និង កសិករអង្គការ ចូលរួមផងដែរ ។

    ជាមួយគ្នានេះ លោក ទៀ សីហា បានលើកឡើងថាខេត្តសៀមរាបជាជាខេត្តដែលមានសក្តានុ ពលពីរសំខាន់ គឺវិស័យទេសចរណ៍និងវិស័យកសិកម្ម ដែលបច្ចុប្បន្នមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាប្រមាណជាជាង៥លាននាក់ក្នុងមួយឆ្នាំនារយៈពេល០៣ឆ្នាំចុងក្រោយនេះ ។

    ចំពោះវិស័យកសិកម្មវិញខេត្តសៀមរាប មានផលិតផលសំខាន់ៗដូចជា ស្រូវ ដំឡូងមី សណ្តែកបាយ កៅស៊ូ ក្រពើ សិប្បកម្ម ផលិត ផលកែច្នៃមានប្រហុក សាច់ក្រកជាដើម។ ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាបក៍មានដំណាំរួមផ្សំ ហើយបច្ចុប្បន្ន ផលិតផលទាំងនេះ កសិករយើងផលិតបានប្រកបដោយគុណភាព សោភ័ណ្ឌភាព និងការផ្គត់ផ្គង់បានល្អចំពោះផលិត ផលមួយចំនួនចំពោះបន្លែ ស្លឹក ដើម មើម និង ផ្កា។

    មានប្រសាសន៍នោះ ឯកឧត្តម ម៉ៅ ថូរ៉ា បានគូសបញ្ជាក់ថា វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីជម្រុញការអនុវត្តគោលនយោបាយកសិ-ពាណិជ្ជកម្ម ព្រមទាំងការតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើខ្មែរ និង ផលិតផលកែច្នៃ ដែល ត្រូវបើកសម្ពោធនាថ្ងៃនេះ ក្នុងការជម្រុញលើកកម្ពស់វិស័យឯកជន ចាប់ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន ដើមី្បបង្កលក្ខណៈ និង ផ្តល់ឱកាសដល់ពួកគាត់ បានចូលរួមគ្រប់សកម្មភាពសេដ្ឋកិច្ចក្នុងសង្គមជាតិ ។

    ឯកឧត្តមបានបន្តទៀតថា តាម រយៈការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និង ឧស្សាហកម្ម ទៅនឹងបណ្តាញចង្វាក់ផលិតផលនៅក្នុងតំបន់អាស៊ាន និង សកលលោក ។ ម៉្យាងទៀត បណ្តារោងចក្រ សហគ្រាស សិប្បកម្ម និង ផលិតកម្មទាំងឡាយនៅកម្ពុជា នឹងជួបការនូវ ភាពប្រកួតប្រជែងថ្មីសកម្មជាងមុនទៀតផង ។

    ការលុបបំបាត់ពន្ធគយ និង ការដកចេញនូវរបាំងមិនមែនពន្ធ ក្នុងក្រប ខ័ណ្ឌសមាគមន៍សេដ្ឋកិច្ចអាស៊ាន នឹងធ្វើឲ្យទំនិញក្នុងតំបន់ មានលំហូរដោយសេរី ដែលជាឧបសគ្គ និង ក្តីកង្វល់ចំពោះផលិតផលក្នុងស្រុក ។

    ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរ ពីការដាក់ចេញគោលនយោបាយលើកស្ទួយ ផលិតផលខ្មែរ ឲ្យមានលទ្ធភាពអាចប្រកួតប្រជែង ជាមួយផលិតផលបរទេស ។ ដូច្នេះដើមី្បអនុវត្តគោលនយោបាយ ឲ្យបានជោគជ័យ ចាំបាច់ត្រូវមានការចូលរួម សហការ គាំទ្រពីវិស័យឯកជន សំខាន់ ផលិតករ ដែលផលិតនូវផលិត ផលខ្មែរ ។

    ឯកឧត្តមមានការសង្ឃឹមជឿជាក់ថា សិក្ខាសាលានេះ បងប្អូនពាណិជ្ជករ ផលិតករ កសិករ ដែលផលិត ផលិតផលខ្មែរ នឹងទទួលបានចំណេះដឹង អំពីបទដ្ឋានស្តង់ដារ បច្ចេកទេស ការវេចខ្ចប់ និង សុវត្ថិភាពនៃការប្រើប្រាស់ផលិតផល និង ទទួលបានបទពិសោធន៍ ចំណេះដឹងថ្មីៗ សម្រាប់ជួយកែលម្អផលិតកម្ម ក្នុងការផលិតទំនិញសម្រាប់បម្រើនៅតាមទីផ្សារ ហើយផលិតផលខ្មែរ ដែលដាក់ឲ្យធ្វើពាណិជ្ជកម្មនៅលើទីផ្សារ ត្រូវធានាឲ្យបាននូវ គុណភាព សុវត្ថិភាពខ្ពស់ និង ស្របតាមស្តង់ដារបច្ចេកទេសផងដែរ ៕