ខ្មែរប៉ុស្ដិ៍ Close

ស៊ន សៀវម៉ី ​​នឹងប្រកួត​នៅព្រឹក​ស្អែកជាមួយកីឡា​ការិនី​ស្រីលង្កា ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 19
ស៊ន សៀវម៉ី ​​នឹងប្រកួត​នៅព្រឹក​ស្អែកជាមួយកីឡា​ការិនី​ស្រីលង្កា ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ ស៊ន សៀវម៉ី ​​នឹងប្រកួត​នៅព្រឹក​ស្អែកជាមួយកីឡា​ការិនី​ស្រីលង្កា ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​

កីឡា​ការិនី​តេក្វាន់ដូ​ក្តី​សង្ឃឹម​កម្ពុជា​ ស៊ន សៀវម៉ី នឹង​ប្រកួត​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២១​ សីហា​ស្អែក​នេះ​ជា​មួយ​នឹង​កីឡា​ការិនី​ស្រី​លង្កា​ Ranuri ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​នៅ​ឥណ្ឌូណេស៊ី។

ប្រវត្តិ​សង្ខេប​កីឡា​ការិនី​ស្រីលង្កា​ Ranuri

  • កីឡា​ការិនី​ស្រី​លង្កា​ Ranuri Wickramasinghe អាយុ​២៣​ឆ្នាំ​​ដែល​មាន​កម្ពស់​​១.៧៤​ម៉ែត្រ​ និង​ទម្ងន់​​៧២​គីឡូក្រាម។ នេះ​បើ​តាម​ទិន្នន័យ​ដែល​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​បាន​បង្ហាញ។
  • Ranuri មិន​សូវ​មាន​បទ​ពិសោធ​ច្រើន​ឡើយ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ។ ក្នុង​​ការ​ប្រកួត​ជើង​ឯក​តេក្វាន់ដូ​អាស៊ី​នៅ​ប្រទេស​វៀតណាម​ ឆ្នាំ​២០១៨​ កីឡា​ការិនី​រូប​នេះ​​បាន​ចាញ់​ក្នុង​ជុំ​ដំបូង​ពោល​គឺ​វគ្គ​៣២​នាក់​តែ​ម្តង។
  • ដោយ​ឡែក​និយាយ​ពី​ចំណាត់​ថ្នាក់​ពិភព​លោក​វិញ គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ កីឡា​ការិនី​​ស្រី​លង្កា​​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១២០​ក្នុង​វិញ្ញាសាទម្ងន់ +៧៣​គីឡូក្រាម។ Ranuri មាន​ចំណាត់​ថ្នាក់​ពិភព​លោក​តែ​១​វិញ្ញាសា​នេះ​ទេ។

ប្រវត្តិ​សង្ខេប​ ស៊ន សៀវម៉ី​

Image result for ស៊ន សៀវម៉ី​

  • ចំណែក​កីឡា​ការិនី​កម្ពុជា​ ស៊ន សៀវម៉ី អាយុ​២១​ឆ្នាំ​​ដែល​មាន​កម្ពស់​​១.៨៣​ម៉ែត្រ​ និង​ទម្ងន់​​៧៣​គីឡូក្រាម។ ប្រការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស៊ន សៀវម៉ី ហាក់​មាន​ប្រៀប​ខាង​កម្ពស់​ ខណៈ​វីរនារី​កម្ពុជា​នេះ​​មាន​លក្ខណៈ​ពិសេស​ទាត់​ខ្ពស់​បាន​ច្រើន​តង់។
  • សៀវម៉ី ចាប់​លេង​តេក្វាន់ដូ​ឆ្នាំ​២០១៤​ និង​ក្លាយ​ជា​កីឡា​ការិនី​កម្ពុជា​តែ​ម្នាក់​គត់​​ឈ្នះ​មេដាយ​មាស​អាស៊ី​កាល​ពី​ឆ្នាំ​២០១៤។ កីឡា​ការិនី​កម្ពុជា​​​ក៏​ជា​ក៏​ជា​កីឡា​ការិនី​ទី​១​ដែល​ឈ្នះ​សិទ្ធិ​ពេញ​លេញ​ទៅ​កីឡា​អូឡាំពិក​នៅ​ប្រេស៊ីល​ និង​​ធ្លាប់​ប្រកួត​លើក​អូឡាំពិក​លើក​ដំបូង​ឆ្នាំ​២០១២​នៅ​អង់គ្លេស ព្រម​ទាំង​ឈ្នះ​មេដាយ​មាស​២​លើក​កីឡា​ស៊ីហ្គេម។
  • គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ២០១៨​ ស៊ន សៀវម៉ី មាន​ចំណាត់​ថ្នាក់​ពិភព​លោក​រហូត​ដល់​៣​វិញ្ញាសា​ផ្សេង​គ្នា​គឺ​​​​ចំណាត់​ថ្នាក់​ទី​​​​២៦​​​ក្នុង​វិញ្ញាសា​ទម្ងន់​ -៧៣​គីឡូក្រាម​ លេខ​រៀង​ទី​៩៦​ក្នុង​វិញ្ញាសា​ទម្ងន់​ +៧៣​គីឡូក្រាម​ និង​លេខ​រៀង​ទី​២៩៣​​ក្នុង​​វិញ្ញាសា​ទម្ងន់ -៦៧​គីឡូក្រាម។​

ស៊ន សៀវម៉ី និង Ranuri ត្រូវ​ប្រកួត​​ក្នុុង​វិញ្ញាសា​ទម្ងន់​ -៦៧​គីឡូក្រាម។ សម្រាប់​វិញ្ញាសា​នេះ​មាន​កីឡា​ការិនី​១៦​នាក់ ដូច្នេះ​កីឡាការិនី​ដែល​ឈ្នះ​នឹង​បន្ត​ឡើង​វគ្គ​៨​នាក់​ចុង​ក្រោយ។

ការ​ប្រកួត​វគ្គ​១៦​នាក់

  • ស៊ន សៀវម៉ី (កម្ពុជា) vs Ranuri (ស្រី​លង្កា)
  • Tshering Lham (ប៊ូតាន់) vs Khalim Mokhru (តាហ្ស៊ីគីស្ថាន)
  • Ma Tinghsia (ឆាយនីស​តៃបិ) vs Barua Rodoli (ឥណ្ឌា)
  • Rawal Nisha (នេប៉ាល់) vs Gao Pan (ចិន)
  • Zahra (អ៊ីរ៉ង់) vs Osipova Svetlana (អ៊ូបេគីស្ថាន)​
  • Rizki Delva (ឥណ្ឌូណេស៊ី) vs Lam Thi Ha Thanh (វៀតណាម)
  • Alora Kirstie Elaine (ហ្វីលីពីន) vs Deniz Cansel (កាហ្សាក់ស្ថាន)

នៅ​​ព្រឹក​ស្អែក​នេះ​ដែរ​កីឡា​ការិនី​ខ្មែរ​-អាមេរិក​ Casandre Nico Tubbs ប៉ះ​កីឡា​ការិនី​វៀតណាម​ Pham Thi Thu Hien ក្នុង​ប្រភេទ​វិញ្ញាសា​​៥៧​គីឡូក្រាម៕