មហាអំណាចចិន ផ្ញើសារអបអរសាទរ និងជូនពរលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលឈ្នះការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៦
លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ បានបង្ហាញទាំងស្រុងនៅយប់ថ្ងៃទី១៥ ខែសីហា ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត។ ភ្លាមៗលោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងលោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិន បានផ្ញើលិខិតអបអរសាទរ ចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយឡែកពីគ្នា។
នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ អគ្គស្ថានីយ៍វិទ្យុ-ទូរទស្សន៍ មជ្ឈិមចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានផ្សព្វផ្សាយជាមួយ ខ្លឹមសារបកប្រែផ្លូវការយ៉ាងដូច្នេះថា៖
លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែង ក្នុងលិខិតអបអរសាទរថា លោកមានភាពសប្បាយ រីករាយដោយ បានទទួលដំណឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការ បោះឆ្នោតរដ្ឋសភាអាណត្តិទី៦ របស់ប្រទេសកម្ពុជាដែលបានប្រព្រឹត្ត ឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ តាងនាមឲ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកសូមសំដែង ការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា!
ប្រទេសចិនមានសេចក្តីរីករាយដោយឃើញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះក្រោម ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជា ទទួលបាននូវស្ថិរភាព នយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សការ បង្កើនឋានៈ ក្នុងឆាកអន្ដរជាតិជាបន្តបន្ទាប់ និងការសម្រេចបាននូវសមិទ្ធផលប្រកប ដោយផ្លែផ្កាជាច្រើនក្នុងគ្រប់វិស័យភាគីចិនសូមវាយតម្លៃខ្ពស់។
ភាគីចិន ជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តបង្រួបបង្រួម និងដឹកនាំប្រជាជនកម្ពុជាឲ្យដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្រប នឹងសភាពការណ៍របស់ប្រទេសខ្លួន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កែរលម្អ ជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ ហើយបង្កើនសាមគ្គីភាព ជាតិដើម្បីរួមចំណែកថ្មីកាន់តែធំធេងចំពោះភាពរុងរឿងថ្កុំថ្កើង របស់ប្រទេស និងសុភមង្គលរបស់ប្រជាជនកម្ពុជា ព្រមទាំងស្ថិរភាព និងការអភិវឌ្ឍនៃ តំបន់ផងដែរ។
គណបក្សកុម្មុយនិស្តចិន យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា រីករាយពង្រឹងការដឹកនាំនយោបាយទៅលើ ទំនាក់ទំនងប្រទេស ទាំងពីរតាមរយៈការទាក់ទងគ្នារវាងបក្សទាំងពីរ បង្កើនឲ្យកាន់តែស៊ី ជម្រៅនូវការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងបក្ស និងគ្រប់គ្រងជាតិ ដើម្បីជំរុញឲ្យទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ និងរួមគ្នាជំរុញដល់ការ បង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ដើម្បីផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ ក៏ដូចជាជំរុញភាពរុងរឿង និងការរីកចម្រើននៃតំបន់និងពិភពលោក។
ជូនពរលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ ការងារទទួលបានជោគជ័យ! ជូនពរចំណងមិត្តភាពរវាងចិន និងកម្ពុជាស្ថិតស្ថិរយូរអង្វែងជាអមតៈ! ក្នុងលិខិតអបអរសាទរររបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានសរសេរយ៉ាងដូច្នេះថា៖ «ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដែលបានប្រារព្ធឡើងកាលពីពេលថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានជោគជ័យម្តងទៀត ខ្ញុំសូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងជានិច្ចដោយមិនខ្លាចនឿយហត់ ដើម្បីទទួលបាន សមិទ្ធផលថ្មីគួរឲ្យសប្បាយរីករាយក្នុងការកសាងប្រទេស។ ទំនាក់ទំនងរវាងចិន និងកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប្រទេសទាំងពីរ។
ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងដ៏ល្អ និងជាដៃគូល្អ។ ភាគីចិននឹងគាំទ្រប្រទេសកម្ពុជាដើរតាមផ្លូវអភិវឌ្ឍដែលសមស្របតាមសភាពការណ៍ជាតិរបស់ខ្លួនជាប់ជានិច្ច គាំទ្រប្រទេសកម្ពុជា ក្នុងការគាំពារ ស្ថិរភាព ពន្លឿនការអភិវឌ្ឍនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
យើងរីករាយរួមជាមួយភាគីកម្ពុជា ឆ្លៀតឱកាសនៃខួប៦០ឆ្នាំ ការបង្កើត ទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ឈានដល់កម្រិតថ្មី រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ដ៏មានអត្ថន័យយុទ្ធសាស្ត្រ។ ជូនពរសម្តេចមានសុខភាពល្អ បំពេញការងារដោយរលូន។
ជូនពរព្រះរាជាណាចក្រកម្ពុជាមានភាពរុងរឿងថ្កុំថ្កើង ប្រជាជនមានសិរីមង្គល»៕