ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់មាឱ្យចេញផុតពីសង្គ្រាមទេ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 967
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់មាឱ្យចេញផុតពីសង្គ្រាមទេ!សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់មាឱ្យចេញផុតពីសង្គ្រាមទេ!

ក្រោយពីមានប្រជាពលរដ្ឋមីយ៉ានមាមួយចំនួនតូច មានការយល់ច្រឡំ ហើយប្រើពាក្យសម្តីមិនសមរម្យចំពោះសម្តេចតេជោ និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងដំណើរការរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់មានោះ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំគ្មានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់មារឱ្យចេញផុតពីសង្គ្រាមទេ ប៉ុន្តែប្រសិនអ្នកឯងចង់ធ្វើសង្គ្រាមជាមួយពួកយោធា ៥០ឆ្នាំថែមទៀត សូមអញ្ជើញចុះ!»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ។

សម្តេចតេជោបានចោទជាសំនួរទៅកាន់ប្រជាជនមីយ៉ានមារដែលមិនពេញចិត្តដំណើរការផ្សះផ្សានេះថា «តើអ្នកឯងមានសមត្ថភាពផ្តួលរំលំអ្នកកាន់អំណាចនៅណៃពិដោសព្វថ្ងៃបានដែរឬអត់? អ្នកឯងមានទាហ៊ានប៉ុន្មានសម្រាប់ច្បាំងជាមួយទាហ៊ានកន្លះលាននាក់នៅមីយ៉ាន់មានោះ?។ បើអ្នកឯងចង់ធ្វើសង្គ្រាមធ្វើទៅ ខ្ញុំបានប្រឹងប្រែងអស់ប៉ុណ្ណឹងហើយ ប៉ុន្តែខ្ញុំក៏មិនបោះបង់ការខិតខំប្រឹងប្រែងរបស់ខ្ញុំដែរ ក្នុងឋានៈជាសមាជិកអាស៊ាន ហើយក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំនេះ កុងសង់ស៊ីស ៥ចំណុចនៅតែបន្តធ្វើ ដោយអំពាវនាវជាមួយរដ្ឋបាល និងជាមួយអ្នកគ្រប់គ្រងអំណាចនៅមីយ៉ាន់មា»។

សម្តេចតេជោ បានថ្លែងថាប្រជាជនមីយ៉ាន់មាដែលមិនពេញចិត្តចំពោះដំណើរការដោះស្រាយវិបត្តិរបស់សម្តេចថា ពួកគេកំពុងភ័ន្តច្រឡំចំពោះវិធីសាស្ត្រ និងវិនិច្ឆ័យខុសអំពីគោលបំណងរបស់របស់សម្តេច «ខ្ញុំរកសន្តិភាព និងការពារសន្តិភាពសម្រាប់ប្រទេសខ្ញុំវាគ្រប់គ្រាន់ វាពិបាកណាស់ទៅហើយ បើអ្នកចង់វាយគ្នាអ្នកអញ្ជើញវាយទៅចុះ វិធីសាស្ត្ររបស់ខ្ញុំគឺពន្លត់ភ្លើងសង្គ្រាមសិន បានដំណើរការលិទ្ធិប្រជាធិបតេយ្យទៅតាមក្រោយ»។

សូមជម្រាបផងដែរថា នៅថ្ងៃទី៦ ខែកុម្ភៈ ម្សិលមិញនេះ សាស្ត្រាចារ្យជនជាតិអូស្ត្រាលីលោក សន ថឺនែល អ្នកជំនាញសេដ្ឋកិច្ច ដែលជាជំនួយការផ្នែកសេដ្ឋកិច្ចរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ដែលនេះក៏ជាកាស្នើសុំរបស់សម្តេចតេជោទៅកាន់មេដឹកនាំយោធាលោក មីង អ៊ុងលាំង ក្នុងអំឡុងពេលដែលសម្តេចអញ្ជើញទៅទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់មាកន្លងទៅផងដែរ ដែលពេលនោះមេដឹកនាំយោធាលោក មីង អ៊ុងលាំង បានឆ្លើយតបទៅកាន់សម្តេចតេជោថានឹងពិចារណាជាវិជ្ជមាន៕

អត្ថបទទាក់ទង