លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណជនរួមជាតិភ្លាមៗ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា
ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពី ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មី នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតឈ្នះអាសនៈទាំងស្រុង១២៥ នៅក្នុងរដ្ឋសភា។
លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា “អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ច្រើនលើសលុប បំផុត ៦.៩៥៦.៩០០ (៨៣.០២%)”។
លោកបានបន្តថា “សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ឋនាការឃោសនាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ ភ្លូកទឹកភ្លូកដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប នៅមុននេះបន្តិចគឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង ២៥មណ្ឌល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុកចិត្តឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្តជ្រើសរើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុតសម្រាប់ប្រទេសជាតិយើងទាំងមូល”។
លោកក៏បានថ្លែងអំណរគុណគណបក្សនយោបាយទាំង ១៩ទៀត ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យ ដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបានរៀបចំបង្កើតនៅសប្តាហ៍ទី១នៃ ខែកញ្ញាខាងមុខនេះ។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងហើយ នៅវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដោយ គ.ជ.ប បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។
តាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សបានទទួលសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់ ៤.៨៨៩.១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល ៦.៣៦២.២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥ អាណត្តិជាប់ៗគ្នាកន្លងមក ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត៕