ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ក្រុមឆបោកថា ទឹកខ្មៅជ្រលក់ដៃហើយ ២៤ម៉ោងស្លាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ក្រុមឆបោកថា ទឹកខ្មៅជ្រលក់ដៃហើយ ២៤ម៉ោងស្លាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ក្រុមឆបោកថា ទឹកខ្មៅជ្រលក់ដៃហើយ ២៤ម៉ោងស្លាប់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យកងកម្លំាងសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ជនដែលបង្កើតពាក្យចចាមអារាមថា នៅថ្ងៃបោះឆ្នោតខាងមុខនេះនឹងមានទឹកខ្មៅជ្រលក់ដៃ ២ប្រភេទ មួយប្រភេទទឹកខ្មៅធម្មតា និងមួយប្រភេទទៀតទឹកខ្មៅជ្រលក់ហើយ ២៤ម៉ោងស្លាប់ខ្លួន។ ការថ្លែងនេះធ្វើទ្បើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាស ទី៥នៅក្នុងរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់ពីមានព័ត៌មានបែកធ្លាយថា មានក្រុមខិលខូចមួយចំនួនបានបង្កភាពវឹកវដល់សង្គមតាមរយៈការបង្កើតពាក្យឆបោកថា នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៦ នាពេលខាងមុខនេះនឹងមានទឹកខ្មៅជ្រលក់ដៃ ២ប្រភេទ មួយប្រភេទទឹកខ្មៅធម្មតា និងមួយប្រភេទទៀតទឹកខ្មៅជ្រលក់ហើយ ២៤ម៉ោងស្លាប់ខ្លួននោះ នាថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតាមចាប់ក្រុមទាំងនោះមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបានទោះ បីក្រុមទាំងនោះនៅក្រៅប្រទេសក៏ត្រូវចាប់ខ្លួនមកឲ្យបានដែរ ព្រោះថា ក្រុមឆបោកនេះត្រូវបានស្គាល់មុខហើយដែលអំពើនេះ មិនអាចអត់ឱនឲ្យបាននោះទេ។ ទោះបីមិនបានសំដៅចំឈ្មោះក្រុមណាមួយក៏ដោយចុះ តែលោកនាយករដ្ឋមន្ត្រីបានបង្ហើបឲ្យដឹងថា ក្រុមនោះ គឺជាក្រុមដដែល ដែលតែងតែប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា ក្រុមដែលព្យាយាមបង្កភាពចលាចលនេះត្រូវបានស្គាល់មុខរួចហើយ ដែលចាំបាច់ រាជរដ្ឋាភិបាលកម្ពុជាត្រូវបំផ្លាញការឆបោកនេះឲ្យបាន ព្រោះឧបាយកលឆបោកនេះ ជាការបំផ្លាញជាតិ ហើយក៏ជាទោសក្បត់ជាតិដែលមិនអាចអត់ឱនឲ្យបាននោះដែរ។

គួរជម្រាបជូនដែរថា មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៦ កាន់តែខិតជិមកដល់គេសង្កតឃើញថា ក្រុមអតីតគណបក្សប្រឆាំងបានព្យាយាមស្វែងរកគ្រប់ល្បិចកលដើម្បីធ្វើយ៉ាងណារារាំងដំណើរការបោះឆ្នោតនៅកម្ពុជា។ ការរារាំងនោះស្តែងចេញតាមរយៈការញុះញង់បរទេសឲ្យផ្តាច់ជំនួយមកកាន់កម្ពុជា ញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត ហើយចុងក្រោយក្រុមទាំងនោះបានប្រើល្បិចកលថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងមានទឹកខ្មៅជ្រលក់ដៃ ២៤ម៉ោងហើយស្លាប់ភ្លាម។ តែការប៉ុនប៉ងនេះមិនទទួលបានជោគជ័យនោះ ទ្បើយដោយសាររាជរដ្ឋាភិបាលបានទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងនោះ៕

អត្ថបទទាក់ទង