លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ចិនជាប្រទេសរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍតំបន់ និងពិភពលោកមិនអាចខ្វះបាន
ថ្លែងក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចិនជាប្រទេសមួយចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍតំបន់ និងពិភពលោកដោយមិនអាចខ្វះបានឡើយ។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលជិត៦ឆ្នាំនៃការអនុវត្តកន្លងមក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រេចបានផ្លែផ្កាគួរឱ្យកត់សម្គាល់ជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសាកលលោក ទាំងក្នុងការតភ្ជាប់រូបវ័ន្ត និងអរូបវ័ន្ត ការបន្ស៉ី និងសម្របសម្រួលគោលនយោបាយ ការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលវឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃលំហូរពាណិជ្ជកម្ម លំហូរមូលធន លំហូរទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរបច្ចេកវិទ្យាជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ប្រការនេះ បានចូលរួមចំណែកដល់ការលើកស្ទួយសុខមាលភាព និងការអភិវឌ្ឍតំបន់របស់យើងទាំងក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច និងសង្គម។ លើសពីនេះទៅទៀត ចំនួនប្រទេសចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាសញ្ញានៃការរីកដុះដាល និងភាពកាន់តែរឹងមាំជាលំដាប់នូវការផ្តល់សេចក្តីគាំទ្រ និងការជឿទុកចិត្តលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សម្រាប់ការលើកកម្ពស់សន្តិភាព ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងវិបុលភាពតំបន់ និងនៅលើសាកលលោក»។
បើតាមប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ជាមួយវឌ្ឍនភាពនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» វេទិកាលើកទី២នាពេលនេះ នឹងផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់គ្នាដែលជាប្រជាជាតិមានការជឿជាក់លើសាកលភាវូពាណិជ្ជកម្មនិងការបើកចំហសេដ្ឋកិច្ចដោយឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែង រួមគ្នាពង្រឹងកម្លាំងសាមគ្គី និងពូតដៃគ្នាការពារផលប្រយោជន៍ និងវិបុលភាពរួមពិភាក្សា និងដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជាផ្លែផ្កាថ្មីៗបន្ថែមទៀត ហើយបោះជំហ៊ានទៅមុខឥតងាករេលើមាគ៌ាមួយកាន់តែច្បាស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងស្មារតីខិតខំរួមគ្នា ចែករំលែកផលប្រយោជន៍រួមគ្នា និងទទួលឱកាសដូចគ្នា។
លោកនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា នៅក្នុងយុគ្គសម័យឌីជីថល ពិភពលោកទាំងមូលលែងបែងចែកជាទ្វីបទៀតហើយ យើងទាំងអស់គ្នារស់នៅយ៉ាងកៀកបង្កើយ ដោយរួមសុខរួមទុក្ខ ហើយខ្ញុំយល់ថា មានតែការខិតខំប្រឹងប្រែង ដើម្បីកសាងវាសនារួមគ្នាប៉ុណ្ណោះ ដែលនឹងទ្រទ្រង់មនុស្សជាតិទាំងមូល អាចបន្តរួមរស់ជាមួយគ្នាដោយសុខដុមរមនា និងសន្តិភាព។ នេះជាអ្វីដែលខ្ញុំវាយតម្លៃខ្ពស់បំផុត ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ។
នៅចំពោះមុខលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងមេដឹកនាំមកពីបណ្តាប្រទេសជាង១០០ផ្សេងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ប្រការដែលមហាអំណាចសេដ្ឋកិច្ចមួយមានឧត្តមគតិ និងមនសិការគិតគូរដល់ការកសាងសហគមន៍វាសនារួមគ្នា ជាមួយបណ្តាប្រទេសសេដ្ឋកិច្ចផ្សេងៗទៀត ទាំងតូច និងធំ ជាគតិបណ្ឌិតគំរូប្រកបដោយវីរភាព ហើយក៏ជាកាយវិការដ៏ទន់ភ្លន់ គួរឱ្យគោរពកោតសរសើរសមជាអរិយប្រទេស»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំពឹងថា បណ្តាប្រទេស និងសេដ្ឋកិច្ចដែលមានភាពរីកចម្រើនលូតលាស់ និងរុងរឿងនានា នឹងប្រកាន់យកលំអាន និងទស្សនវិជ្ជារួមគ្នា ពោលគឺប្រទេសខ្លាំង ជួយប្រទេសខ្សោយ ប្រទេសមានជួយប្រទេស ដែលនៅខ្វះខាតក្នុងគោលដៅតែមួយ និងរួមគ្នាជួយគ្នាដើម្បីឱ្យមានវាសនាអនាគតរុងរឿងដូចគ្នា។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងផងដែរថា បច្ចុប្បន្នសាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាមហាអំណាចដ៏ធំទី១នៅអាស៉ី និងធំទី២នៅលើសាកលលោក។ «កត្តានេះបានធ្វើឱ្យមានការចូលរួមចំណែក និងការទទួលខុសត្រូវរបស់ប្រទេសចិន នៅក្នុងការអភិវឌ្ឍក្នុងតំបន់ និងលើសាកលោកពិតជាមានភាពចាំបាច់ខ្វះមិនបាន ហើយការដាក់ចេញ និងអនុវត្តន៍នូវក្របខណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាសក្ខីកម្មមួយយ៉ាងប្រត្យក្សនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរួមចំណែកជំរុញអភិវឌ្ឍន៍តំបន់ និងសាកលលោក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នេះ គឺជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់ និងលើសាកលលោកនិងជាយន្តការមួយដែលផ្តល់ធនធានដល់ប្រទេសនានាក្នុងសាកលលោក ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ សម្រាប់បំពេញគម្លាតតម្រូវការហិរញ្ញប្បទាន ដើម្បីបង្កើនការតភ្ជាប់។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» កំពុងបង្កើតកម្លាំងចលករថ្មីសម្តៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ គ្រប់ប្រទេសពិតជាមានតម្រូវការចាំបាច់ក្នុងការជំរុញកសាងសាមគ្គីភាព និងការយោគយល់គ្នាដោយផ្អែកលើតម្លៃនៃគុណធម៌ សាមគ្គីភាព មិត្តភាព និងជំនឿទុកចិត្ត និងសមភាពនៅក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស រវាងប្រជាជន និងប្រជាជនផងដែរ៕