ព្រះករុណា ព្រះមហាក្សត្រ អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ការដាក់បញ្ចូលក្រុមប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវព្រះរាជហឫទ័យអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ការដាក់បញ្ចូលក្រុមប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក(១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២០)។
ជាមួយគ្នានេះ ក្រុមប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឱ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។ ព្រះករុណា ព្រះមហាក្សត្រព្រះអង្គបានលើកឡើងថា ឆ្លើយតបនឹងការអំពាវនាវ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារ អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣ ។
ព្រះមហាក្សត្រក៏បានបន្ថែមថា “កូនចៅប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាសូម ព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវអំណរព្រះរាជគុណ និងមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងកិច្ចការពារលើកតម្កើងកិត្តិនាមដ៏ឧត្តុង្គឧត្តមនៃក្រុមប្រាសាទអង្គរ ការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីទុកជាសម្បត្តិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានជូនដល់កូនចៅជំនាន់ក្រោយនៃប្រជាជាតិកម្ពុជា”៕