ប្រវត្តិនៃការទាមទារឯករាជ្យពីបារាំងដោយស្នាព្រះហស្ថព្រះបាទនរោត្តម សីហនុ
នៅក្នុងឆ្នាំ១៩៤៩ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានទាមទារឱ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤ ។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ដដែល ព្រះអង្គទ្រង់បានឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ។ សន្ធិសញ្ញាដែលចុះនៅឆ្នាំ១៩៤៩ គឺប្រើប្រាស់សម្រាប់លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤ ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ សម្ដេចព្រះបាទនរោត្តម សីហនុ ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិមាតុភូមិឱ្យបានដាច់ខាត ក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត ។ ក្នុងពេលនោះ ដោយមានសហការី ជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំង ក្នុងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ដើម្បីដើម្បីទាមទារឯករាជ្យរបស់កម្ពុជាជាមួយប្រមុខរដ្ឋបារាំង ។ ព្រះអង្គបានផ្ញើសារលិខិត ជូនលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងចំនួន៣លើក លើកទី១ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល, លើកទី២ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូលដដែល និងលើកទី៣ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ ។ គ្រានោះ រដ្ឋាភិបាលបារាំងពុំបានអើពើទៅនឹងសំណើនោះឡើយ ព្រះអង្គទ្រង់ក៏សម្រេចព្រះទ័យយាងចាកចេញទៅធ្វើយុទ្ធនាការទាមទារឯករាជ្យ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ។
នៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា សម្ដេចព្រះនរោត្តម សីហនុ បានថ្លែងទៅអ្នកសារព័ត៌មាន ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាពីរ ទាក់ទងនឹងរាជាណាចក្រកម្ពុជានិងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរីក្នុងឥណ្ឌូចិន ចំណុចទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស និងចំណុចទី២ គឺបញ្ហាឯករាជ្យបរិបូរណ៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនីសទេ ព្រោះថាពលរដ្ឋខ្មែរម្នាក់ៗ សុទ្ធតែមានដីធ្លីជាកម្មសិទ្ធិសម្រាប់បង្កបង្កើនផលរបស់ខ្លួន ។ បញ្ហាដែលគេចង់បាននោះ គឺឯករាជ្យបរិបូរណ៍ សម្រាប់ប្រទេសជាតិ ។ ចំណែកពួកកុម្មុយនីសគេមើលឃើញថា ប្រទេសកម្ពុជាជាទីតាំងមួយប្រសើរសម្រាប់ពួកគេ ។
ដោយឡែក នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ក៏បានធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានសារព័ត៌មានដ៏ធំមួយ ឈ្មោះញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារដែលធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល ។ ខ្លឹមសារនៃអត្ថបទនោះគឺ «… បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឱ្យកម្ពុជាទេ នោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនិស» ។ ព្រះបរមរតនកោដ្ឋបានលើកឡើងថា ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា «ពួកបារាំងទាំងអស់ ដែលនៅក្នុងស្រុកខ្មែរនឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ …» ។ ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឱ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឱ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ។ ការចរចានៅទីក្រុងប៉ារីស ប្រទេសបារាំង បានឈានទៅដល់សំណើមួយដែលធ្វើឡើងដោយមានប្រទេសបារាំងយល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា ។ ព្រះអង្គទ្រង់ក៏យាងត្រឡប់មករាជធានីភ្នំពេញវិញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ ។ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ព្រះអង្គទ្រង់បានសន្យាយ៉ាងមហោឡារិក ពីព្រះទីនាំងចន្ទឆាយាថា «ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ ភាគរយ» ។ ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះអង្គទ្រង់បានបង្កើតកងកម្លាំងជីវពល និងកងនារីក្លាហាន ។ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិតរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ពោលគឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជាក៏បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង ។ បារាំងក៏បានធ្វើពីធីមួយនៅមុខព្រះបរមរាជវាំងដែលឧទ្ធិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីកម្ពុជា ។ លោកឧត្តមសេនីយ៍ ឡង់ ក្លាត បានប្រគល់យ៉ាងមហោឡារិក នូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា ។ គ្រានោះ កងទ័ព និងអគ្គសេនាធិការរបស់បារាំងបានដកថយពីកម្ពុជា ។ ពពកខ្មៅចុងក្រោយដែលបិទបាំងមិត្តភាពខ្មែរ-បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីប្រទេសបារាំង នៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យ៉ាងណាម៉ិញ តាមរយៈការបំពេញតាមសន្យារបស់ព្រះអង្គចំពោះប្រជារាស្ត្រ ប្រជាពលរដ្ឋកម្ពុជាទាំងមូលបានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ហើយតាមសំណូមពររបស់តំណាងរាស្ត្រក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិរដ្ឋាភិបាល បានលើកព្រះអង្គជាវីរៈបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុងឧត្តមរបស់ព្រះអង្គ ៕
(រាយការណ៍ដោយ៖ គង់ ឧត្តម)
ប្រភព៖ វាយោ