ពានរង្វាន់សម្តេច ហេង សំរិន បើករដូវកាលថ្មី ប្រាក់រង្វាន់កើនដល់ ៣២លានរៀល
រដូវកាលទី២ ពានរង្វាន់បាល់ទាត់សម្ដេច ហេង សំរិន នឹងចាប់ផ្ដើមនាចុងខែសីហា ឆ្នាំ២០១៨នេះ ប្រាក់រង្វាន់សម្រាប់ម្ចាស់ពានកើនឡើងដល់ទៅ ៣២លានរៀល។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមលេខ២ លេខ៣ រួមក្រុមលេងល្អ អ្នកចាំទីល្អ អ្នកទាត់ចូលច្រើនជាងគេ សុទ្ធតែប្រាក់រង្វាន់កើនឡើងទាំងអស់។
(ទិដ្ឋភាពចាប់គូម្សិលមិញ)
ឯកឧត្ដម ធុល នាង ទីប្រឹក្សារបស់សម្ដេច ហេង សំរិន បានឲ្យដឹងថា ដោយសារប្រទេសជាតិមានភាពរីកចម្រើននាពេលបច្ចុប្បន្ននេះផង រួមនិងការពិភាក្សាជាមួយដៃគូសហការផងនោះ ទើបសម្រេចដំឡើងប្រាក់រង្វាន់ទៅតាមពានរង្វាន់និមួយៗ ដូចបាបរៀបរាប់ខាងលើ។
(ឯកឧត្ដម ធុល នាង)
អ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់ខាងលើនេះបន្ថែមទៀតថា សូមឲ្យកីឡាករទាំងអស់ខំប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ដើម្បីអ្នកគាំទ្រពេញចិត្តនិងទស្សនា ហើយខំប្រឹងឲ្យក្លាយជាកីឡាករល្អ ឬក្រុមលេងល្អនៅពេលចប់រដូវកាល។ ឯកឧត្ដមសង្ឃឹមទៀតថា កីឡាករទាំងអស់នឹងគោរពទៅតាមបទបញ្ជារបស់គណៈកម្មការរៀបចំការប្រកួតឲ្យបានត្រឹមត្រូវ មិនបោះបង់ការប្រកួតនៅពេលណាមួយ និងលេងដោយបច្ចេកទេស សហការក្រុមបានល្អ រួមទាំងលេងដោយការយោគយល់គ្នាផងដែរ។
(ទិដ្ឋភាពចាប់គូម្សិលមិញ)
រំលឹកដែរថា ពានរង្វាន់សម្ដេច ហេង សំរិន លើកទី២ នេះមានក្រុមចូលរួមចំនួន ២១ក្រុម ហើយនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។ សម្រាប់ប្រាក់រង្វាន់ក្រុមលេខ១ បាន ៣២លានរៀល ក្រុមលេខ២ បាន ២០លានរៀល ក្រុមលេខ៣ បាន ១៤លានរៀល ក្រុមលេងល្អ បាន ៦លានរៀល អ្នកទាត់ចូលច្រើនជាងគេ បាន ២លានរៀល និងអ្នកចាំទីល្អ បាន ២លានរៀល ផងដែរ៕
ប្រភព៖ Sabay