ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់បច្ចេកវិទ្យា ដែលប្រើសម្រាប់វាស់​ល្បឿន​រត់​កីឡាករ​លើ​ទីលាន​នៅ World Cup

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 15
មកស្គាល់បច្ចេកវិទ្យា ដែលប្រើសម្រាប់វាស់​ល្បឿន​រត់​កីឡាករ​លើ​ទីលាន​នៅ World Cup មកស្គាល់បច្ចេកវិទ្យា ដែលប្រើសម្រាប់វាស់​ល្បឿន​រត់​កីឡាករ​លើ​ទីលាន​នៅ World Cup

បច្ចេកវិទ្យា Electronic Performance & Tracking Systems (EPTS) អាច​បង្ហាញ​ចេញ​នូវ​ទិន្នន័យ​របស់​កីឡាករ​លើ​ទីលាន​ប្រកួត ពោល​ដូច​ជា​ចម្ងាយ​នៃ​ការ​រត់​ឬ​ល្បឿន​ កំពុង​ដាក់​ឲ្យ​ប្រើ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក។

World Cup ឆ្នាំ ២០១៨ បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការ​ប្រកួត​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​និង​មាន​ភាព​សុក្រឹត។ ជា​លើក​ទី​មួយ សហព័ន្ធ FIFA បាន​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​ប្រមូល​ទិន្នន័យ​ឆ្លង​កាត់​គ្នា​រវាង​ជំនួយ​ការ​គ្រូ​បង្វឹក​និង​អ្នក​វិភាគ​ទិន្នន័យ។

ឧបករណ៍ Tablet ​ដែល​អ្នក​រមែង​ឃើញ​ជំនួយការ​គ្រូ​បង្វឹក​កាន់​ជាប់​នឹង​ដៃ​ក្នុង​ការ​ប្រកួត មាន​បំពាក់​នូវ​បច្ចេកវិទ្យា Electronic Performance & Tracking Systems (EPTS) អាច​បង្ហាញ​ចេញ​នូវ​ទិន្នន័យ​របស់​កីឡាករ​លើ​ទីលាន​ប្រកួត ពោល​ដូច​ជា​ចម្ងាយ​នៃ​ការ​រត់​ឬ​ល្បឿន​ជា​ដើម។

ចំពោះដំណើរការ​វិញ ដំណាក់កាល​ដំបូង​ វា​ដំណើរការ​​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​វិភាគ​ទិន្នន័យ ឆ្លងកាត់ប្រព័ន្ធកាមេរ៉ា Optical Tracking ចាប់សកម្មភាពលើទីលាន មុន​ក្រុម​នេះ​ធ្វើ​ការ​បញ្ជូន​បន្ត​ទៅ​ឲ្យ​ជំនួយ​ការ​គ្រូ​បង្វឹក​ដែល​អង្គុយ​នៅទីតាំងកៅអី​បម្រុង​ និង​ដំណាក់កាល​ចុង​ក្រោយ​ប្រើ​សម្រាប់​បង្ហាញ​ទិន្នន័យ​ពី​ការ​ប្រកួត។ FIFA ក៏​សង្ឃឹម​ថា​បច្ចេកវិទ្យា​នេះ​សោត អាច​ជា​ស្ពាន​ចម្លង​ប្រព័ន្ធ​ឌីជីថល​ទំនើប​រវាង​ជាតិសាសន៍​ទាំង​ពីរ។

#ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូទី១

ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់ FIFA លោក Johannes Holzmuller បាន​មាន​ប្រសាសន៍​ថា៖ “យើង​ដឹង​ច្បាស់​ពី​ទីតាំង​នៃ​កីឡាករ​និង​បាល់​ដែល​កំពុង​ធ្វើ​សកម្មភាព​គ្រប់​ពេល​ទាំង​អស់​ក្នុង​ការ​ប្រកួត ដោយ​យើង​មាន​រង្វាស់​ច្រើន​ប្រភេទ​សម្រាប់​ការ​វិភាគ ហើយ​ក៏​អាស្រ័យ​ទៅ​លើ​ពួក​គេ​ក្នុង​ការ​សម្រេច​ចិត្ត​ប្រើប្រាស់ ប៉ុន្តែ​យ៉ាង​ណា​មិញ​យើង​ពិត​ជា​ចង់​ឲ្យ​មាន​ការ​កំណត់​យក​រង្វាស់​ច្បាស់លាស់​ណាមួយ​ដើម្បី​ប្រើ​រួម​គ្នា​សម្រាប់​ក្រុម​ទាំង​អស់”។ ​

#ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូទី២

បន្ថែម​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ដោយ​សារ​បច្ចេកវិទ្យា​ខាង​លើ ក៏​ដូច​ជា​បច្ចេកវិទ្យា​ថ្មី Goal Line Technology និង VAR លោក​បាន​ឆ្លើយ​តប​ថា៖ “តាម​ពិត​ទៅ​នៅ​ទី​បញ្ចប់កីឡាករ ២២ រូប និង​អជ្ញាកណ្តាល​មួយ​រូប នៅ​តែ​ជា​តួ​អង្គ​លើ​ទីលាន ប៉ុន្តែ​ការ​ប្រើ​បច្ចេកវិទ្យា​ទាំង​នេះ​គ្រាន់​ជា​ការ​បន្ថែម​និង​ជួយ​សម្រួល ការ​ផ្តល់​ទិន្នន័យ​មួយ​ផ្នែក​ធំ​ប៉ុណ្ណោះដើម្បី​ផ្ដល់​ភាព​សុក្រឹត​ជូន​ក្រុម​ដែល​ប្រកួត​”៕

អត្ថបទទាក់ទង