Honda មកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដោយមិនយកប្រាក់ខែ
Keisuke Honda ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាហើយ ដើម្បីត្រៀមលេងប្រកួតមិត្តភាព និងផ្លូវការនានា។
ការមកដឹកនាំនេះដែរ Honda មកក្នុងនាមជាអ្នកជួយពិតប្រាកដ ដោយមិនមានប្រាក់ខែអ្វីឡើយ។ យ៉ាងណាមិញ សហព័ន្ធនឹងរ៉ាប់រងចំពោះការស្នាក់នៅ ហូបចុក និងសំបុត្រយន្ដហោះ នៅពេលដែលរូបគេមកដឹកនាំក្រុមជម្រើសជាតិកម្ពុជានៅពេលខាងមុខនេះ ដើម្បីត្រៀមចូលលេងពានរង្វាន់ AFF Suzuki Cup។
មិនត្រឹមតែមកជួយអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាប៉ុណ្ណោះ Honda បានបញ្ជាក់ទៀតថាលោកនឹងជួយដល់កម្ពុជា ទៅលើការផ្សព្វផ្សាយឱ្យពិភពលោកកាន់តែស្គាល់ច្បាស់ថែមទៀត ថាកម្ពុជាជាប្រទេសស្រស់ស្អាត និងសំបូរដោយកន្លែងទេសចរណ៍នានា។ ការងារនេះទៀតសោត លោក Honda នឹងត្រូវរ៉ាប់រងអំឡុងពេលដឹកនាំក្រុមកម្ពុជានាពេលខាងមុខនេះ៕