ខ្មែរប៉ុស្ដិ៍ Close

សមាគមមិត្តភាពខ្មែរក្រៅស្រុក នៅបារាំង៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ជាគំរូសម្រាប់ប្រទេសក្នុងតំបន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ឯកសារ 67

«សមាគមមិត្តភាពខ្មែរក្រៅស្រុក» ដែលមានមូលដ្ឋានៅប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍វាយតម្លៃខ្ពស់ ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ ដោយមានភាពរលូន ក្នុងបរិយាកាសល្អប្រសើរទាំងក្នុងពេលយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោតដោយគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ ជាពិសេសនោះជាគំរូ សម្រាប់ប្រទេសក្នុងតំបន់។

ក្នុងសេចក្ដីថ្លែងការណ៍ដែលទទួលបាននៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ «សមាគមមិត្តភាពខ្មែរក្រៅស្រុក» បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបានផ្តល់តម្លៃដោយពលរដ្ឋខ្លួនឯង តាមរយៈការចូលរួមបោះឆ្នោតជាង៨២% នៃចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុប និងស្ថិតក្រោមក្រសែភ្នែកមនុស្សជាច្រើនម៉ឺននាក់ ដែលជាអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងភ្នាក់ងារគណបក្ស អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីបណ្តាប្រទេសជាង៥០ លើពិភពលោក ឃ្លាំមើលនូវដំណើរការបោះឆ្នោត។

ជាមួយគ្នានេះ «សមាគមមិត្តភាពខ្មែរក្រៅស្រុក» បានបញ្ជាក់ថា «ពលរដ្ឋខ្មែរបានចូលរួមពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសខ្លួន ដោយសម្តែងនូវឆន្ទៈតាមរយៈការចេញទៅបោះឆ្នោត ក្នុងចំនួនយ៉ាងច្រើនលើសលុបស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ដោយមានជម្រើសគ្រប់គ្រាន់ និងការពារដោយប្រព័ន្ធសម្ងាត់»

សូមបញ្ជាក់ថា បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀត នៅគ្រប់ការិយាល័យទាំង២២,៩៦៧ហើយនោះ ឃើញអត្រាប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ មានចំនួន៨២.៨៩% ៕

អត្ថបទទាក់ទង