សម្ពោធក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោកថ្មី នៅមុខបាក់ទូក
ដាំកូ ក្រុមហ៊ុនបម្រើសេវាដឹកជញ្ជូនទូទាំងសកលលោក បានបើកសម្ពោធការិយាល័យថ្មី កាលពីថ្ងៃទី៥ តុលា ដែលមានទីតាំងក្នុងអគារ Vtrust Tower ទល់មុខវិទ្យាល័យបាក់ទូក ដោយមានវត្តមានឯកឧត្ដម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្ដម Uffe Wolffhechel ឯកអគ្គរាជទូត ដាណឺម៉ាក ប្រចាំថៃ និងកម្ពុជា។
ការិយាល័យថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាទំនើប ដើម្បីជួយសម្រួលយុទ្ធសាស្ត្រការលូតលាស់របស់ក្រុមហ៊ុនតាមរយៈការពង្រីកបន្ថែមនៃសេវាដឹកជញ្ជូនទៅកាន់សាកលលោក។
លោក Marco Civardi ប្រធានគ្រប់គ្រងដាំកូ ប្រចាំវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា បាននិយាយថា៖ “ជាមួយនឹងចំណេះដឹងយល់ច្បាស់ពីអាជីវកម្មរបស់អតិថិជន សមត្ថភាពព្យាករណ៍ពីបម្រែបម្រួលទិសដៅទីផ្សារ និងបច្ចេកវិទ្យា ដាំកូនៅតែបន្តផ្ដល់អត្ថប្រយោជន៍ ព្រមទាំងព័ត៌មានសំខាន់ៗសម្រាប់រៀបចំយុទ្ធសាស្ត្រទីផ្សារខ្លួន”។
ដាំកូ ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាដឹកជញ្ជូន មានបណ្ដាញទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ស្ទាត់ជំនាញប្រកបដោយការច្នៃប្រឌិតផ្នែកឌីជីថល ដែលសព្វថ្ងៃមានវត្តមានលើទីផ្សារជាង ១០០ប្រទេស និងមានបុគ្គលិកសរុប ១១ ០០០នាក់៕