ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ បើកស៊ើបអង្កេត និងប្តឹងទៅក្រុមហ៊ុន Facebook ចំពោះការប្រឌិតព័ត៌មានថា សមាគមវៀតណាម អំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 93

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេត និងប្តឹងទៅកាន់ក្រុមហ៊ុន Facebook ដើម្បីចាត់វិធានការចំពោះ ​Facebook ក្រុមប្រឆាំងមួយចំនួនដែលបានប្រឌិតព័ត៌មានថា សមាគមវៀតណាមអំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា ដើម្បីបង្កចលាចលនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា​ ការផ្សព្វផ្សាយបែបនេះ គឺជាការប្រឌិតព័ត៌មានរ​បស់ក្រុមប្រឆាំងប៉ុណ្ណោះ ហើយក្រសួងកំពុងស៊ើបអង្កេត ដើម្បីចាត់វិធានការជុំវិញបញ្ហានេះ ដែលលោកសង្ឃឹមថា អ្នកប្រព្រឹត្តល្មើសច្បាប់ ក្នុងចេតនារំខានដល់ការបោះឆ្នោតនៅកម្ពុជា នឹងត្រូវរកឃើញនៅពេលឆាប់ៗនេះ។

ការអះអាងអំពីវិធានការរបស់ក្រសួងមហាផ្ទៃនេះ បានធ្វើឡើងបន្ទាប់ពីមាន Facebook ក្លែងក្លាយមួយដោយដាក់ឈ្មោះថា «សមាគមវៀតណាមនៅកម្ពុជា» រួមទាំងវេបសាយ និងបណ្តាញ Facebook របស់ក្រុមប្រឆាំង បានផ្សព្វផ្សាយថ្មីៗនេះថា សមាគមវៀតណាមនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមចំពោះបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវការប្រឌិតរបស់បណ្តាញព័ត៌មានក្រុមប្រឆាំងបែបនេះដែរ។

លោកបានចាត់ទុកថា ការប្រឌិតព័ត៌មានបែបនេះ គឺជាការញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមរបស់លោកនៅក្នុងប្រទេសកម្ពុជា។ លោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយ ដើម្បីទាត់ចោលនូវការប្រឌិតព័ត៌មាននេះនៅថ្ងៃស្អែកផងដែរ៕

ប្រភព៖ Fresh news

អត្ថបទទាក់ទង