ថៃកំពុងអនុវត្តច្បាប់ព្រៃ និងបានជាន់ឈ្លីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាព និងច្បាប់អន្តរជាតិ
ក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា, ថៃ បានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជាទាំងកម្រោលដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទ្រព្យសម្បត្តិរដ្ឋ និងឯកជន បណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ស្លាប់ និងរងរបួសជាច្រើននាក់។ កាន់តែសាហាវឃោរឃៅថែមទៀតនោះ សូម្បីតែប្រាង្គប្រាសាទបូរាណរបស់ខ្មែរមានអាយុកាលពាន់ឆ្នាំដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏ទាហានល្មោភសង្គ្រាមថៃ បានបាញ់ប្រហារបំផ្លាញចោលផងដែរ ដូចជា ប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាសាទជាច្រើនទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
យោធាថៃមិនមែនត្រឹមតែរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ ផ្សែងពុល រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទព្រះវិហារ នៅក្នុងខេត្តព្រះវិហារ និងប្រាសាទតាក្របីជាថ្មីទៀត នៅក្នុងខេត្តឧត្តរមានជ័យ។ ទង្វើដ៏សាហាវអមនុស្សធម៌មកលើប្រទេសកម្ពុជារបស់យោធាថៃ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា «ថៃកំពុងអនុវត្តច្បាប់ព្រៃ » លែងដឹងខុស លែងដឹងត្រូវទៀតហើយ ពោលគឺបាត់បង់ភាពជាមនុស្សជាតិហើយ។
ប្រាសាទព្រះវិហារ បានរងការខូចខាតម្តងហើយកាលពីសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយនៅពេលដែលថៃបានបើកការឈ្លានពានជាថ្មីចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ប្រាសាទព្រះវិហារត្រូវបានទាហានថៃបាញ់ផ្លោងដាក់ជាថ្មី និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត រួមទាំងប្រាសាទតាក្របីផងដែរ។
ការបាញ់បំផ្លិចបំផ្លាញរបស់យោធាថៃ មកលើប្រាសាទព្រះវិហារ និងប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា ជាទង្វើអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។
កន្លងមកថៃ តែងអះអាងថា ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទជាច្រើនទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃជាដើម ជារបស់ថៃ តែហេតុអ្វីបានជាថៃបាញ់បំផ្លាញចោលប្រាសាទទាំងអស់នោះទៅវិញ? បើទោះបីជាការអះអាងក្រោមលេសថាជារបស់ខ្លួន ដើម្បីចិញ្ចឹមចិត្តឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាក្តី ក៏ប្រាសាទទាំងអស់នោះ មិនមែនជារបស់ថៃឡើយ ហេតុដូច្នេះ ហើយទើបថៃប្រើវិធីសាស្ត្រ “នំមិនបានស៊ី គឺមានតែញីកំទេចចោល” ដោយបាញ់បំផ្លាញប្រាសាទរបស់កម្ពុជាចោលតែម្តង ព្រោះថា មហិច្ឆតារបស់ថៃ គឺអំពើឈ្លានពានវាតទី និងការរំលោភបានទឹកដីកម្ពុជាតែប៉ុណ្ណោះ។
យោធាថៃដឹងច្បាស់ណាស់ថា ប្រាសាទទាំងអស់នោះមិនមែនជារបស់ថៃឡើយ បើជារបស់ថៃ, ថៃមិនបាញ់បំផ្លាញចោលទេ។ សកម្មភាពរបស់ថៃ បានបង្ហាញឲ្យកាន់តែច្បាស់ថែមទៀតថា យោធាបានឈ្លានពានទាំងកម្រោលចូលដែនអធិបតេយ្យភាពកម្ពុជា។
យើងសូមថ្កោលទោសចំពោះអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិត្រូវចូលរួមចាប់បង្ខំភាគីថៃឲ្យអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី និងបញ្ឈប់ការធ្វើយុទ្ធនាការមួលបង្កាច់កម្ពុជា។ កម្ពុជា ជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ រាប់មិនអស់ ដោយសារតែរដ្ឋាភិបាល យោធា និងបណ្តាញផ្សព្វផ្សាយថៃផលិតព័ត៌មានក្លែងក្លាយ និងមួលបង្កាច់ទម្លាក់កំហុសមកលើកម្ពុជា គឺថៃបានបង្កហេតុគ្រប់បែបយ៉ាងដោយចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជាឥតស្រាកស្រាន្ត។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ សូមអំពាវនាវឲ្យអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌមនុស្សជាតិ សូមចូលរួមថ្កោលទោសឱ្យបានខ្លាំងក្លាបំផុត និងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ។
កិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្ដរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃ បាននិងកំពុងបន្តបាញ់ប្រហារ ដោយមិនញញើតមកលើគ្រប់ទីតាំង មិនថាជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបានខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរ៕
ដោយៈ សុខ សុវណ្ណ



