ហេតុអ្វីកម្ពុជាត្រូវបន្តរៀបចំនគរសង្ក្រាន្តឆ្នាំ២០២៦ ក្នុងពេលដែលបញ្ហាព្រំដែនមិនទាន់បានដោះស្រាយចប់នៅឡើយ?
ហេតុអ្វីកម្ពុជាត្រូវបន្តរៀបចំនគរសង្ក្រាន្តឆ្នាំ២០២៦ ក្នុងពេលដែលបញ្ហាព្រំដែនមិនទាន់បានដោះស្រាយចប់នៅឡើយ?
នៅពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងសម្ពាធយ៉ាងខ្លាំងក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច កម្ពុជាបានបង្ហាញភាពធន់និងម៉ឺងម៉ាត់ ក្នុងការរក្សាសន្តិភាពផ្ទៃក្នុង ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។ ទោះបីមានភាពតានតឹងនិងមានបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសថៃ ក៏ដោយ កម្ពុជាក៏អាចរក្សាជីវភាពសង្គម និងសកម្មភាពសេដ្ឋកិច្ចឲ្យដំណើរការបានយ៉ាងរលូនដែរ។ ក្នុងបរិបទនេះ ការរៀបចំនគរសង្ក្រាន្តនៅឆ្នាំ ២០២៦ នាពេលដ៏ខ្លីខាងមុខនេះ មិនមែនគ្រាន់តែជាការកម្សាន្ត ឬទំនៀមទម្លាប់ប្រពៃណីរៀងរាល់ឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលសម្រាប់ការបង្កើនស្ថិរភាពសង្គម និងបង្ហាញពីភាពរឹងមាំរបស់ប្រទេសជាតិផងដែរ។
ការធ្វើនគរសង្ក្រាន្តគឺជាសញ្ញាមួយបញ្ជាក់ថា សន្តិភាពនៅក្នុងប្រទេសកម្ពុជាមានភាពរឹងមាំ មិនមែនត្រឹមតែជាសារនយោបាយនោះទេ។ ពេលដែលប្រជាពលរដ្ឋអាចចូលរួមពិធីបុណ្យធំៗដោយសេរី និងមានសុវត្ថិភាព វាបង្ហាញថា មូលដ្ឋានសង្គមកម្ពុជានៅតែមានភាពរឹងមាំ។ សម្រាប់ភ្ញៀវទេសចរ និងអន្តរជាតិវិញ នេះជាសញ្ញាដែលបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងមានសក្តានុពលសម្រាប់វិនិយោគ និងការអភិវឌ្ឍន៏។
នគរសង្ក្រាន្តឆ្នាំ២០២៦ខាងមុខនេះ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងសាមគ្គីជាតិក្នុងមហាគ្រួសារខ្មែរទាំងមូលផងដែរ។ ការបង្កើតព្រឹត្តការណ៏នេះឲ្យប្រជាពលរដ្ឋពីគ្រប់ទីកន្លែង និងគ្រប់មជ្ឈដ្ឋានបានចូលរួម នោះនឹងបង្កើតបាននូវអារម្មណ៍ជាតិនិយមមួយគឺ “យើងជាខ្មែរ” ដែលជាគ្រឹះសម្រាប់ការការពារ និងអភិវឌ្ឍប្រទេសជាតិ។
រីឯនៅក្នុងស្ថានភាពសេដ្ឋកិច្ចវិញគឺកម្ពុជាកំពុងរក្សាបាននូវកំណើនប្រហែល ៥% ការរៀបចំនគរសង្ក្រាន្ត ជាវិធីសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍ និងសេវាកម្ម។ ព្រឹត្តិការណ៍នេះអាចទាក់ទាញភ្ញៀវទេសចរ បង្កើតចំណូលសម្រាប់អាជីវកម្មមូលដ្ឋាន និងជំរុញចលនាសេដ្ឋកិច្ចទាំងមូលឲ្យដំណើរការបានផងដែរ។ នេះក៏ជាវិធីផ្សព្វផ្សាយរូបភាពនិងមុខមាត់របស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងនេះក៏ជាការបង្កើនអំណាចទន់ soft power ដែលអាចប្រើប្រាស់សម្រាប់ទំនាក់ទំនង និងវិនិយោគនាពេលអនាគតបានផងដែរ។
ការរៀបចំនគរសង្ក្រាន្តនេះបង្ហាញថា រដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រងព្រឹត្តិការណ៍ធំៗបាន រួមទាំងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងសេវាសាធារណៈបាន ហើយនេះក៏ជាការបង្កើតទំនុកចិត្តសម្រាប់វិនិយោគិន និងដៃគូអន្តរជាតិថា កម្ពុជាមានសមត្ថភាពក្នុងការអភិវឌ្ឍ និងរក្សាលំនឹងសេដ្ឋកិច្ចនិងសង្គមបានយ៉ាងល្អផងដែរ។
នគរសង្ក្រានជាព្រឹត្តិការណ៍សំខាន់ណាស់របស់ប្រជាពលរដ្ឋខ្មែរហើយក៏ជាការបង្ហាញ អំពីអត្តសញ្ញាណវប្បធម៌ខ្មែរ និងប្រពៃណីជាតិរបស់ខ្មែរផងដែរ។ នៅក្នុងសម័យទំនើបនេះវប្បធម៌ ជាការរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិនេះជាឧបករណ៍សំខាន់មួយសម្រាប់ ការទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិ។
ការនៅបន្តរៀបចំនគរសង្ក្រាន ២០២៦ ក្នុងពេលដែលកម្ពុជាកំពុងទទួលរងនូវវិបត្តិសកល បញ្ហាសេដ្ឋកិច្ចនិងសង្គ្រាមឈ្លានពានពីប្រទេសថៃនេះ បានបញ្ជាក់ពីសារនយោបាយយ៉ាងច្បាស់ថា កម្ពុជា ជ្រើសរើសមាគ៌ាឆ្ពោះទៅរកសន្តិភាព និងស្ថិរភាព មិនបង្កើតសង្គ្រាមឡើយ បើទោះបីមានភាពតានតឹងព្រំដែនជាមួយថៃក៏ដោយ។ នេះបង្ហាញថាប្រទេសប្រទេសកម្ពុជាចង់បានសន្តិភាព និងអធិបតេយ្យភាព ហើយក្នុងពេលដំណាលគ្នានេះដែរក៏ចង់អភិវឌ្ឍសេដ្ឋកិច្ច និងរក្សាជីវភាពសង្គមឲ្យដំណើរការបានល្អផងដែរ។
ការបន្តរៀបចំនគររសង្ក្រាន្តនៅឆ្នាំ ២០២៦ គឺជាយុទ្ធសាស្ត្រដែលរាជរដ្ឋភិបាលបានរួមបញ្ចូលគ្នាទាំងនយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌។ ព្រឹត្តិការណ៍នេះក៏បង្ហាញថា កម្ពុជាមានភាពជឿជាក់លើខ្លួនឯង និងទិសដៅច្បាស់លាស់សម្រាប់អនាគតប្រកបដោយសន្តិភាព និងចីរភាព៕
ដោយ៖ ឥន្ទ ខេមរៈ




