កម្ពុជាក្នុងវិបត្តិព្រំដែន៖ រវាងការការពារអធិបតេយ្យ និងការគិតគូអំពីជីវភាពរបស់ប្រជាពលរដ្ឋ
ចាប់តាំងពីមានបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក ស្ថានភាពនៅតំបន់ព្រំដែននៅតែស្ថិតក្នុងស្ថានភាពផុយស្រួយ និងមិនមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភៀសសឹកដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅឡើយ។ យោធាថៃនៅតែបន្តអំពើឈ្លានពានទឹកដីកម្ពុជានៅក្នុងតំបន់ដែលថៃគ្រប់គ្រងបណ្តោះអាសន្ន ដោយរួមមានបន្តការឈូសឆាយផ្លូវ ការដាក់ទូរកុងតឺន័រ ដាក់បន្លាលួស និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងការរារាំងមិនឱ្យពលរដ្ឋប្រមាណជាង ៤ម៉ឺននាក់មិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន។ សកម្មភាពទាំងនេះគឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិជាច្រើនរួមមាន ទាំងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ច-សង្គម អនុសញ្ញាស្តីពី សិទ្ធិកុមារ និងសន្ធិសញ្ញាផ្សេងៗទៀតដែលត្រូវបានកម្ពុជានិងសហគមន៍អន្តរជាតិទទួលស្គាល់និងបានចុះហត្ថលេខា។
ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដែលមានគោលបំណងថា មិនប្រើកម្លាំងដើម្បីបំផ្លាញសន្តិភាព ឬបំផ្លាញកិច្ចព្រមព្រៀង ប៉ុន្តែត្រូវធ្វើការការពារអធិបតេយ្យភាពជាតិ និងសិទ្ធិរបស់ប្រជាពលរដ្ឋ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើកំណត់ទូតតវ៉ាចំពោះភាគីថៃ និងស្ថាប័នអន្តរជាតិជាច្រើនលើកច្រើនសារ ដើម្បីទាមទារឲ្យភាគីថៃគោរពច្បាប់អន្តរជាតិឲ្យបានពេញលេញ។
នៅកម្រិតផ្ទៃក្នុងប្រទេស កម្ពុជាក៏បានខិតខំផ្តល់ជំនួយដល់ប្រជាពលរដ្ឋភៀសសឹក ដោយរៀបចំជម្រកបណ្តោះអាសន្ន ផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត អគ្គិសនី និងសេវាសុខាភិបាលជាច្រើន រួមទាំងការរៀបចំសេវាអប់រំសម្រាប់កុមារថែមទៀតផងដែរ។ ការរៀបចំនេះបែបនេះមិនមែនមានន័យថារាជរដ្ឋាភិបាលមានគោលបំណងបោះបង់សិទ្ធិទាមទារទឹកដីដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ ប៉ុន្តែនេះជាការគិតគូដោះស្រាយជីវភាពជាក់ស្តែងដល់ប្រជាពលរដ្ឋកម្ពុជាក្នុងអំឡុងពេលនៃវិបត្តិនេះតែប៉ុណ្ណោះ ដើម្បីបង្កភាពងាយស្រួលឲ្យពួកគាត់មានកន្លែងសុវត្ថិភាព និងមានការរស់នៅសមរម្យ រហូតដល់ពេលដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញបាន។
សកម្មភាព និងការគិតគូទាំងអស់នេះ គឺជាឆន្ទៈនយោបាយដ៏មោះមុតរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងទំនួលខុសត្រូវខ្ពស់ដែលជាកាតព្វកិច្ចដ៏ចម្បងក្នុងការការពារអធិបតេយ្យជាតិ និងប្រជាជនកម្ពុជាផ្ទុយស្រឡះពីការចោទប្រកាន់ មួលបង្កាច់ ប្រឌិតព័ត៌មានផ្សេងៗរបស់ក្រុមប្រឆាំង ដែលរិះគន់វាយប្រហារមកលើរដ្ឋាភិបាលថា ការដោះស្រាយបញ្ហាប្រឈមចំពោះមុខចំពោះជនភៀសសឹក ជាការបោះបង់ទឹកដី ឬជាថ្នូរជាមួយប្រទេសជិតខាង ដើម្បីដូរយកសន្តិភាព ។
តាមការសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិ ដូចជា Reuters និង Fox News លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់រួចហើយថា យោធាថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ និងបានរារាំងមិនឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ដូច្នេះយុទ្ធសាស្ត្ររបស់កម្ពុជាបែបនេះគឺផ្អែកលើការរួមបញ្ចូលគ្នារវាងការការពារទឹកដី និងការការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជម្រើសបែបនេះ មានន័យថាដៃម្ខាងរបស់រដ្ឋាភិបាលគឺកំពុងទាមទារអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ ខណៈដែលដៃម្ខាងទៀតកំពុងដោះស្រាយនិងសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់ជំនួយសង្គម និងសេវាអប់រំ-សុខាភិបាល។ នេះជាការបញ្ជាក់ពីភាពត្រឹមត្រូវសមស្រប និងការទទួលខុសត្រូវ ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាពផង និងការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរងគ្រោះពីសង្គ្រាមឈ្លានពានផង។
សរុបជារួមមក យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់កម្ពុជា បង្ហាញពីភាពឈ្លាសវៃផ្នែកនយោបាយ និងការទទួលខុសត្រូវក្នុងការការពារអធិបតេយ្យ និងជីវភាពប្រជាពលរដ្ឋព្រមទាំងការរួមបញ្ចូលគ្នារវាង ការធ្វើការងារការទូតយ៉ាងសកម្ម ការគ្រប់គ្រងសន្តិសុខក្នុងប្រទេស និងការផ្តល់ជំនួយសង្គម នោះគឺជាការផ្ដល់ភាពកក់ក្តៅមួយសម្រាប់ទាំងសន្តិភាព ស្ថេរភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់តាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលកំពុងជួបការលំបាក។ ការចាត់វិធានការបន្ទាន់បែបនេះមានន័យថា កម្ពុជាធ្វើអ្វីៗគ្រប់យ៉ាងដើម្បី រក្សាអធិបតេយ្យភាព គោរពច្បាប់អន្តរជាតិ និងការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានសមរម្យ មានន័យថាគិតទាំងជីវភាពប្រជាពលរដ្ឋកម្ពុជា និងគិតទាំងការទាមទារទឹកដីលើឆាកអន្តរជាតិ៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ




