ខ្មែរប៉ុស្ដិ៍ Close

មកមើលចម្លាក់​ថ្ម​ដ៏អស្ចារ្យ នៅខាងកើតជើងភ្នំគូលែន​នាសតវត្សរ៍​ទី ១១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 33
មកមើលចម្លាក់​ថ្ម​ដ៏អស្ចារ្យ  នៅខាងកើតជើងភ្នំគូលែន​នាសតវត្សរ៍​ទី ១១ មកមើលចម្លាក់​ថ្ម​ដ៏អស្ចារ្យ នៅខាងកើតជើងភ្នំគូលែន​នាសតវត្សរ៍​ទី ១១

​ទិដ្ឋភាព​រូបចម្លាក់​ដ៏​ស្រស់ត្រកាល​នៃចម្លាក់ថ្មពើងភ្នំបុរាណ​នៅ​ភាគ​ខាងកើត​នៃ​ជើងភ្នំ​គូលែន ឬ​ឈ្មោះ​ដើម​ម​ហេ​ន្ទ្រ​បព​ត៌ បានរំលេច​នូវ​ផ្ទាំង​ថ្ម​ធម្មជាតិ​ធំៗ​ដ៏​រាយប៉ាយ​ ជាពិសេស​ចម្លាក់​គំនូរ​ទេវ​ព្រហ្មញ្ញសាសនា​ផុស​លើ​ផ្ទាំង​ថ្ម ហាក់បីដូចជា​ទីឋាន ក្នុង​រឿងព្រេង​និទាន​ កាលពី​យូរលង់ អន្ទង​ចិ​ត្ដ​អ្នកសិក្សា​ផ្នែក​បុរាណវិទ្យា និង​ទេសចរ​ចង់ដឹង​ ចង់ឃើញ​ពី​តំបន់​ទីក្រុង​បុរាណ​មួយ​នេះ ​។​

​នៅក្នុង​ជំនឿ​ប្រណិប័តន៍​លទ្ធិ​ព្រះពុទ្ធសាសនា​កាត់​ក្លាយ​ព្រហ្ម​ម​ញ្ញ​សាសនា ដែល​តែងតែ​គោរពបូជា​ទីទួល ជ្រោះជ្រលង​ដងភ្នំ​ ស្ទឹង​ បឹងបួ​ ព្យុះ ភ្លៀង ផ្គរ ទេព្រក្ស​ទេវតា​ព្រលឹង​ម្ចាស់​ទឹក​ម្ចាស់​ដី​លតា​វល្លិ ពើង​ទាំងអស់​ត្រូវបាន​ចាត់ទុកជា​ប្រាសាទភ្នំ ជាទី​សក្ការបូជា​សម្រាប់​សាសនា ​ដែល​ពើង​មួយចំនួន បាន​បន្សល់ទុក​នូវ​រូបចម្លាក់​ទេវ និង​ សិលា​ចារិក​រហូតដល់​សព្វថ្ងៃ​ ។​

​ចម្លាក់​គម​នូ​នោះ​នៅ​ភាគ​ខាង​ភ្នំ​គូលែន​ភាគ​ខាងកើត ក្នុង ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ដែលមាន ផ្ទាំង​ថ្ម​ធម្មជាតិ​ធំៗ​រាយប៉ាយ​ត្រូវបាន​រចនា​ឡើង​ចម្លាក់​គំនូរ​ដ៏​ស្រស់ស្អាត ​ដែលជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​ស្ថិតក្នុង​សតវត្សរ៍​ទី ១១ សម័យ​ព្រះបាទ​ហ​ស៌​វរ្ម័នទី ៣​។​

​តាម​ឯកសារ​ចងក្រង​ដោយ​និស្សិត​មហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​បង្ហាញថា ចម្លាក់ នៅ​ពើង​គំនូរ​ចម្លាក់​នោះ​មាន ៤ ផ្ទាំង ដោយ​ផ្ទាំង​ថ្ម​ទីមួយ​ ស្ថិតនៅ​ភាគ​ខាងលិច​មាន​ចម្លាក់​ទេវ​ក្នុង​ព្រហ្មញ្ញសាសនា គឺ​រូប​ព្រះ​វិស្ណុ​ផ្ទុំ​លើ​នាគ​អនន្ដ ដែលមាន​ព្រះព្រហ្ម​គង់​លើ​ផ្កាឈូក​ដុះ​ចេញពី​ផ្ចិត​របស់​ព្រះ​វិស្ណុ​ ។​

ផ្ទាំង​ទី​ពីរ​នៅ​ទល់មុខ​ចម្លាក់​នេះ​ មាន​ចម្លាក់​ព្រះ​គណេស​ព្រះហស្ថ ៨ រួមជាមួយ​លិង្គ​បញ្ឈរ​ចំនួន ៣ អមដោយ​ស៊ុម​ព័ទ្ធជុំវិញ​។​ ផ្ទាំង​ទី ៣ ស្ថិតនៅ​ខាងកើត​ផ្ទាំង​នេះ ​មាន​ចម្លាក់​ទេវ​ជាច្រើន​អង្គ ក៏ដូចជា សិលាចារឹក​និង​សត្វ​។ ប្រមាណ ៤០ ម៉ែត្រ​ពី​គំនូរ​នេះ​ផ្ទាំង​ថ្ម​ទី ៤ គឺជា​ចម្លាក់​ព្រះ​វិស្ណុ​ឈរលើ​គ្រុឌ​ផ្នែក​ខាងជើង​នៃ​ពើង​ហើយ​និង​មួយ​ផ្ទាំង​ទៀត ​ស្ថិតនៅ​ចន្លោះ​ពើង​ទី ២ និង​ទី ៣ មាន​ឃើញ​គំនូរ​ត្រី​មួយគូ​ផងដែរ​។​ផ្ទាំង​ទី ៣ ដែល​រំលេច​នូវ​ពណ៌​ខៀវ​ដ៏​ស្រស់ស្អាត​ស្ថិតនៅលើ​ពើង​ទើបនឹង​ផ្អៀង ត្រូវបាន​បែងចែក​ជា ៣ ផ្នែក​ ។​

​ផ្នែក​ទីមួយ​មាន​ចម្លាក់​ព្រះ​បដិមា​ចំនួន ៥ អង្គ និង​សិលាចារឹក​មួយ​ផ្ទាំង (k.176) ១៦ បន្ទាត់​សរសេរ​ជា​ភាសាសំស្ក្រឹត​។ ផ្នែក​ទី​ពីរ មាន​ចម្លាក់​បដិមា​ធំ ៤ អង្គ​ទ្រង់​ឈរ ចម្លាក់​ទេវរូប​តូចៗ ៣ អង្គ ចម្លាក់​ឥសី​ប្រណម​ចំនួន ៧ និង​សិលា​ច​រឹក​មួយ​ផ្ទាំង​។ ផ្នែក​ទី​បី មាន​ចម្លាក់​ព្រះ​វិស្ណុ​ផ្ទំ​លើ​នាគ​ក្បាល​បី ចម្លាក់​ព្រះ​វិស្ណុ​ត្រី​វិក្រម ឬ​ព្រាហ្មណ៍​តឿ​ឈាន​បី​ជំហាន ដែលមាន​ព្រះហស្ត ៤ រួមទាំង​ទេវរូប​តូច ៣ អង្គ​។​

​តាម​ការស្រាវជ្រាវ​ដដែល​បាន​ស្រាវជ្រាវ​នូវ​ការបកស្រាយ​ភាសាសំស្ក្រឹត​លើ​សិលាចារឹក​ដោយ​សង្ខេប ៦ វគ្គ​ថា​៖ «​វគ្គ​ទី​១ ចាប់ពី​បន្ទាត់​ទី ១ ដល់​បន្ទាត់​ទី ៤ រៀបរាប់​ពី​ការស្ថាបនា​ទេវ​លើ​ម​ហេ​ន្ទ្រ (​ភ្នំ​គូលែន​) ដោយ​សិវ​សោម​។ វគ្គ​ទី​២ បន្ទាត់​ទី​៥ ដល់ទី​៨ និយាយ​ពី​ការលះបង់​អ្វីៗ​គ្រប់យ៉ាង​របស់ សិវ​សោម ដើម្បី​បូជា​ចំពោះ​ទេវ​ទាំងនោះ​។

វគ្គ​ទី​៣ ពី​បន្ទាត់​ទី​៩ ដល់ទី​១០ ស្ដីពី​រឿងរ៉ាវ​សង្ខេប​របស់ គិ​វ​សោម​។ វគ្គ​ទី​៤ ពី​បន្ទាត់ ១១ ដល់ទី ១២ ស​សើរ​ដល់ គិ​វ​សោម​។ វគ្គ​ទី​៥ ពី​បន្ទាត់​ទី​១៣ ដល់ទី​១៤ និយាយ​ពីថ្ងៃ​អ​វ​សាន្ដ​របស់ គិ​វ​សោម និង​ចុងក្រោយ វគ្គ​ទី​៦ ពី​បន្ទាត់​ទី​១៥ ដល់ទី​១៦ ពិពណ៌នា​ពី​គុណ​សម្បត្ដិ សិវ​សោម ជា​លើកចុងក្រោយ​» ៕

អត្ថបទទាក់ទង