ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៤ចំណុច ដើម្បីឱ្យពិភពលោក រួមគ្នាពង្រឹងថែ​មទៀតនូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងប្រកបដោយយុត្តិធម៌

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 55

(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ ​«តួនាទីគណបក្សនយោបាយរុស្ស៉ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចែករំលែកទស្សនៈ៤ចំណុច ដើម្បីឱ្យពិភពលោក រួមគ្នាពង្រឹងថែ​មទៀតនូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងប្រកបដោយយុត្តិធម៌។

វេទិកាខាងលើនេះ មានការចូលរួមពីមេដឹកនាំគណបក្សកាន់អំណាចរុស្ស៉ី និងមេដឹកនាំបណ្តាអាស៊ានមួយចំនួន ដូចជាកម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជាដើម។

ការលេចឡើងនូវបញ្ហាប្រឈមជាច្រើនមិនធ្លាប់មាន និងត្រួតស៊ីគ្នា ជាពិសេសការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរបស់មហាអំណាច នាពេលបច្ចុប្បន្ន ត្រូវបានមើលឃើញថា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖

ទី១៖ យើងត្រូវបន្តរក្សាការប្តេជ្ញាចិត្ត និងការតាំងចិត្តក្នុងការពង្រឹងតួនាទី និងឥទ្ធិពលរបស់អង្គការសហប្រជាជាតិ ហើយគោរពឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍​អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗ។ ការអនុវត្តច្បាប់អន្តរជាតិ ដាច់ខាតត្រូវតែមានយុត្តិធម៌ និងចៀសវាងការប្រកាន់ស្តង់ដារពីរ ជាពិសេសការប្រើប្រាស់ច្បាប់អន្តរជាតិ ដោយបំពាន និងមិនមានតម្លាភាព ដែលអាចនាំទៅដល់ការបាត់បង់ជំនឿជឿជាក់ និងការគាំទ្រទៅលើសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

ទី២៖ យើងត្រូវប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី និងមធ្យោបាយការទូត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ រួមទាំងជម្លោះប្រដាប់អាវុធ ​ដោយពិចារណាឱ្យបានហ្មត់ចត់នូវកង្វល់ សន្តិសុខរបស់រដ្ឋ អធិបតេយ្យទាំងអស់ ស្របតាមគោលការណ៍ដែលទទួលស្គាល់ជាសកល នៃច្បាប់អន្តរជាតិ។ ត្រង់ចំណុចនេះ សម្តេចបានបញ្ជាក់ថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេ ហើយការប្រើប្រាស់វិធានការឯកតោភាគី ក៏ដូចជាទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ច មិនអាច​នាំមកនូវដំណោះស្រាយយូរអង្វែងនោះឡើយ ប៉ុន្តែអាចធ្វើឱ្យវិបត្តរឹតតែស្មុគ្រស្មាញ និងអូសអន្លាយ» នេះមិនទាន់និយាយដល់ផលប៉ះពាល់ ដែលវិធានការទាំងនេះ មានមកលើប្រទេសដទៃទៀតផង។

ទី៣៖ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់មួយ​ ដែលមាននិរន្តរភាព លុះត្រាណាតែវាមានបរិយាបន្ន បានន័យថា មិនមែនប្រទេសមហាអំណាចមួយចំនួនតូច ធ្វើការសម្រេចចិត្តជំនួសពិភពលោកទាំងមូលបានទេ ប៉ុន្តែត្រូវមានការចូលរួមពីសមាជិកដទៃទៀត ដើម្បីធានាថា ប្រយោជន៍ និងកង្វល់របស់ពួកគេ មិនត្រូវបានព្រងើយកន្តើយ។ ដូច្នេះស្ថាប័នអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ​ត្រូវធ្វើកំណែទម្រង់ និងធ្វើការផ្តល់សំឡេង និងអំណាចគ្រប់គ្រាន់ ទៅដល់ប្រទេសដែលមាន សេដ្ឋកិច្ចកំពុងងើបឡើង និងប្រទេសកំពុងអភិវឌ្ឍដទៃទៀត ដើម្បីពួកគេអាចមានលទ្ធភាពចូលរួមពេញលេញ នៅក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍសកល។

ទី៤៖ យើងត្រូវបដិសេធឯកតោភាគីនិយម និងការគាំពារនិយម ហើយងាកមកចូលរួមជាមួយគ្នាពង្រឹងពហុភាគីនិយម ដែលសេរី បើចំហរ ​តម្លាភាព បរិយាបន្ន យុត្តិធម៌ផ្អែកលើច្បាប់។ អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ មិនមែនជាការកាត់ផ្តាច់គ្នា ឬការហ៊ុមព័ទ្ធគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែជាការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការដាក់របាំងការពារកុំឱ្យការប្រកួតប្រជែងទាំងនោះ នាំទៅដល់ការខាតបង់ទាំងសង្ខាង៕

អត្ថបទទាក់ទង