ខ្មែរប៉ុស្ដិ៍ Close

ដំណើរឆ្ពោះទៅការប្រារព្ធខួប ២០ឆ្នាំ នៃសន្តិភាពនៅកម្ពុជា ​និងការសម្ពោធវិមានឈ្នះឈ្នះ (វគ្គទី១)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 86
ដំណើរឆ្ពោះទៅការប្រារព្ធខួប ២០ឆ្នាំ នៃសន្តិភាពនៅកម្ពុជា ​និងការសម្ពោធវិមានឈ្នះឈ្នះ (វគ្គទី១) ដំណើរឆ្ពោះទៅការប្រារព្ធខួប ២០ឆ្នាំ នៃសន្តិភាពនៅកម្ពុជា ​និងការសម្ពោធវិមានឈ្នះឈ្នះ (វគ្គទី១)

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ កម្ពុជានឹងប្រារព្ធខួប២០ឆ្នាំ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញក្រោម ការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កាលពី ២០ ឆ្នាំមុន ពលរដ្ឋខ្មែរពិតជាសប្បាយរីករាយជាទីបំផុតជាមួយនឹងសន្តិភាពដែលទទួលបានពីភាពជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបានរំលាយអង្គការចាត់ តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម នាំមកនូវសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹក ដីមិនដែលមានសោះក្នុងក្នុងរយៈពេល ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជាចុងក្រោយនេះ។

២០ឆ្នាំក្រោយមក កម្ពុជា បានសប្បាយរីករាយនឹងផ្លែផ្កានៃសន្តិភាព និងទទួលអំណរសាទរសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយគ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (សម្រាប់រយៈពេល៣ថ្ងៃ) នៅ មហាវិថី ឈ្នះ-ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មីឈ្មោះ «មរតកតេជោ» នៅតំបន់អភិវឌ្ឍន៌ លី យ៉ុងផាត់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា៖ «វិមានឈ្នះ-ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍន ភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេសដែលពេលនេះ កម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ វិមានឈ្នះ ឈ្នះ គឺតំណាងអោយកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍»។

​ដើម្បីចូលរួមអបអរសាទរខួបលើកទី២០ នៃជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងកម្ពុជា ២០ឆ្នាំនៃសន្តិភាពដែលកម្ពុជាមាន អ្នកវិភាគចៅចាក់ស្មុកបាន សរសេរនូវអត្ថបទ ស្រាវជ្រាវមួយចំនួននិយាយពីដំណើរសន្តិភាពនៅប្រទេសកម្ពុជាដោយចាប់ផ្តើមពីការវាយផ្តួលរំលំរបបខ្មែរក្រហម រហូតដល់ការទទួលបានជោគ ជ័យក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ។ សំណេរនេះក៏ដើម្បី​រំឭក​ដឹងគុណ ​និង​គុណ​តម្លៃ​នៃ​នយោបាយ ​ឈ្នះ ឈ្នះ ថា​តើ​អ្វី​ទៅជា​នយោបាយ​ឈ្នះ ឈ្នះ​? តើ​នយោ បាយ ​ឈ្នះ ឈ្នះ មានការ​អនុវត្ដ​​និង​ដំណើរការ​បែបណា​? នៅទីណា​? អ្នកណាខ្លះចូលរួម​? មាន​បញ្ហា​ប្រឈម ពុះពារ​​ឆ្លងកាត់ឧបសគ្គអ្វីខ្លះនៅក្នុង​ដំណាក់កាល​នៃ​ការដាក់ចេញ​សម្រាប់​ការអនុវត្ត​នយោបាយ ​ឈ្នះ ឈ្នះ? តើ​ការ​បាន​ដាក់ចេញ​នូវ​គោល​​នយោបាយ​ឈ្នះ ឈ្នះ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បានទទួលផ្លែផ្លាអ្វីខ្លះក្នុងរយៈ ពេល ២០ ឆ្នាំមកនេះក្រោយពីកម្ពុជាមានសន្តិភាពពេញលេញនេះ?

វគ្គទី១៖ កម្ពុជាក្នុងដំណើរបញ្ចប់ជម្លោះប្រដាប់អាវុធតាម រយៈមធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ

បើទោះបីជារបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានវាយផ្តួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រំដោះប្រទេសនិងប្រជាជនចេញពីក្រញ៉ាំដៃរបបវាលពិឃាតក៏ដោយ ក៏កម្ពុជាមិនមានសន្តិ ភាពពេញលេញដែរ។ សង្គ្រាមស៊ីវិល នៅតែបន្តធ្វើឱ្យប្រជាជនកម្ពុជារងទុក្ខវេទនារស់នៅក្នុងស្ថានភាពសន្តិភាពផងនិងសង្គ្រាមផង ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ នៅចំពោះមុខទុក្ខសោករបស់ប្រទេសជាតិ និងប្រជាជនខ្មែរនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកបានប្តូរឈ្មោះមករដ្ឋកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយ លើជម្លោះកម្ពុជា ក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដី ប្រមូលធនធានមនុស្ស និងថវិកាដើម្បីកសាងប្រទេសកម្ពុជាឱ្យរីកចម្រើនលើគ្រប់វិស័យឡើងវិញ បន្ទាប់ពីទទួលរងនូវការបំផ្លិចបំផ្លាញដោយសារសង្គ្រាមជាច្រើនឆ្នាំរួចមក។

ដោយឈរនៅលើទស្សនទាន «សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុង» និងដើម្បីសម្រេចបាននូវដំណោះ ស្រាយនយោបាយលើជម្លោះកម្ពុជានេះ តម្រូវការចាំបាច់ ដែលសម្តេចតេជោ ហ៊ុន សែន យល់ឃើញគឺត្រូវតែមានការចរចាក្នុងចំណោមភាគីខ្មែរ ដែលមានជម្លោះប្រដាប់អាវុធនេះ។ ហេតុដូច្នេះហើយបានជានៅឆ្នាំ ១៩៨៤ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួបមួយរវាងសម្តេចតេជោជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស៍ប្រទេសបារាំង។ ជំនួបនេះត្រូវបានជួយរៀបចំឡើង ដោយរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងនាសម័យនោះ ក៏ប៉ុន្តែជំនួបនេះ ត្រូវបានអាក់ខានទៅវិញ ដោយសារតែមានប្រទេសមួយចំនួន រួមនឹងក្រុមខ្មែរក្រហមផងនោះបានធ្វើការជំទាស់។ ក្តីរំពឹងនៃការស្វែងរកសន្តិភាពត្រូវបានរំខាន ប៉ុន្តែទោះបីជាយ៉ាងណាក៏រដ្ឋាភិបាលកម្ពុជានៅពេលនោះមិនបោះបង់នូវការព្យាយាមនេះឡើយ។

​ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣៧ឆ្នាំ ខណៈប្រទេសកម្ពុជាស្ថិត នៅក្នុងដំណាក់កាល នៃសង្គ្រាមស៊ីវិលពេញបន្ទុក។ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម ក៏បានដាក់ចុះនូវគោល នយោបាយជាច្រើនបន្ថែមទៀតដើម្បីនាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនក្នុងនោះរួមមាន៖

ទី១៖ កសាងកងកម្លាំងយោធារបស់សាធារណរដ្ឋប្រជា មានិតកម្ពុជាឱ្យកាន់តែរីកចម្រើនធំធាត់ទាំងបរិមាណនិងគុណភាព។

ទី២៖ ធ្វើឱ្យរដ្ឋាភិបាលចម្រុះត្រីភាគីឃ្លាតចេញពីគ្នាបន្តិចម្តងៗ ពីព្រោះកម្លាំងបីមានសារធាតុខុសគ្នា ហើយងាយនឹងឃ្លាតចេញពីគ្នា។

ទី៣៖ អូសទាញកម្លាំងរាជានិយមដែលមាន សម្តេចព្រះ នរោត្តម សីហនុ ជាប្រធាន ឱ្យវិលត្រឡប់មករួមរស់ជាមួយសង្គមជាតិវិញ ព្រមទាំងកម្លាំងរបស់សម្តេច សឺន សាន ផងដែរ។

ទី៤៖ ធ្វើឱ្យកម្លាំងខ្មែរក្រហមធ្លាក់ក្នុងសភាពឯកោពីកម្លាំងរដ្ឋាភិបាលចម្រុះត្រីភាគី ឯកោពីឆាកអន្តរជាតិ ពិសេសឯកោពីបណ្តាប្រទេសដែលធ្លាប់តែជួយពួកគេ។ នេះគឺជាចំណុចផ្តើមយ៉ាងសំខាន់នៃការលេចចេញរូបរាងនៃយុទ្ធសាស្ត្រនយោបាយមួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះដើម្បីរំលាយក្រុមខ្មែរក្រហម ពីនយោបាយកម្ពុជា។ យុទ្ធសាស្ត្រដែលសម្តេច បានដាក់ចុះនៅក្នុងអំ ឡុងទសវត្សរ៍ឆ្នាំ ១៩៨០ នោះមានឈ្មោះថា «យុទ្ធសាស្ត្រឌីហ្វីដ»។

យុទ្ធសាស្ត្រឌីហ្វីដមកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះធ្វើឡើងជាដំណាក់កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយដោយសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុមខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។

នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងលើផ្ទៃដីភាគច្រើននៃប្រទេស បានប្រឹងប្រែងក្នុងការស្វែងរកការចរចាជា មួយ​នឹងសម្តេចព្រះ នរោត្តម សីហនុ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកការចរចានេះ មិនមែនមានន័យថា រដ្ឋាភិបាលកម្ពុជា មានភាពទន់ខ្សោយមិនអាចទប់ទល់នឹងចលនាតស៊ូត្រីភាគីនោះឡើយ ប៉ុន្តែគឺដើម្បីបុព្វហេតុសន្តិភាព និងសុខសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ការខិតខំលើកនេះ ត្រូវបានគេមើលឃើញថាប្រើរយៈពេលវែងបង្គួរ ដោយមានការជួយជ្រោមជ្រែងពីប្រទេសជាមិត្តភ័ក្តិនានារបស់កម្ពុជា និងឥស្សរជនខ្មែរមួយចំនួន ដែលក្នុងនោះមានលោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាងគេនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ និងពីសម្តេចព្រះ នរោត្តម សីហនុ មកសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានជួយការងារយ៉ាងច្រើនដល់សម្តេច ហ៊ុន សែន នៅក្នុងអំឡុងពេលនៃការចរចានៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។

ទោះបីជាមានការលំបាកដោយសារតែប្រទេសមួយចំនួន និងភាគីខ្មែរក្រហមព្រមទាំងភាគីរណសិរ្សរំដោះ ប្រជា ពលរដ្ឋខ្មែររបស់សម្តេច សឺន សាន ជំទាស់យ៉ាងណាក្តី ក៏សម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះទ័យ ធ្វើការចរចាជាមួយសម្តេចតេជោ ហ៊ុន សែន។ ការចាប់ ផ្តើមចរចាដំបូងគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់ តាដឺន័រ​ ប្រទេសបារាំងដែលការចរចានេះមានសេច ក្តីប្រកាសរួមឡាយព្រះហស្ថលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន។ សេចក្តីប្រកា សរួមរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ បានសរសេរថា៖ «ដោយសារតែមានគោលបំណងរួមមួយក្នុងការបញ្ចប់ជម្លោះកម្ពុជាតាមរយៈ មធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន បានជួបចរចាគ្នាពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់តាដឺន័រ ប្រទេសបារាំង។ នៅក្នុងអំឡុង ពេលនៃជំនួបជាប្រវត្តិ សាស្ត្រនេះ ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងដូចខាងក្រោម៖

១៖ ជម្លោះកម្ពុជាចាំបាច់ត្រូវឆ្លងតាមរយៈដំណោះស្រាយនយោបាយមួយ។

ទី២៖ បញ្ហាកម្ពុជា ចាំបាច់ត្រូវដោះស្រាយដោយប្រជាជន កម្ពុជាខ្លួនឯងតាមរយៈការចរចារវាងគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះ ដើម្បីបញ្ចប់សង្គ្រាម ការបង្ហូរឈាម និងដើម្បី កសាងឡើងវិញនូវកម្ពុជាមួយដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ បូរណភាពដែនដី អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ។

ទី៣៖ នៅពេលដែលកិច្ចព្រមព្រៀងមួយនឹងត្រូវបាន សម្រេចឡើងរវាងភាគីកម្ពុជាទាំងអស់ សន្និសីទអន្តរ ជាតិមួយនឹងត្រូវរៀបចំឡើងដើម្បីធានាកិច្ចព្រមព្រៀងនេះ ធានានូវឯករាជ្យភាពរបស់កម្ពុជា ធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

ទី៤៖ ភាគីទាំងពីរ បានទទួលយកនូវការជួបប្រជុំគ្នាសាជាថ្មីនៅក្នុងអំឡុងខែមករា ឆ្នាំ ១៩៨៨ នៅអង់តាហ្វែរដឺន័រ ប្រទេសបារាំង។ ភាគីទាំងពីរក៏បានយល់ព្រមគ្នាផងដែរ ក្នុងការជួប គ្នាលើកទី៣ នៅរាជវាំង ឆាងស៊ូអ៊ុន របស់សម្តេចព្រះ នរោត្តម សីហនុ នីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ដែលកាលបរិច្ឆេទនឹងត្រូវសម្រេច នៅពេលក្រោយ។ នៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានលើកឡើងនេះ ហើយនៅក្នុងផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាជាតិកម្ពុជា ភាគីទាំងពីរអញ្ជើញភាគីកម្ពុជា ផ្សេងទៀតចូលរួម ជាមួយខ្លួននៅក្នុងតុចរចាដើម្បីឈានទៅដល់ដំណោះស្រាយឆាប់រហ័សមួយលើបញ្ហាកម្ពុជា ដែលនឹងចូលរួមក្នុងការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអា គ្នេយ៍។ ការចារចាសីហនុ-ហ៊ុន សែន លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅសាំងហ្សែម៉ាំង អង់ឡេ (Saint-Germain-en-laye) ប្រទេសបារាំង។

ចាប់តាំងពីជំនួបបើកផ្លូវរវាងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ទាំងពីរលើក គេបានមើល ឃើញថា ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង ហើយវេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនួនដូចជាកិច្ចប្រជុំ JIM1 JIM2 IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែល​​បានបើកធ្វើនៅខែកក្កដា និងខែសីហា ឆ្នាំ ១៩៨៩ តែពុំទទួលបានលទ្ធផលផ្លែផ្កាអ្វីឡើយ។ នៅចំពោះមុខនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវខិតខំស្វះស្វែងរកគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើការងារជាមួយសម្តេចព្រះ នរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅកាត់ថា អេស អ៊ិន ស៊ី (Supreme National Council) ដែលចែកចេញជាបីដំណាក់កាល៖​

* ដំណាក់កាលទី១៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ១៩៩០ ចុះ ហត្ថលេខារវាងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងបាងកក ប្រទេសថៃ។

* ដំណាក់កាលទី២៖ ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលការចុះហត្ថលេខារវាង សម្តេចព្រះ នរោត្តម សីហនុ ក្នុងនាមព្រះប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន នៅក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាប្រជាធិបតេយ្យ តែពហិការដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើតនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់មួយតាមរូបមន្ត ៦+៦ ឬ៦+២+២+២=១២ មានន័យថា ភាគីត្រីភាគីដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ក្នុងមួយភាគីដាក់មនុស្ស ២នាក់ រីឯភាគីរដ្ឋកម្ពុជាដាក់មនុស្សចំនួន ៦ នាក់។​

* ដំណាក់កាលទី៣៖ ថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ១៩៩០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ភាគីទាំងអស់បានរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលពេលនោះភាគីហ៊្វុនស៊ិនប៉ិចពុំមានព្រះនាមសម្តេចព្រះនរោត្តម សីហនុ នោះទេ ព្រោះព្រះអង្គពុំបានយាងទៅហ្សាការតា ហើយត្រូវបានជំនួសដោយសម្តេច ចៅសែន កុសល វិញ។ ការប្រជុំលើកទី១របស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ធ្វើឡើង នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ប៉ុន្តែកិច្ចប្រជុំនេះពុំមានលទ្ធផលអ្វីឡើយ សូម្បីតែបន្តិចក៏គ្មានដែរ។

​បន្ទាប់ពីមានការជួយជ្រោមជ្រែងពីប្រទេសមហាអំណាចធំទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិ សុខអង្គការសហប្រជាជាតិ សេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ត្រូវបានរៀបចំព្រាងឡើង ប៉ុន្តែដំណើរនៅតែមិនទៅមុខ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានខិតខំសាជាថ្មី នៅថ្ងៃទី២ និងថ្ងទី៤ ខែមិថុនា ឆ្នាំ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ដោយសម្តេចព្រះ នរោត្តម សីហនុ សម្តេចម៉ែ រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជាដោយរក្សាទុកនូវរដ្ឋធម្មនុញ្ញ ទង់ជាតិ ភ្លេងជាតិរបស់រដ្ឋកម្ពុជា ហើយសម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯសម្តេច ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី ប៉ុន្តែសម្តេចឪ នរោត្តម សីហនុ បានស្នើឱ្យបង្កើតឡើងនូវគណៈប្រធានជាតិដែលព្រះអង្គជាប្រធាន ហើយសម្តេច ហ៊ុន សែន ជាអនុប្រធាន។

ចំពោះសំណើនេះត្រូវបានឯកភាពពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា សម្តេចព្រះ នរោត្តម សីហនុ បានមានបន្ទូលម្តងហើយម្តងទៀតប្រាប់សម្តេចថា៖ «ទោះមាន ឬគ្មានដំណោះស្រាយ នយោបាយ ក៏ព្រះអង្គត្រូវតែវិល ត្រឡប់ទៅជាមួយឯកឧត្តម ហ៊ុន សែន ដែរ ព្រោះមិនអាចនៅជាមួយពួកខ្មែរក្រហមបានបន្តទៀតទេ»។

ការសម្ងាត់នេះត្រូវបានបែកធ្លាយនៅទីក្រុងបាងកក ប្រទេសថៃ ហើយវាក៏ជាសម្ពាធខាងនយោបាយដ៏ធំមួយ សម្រាប់ក្រុមខ្មែរក្រហម និងបរទេសខ្លះដែរ។ ដើម្បីកុំឱ្យសម្តេចព្រះ នរោត្តម សីហនុ យាងមកប្រទេសកម្ពុជាតែអង្គឯង ក្រៅពីដំណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំង តាមរយៈការដាក់បញ្ចូលសម្តេចព្រះ នរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅសែន កុសល។ ចាប់ពីពេលនោះមក អ្វីៗត្រូវបានគេមើលឃើញថាមានដំណើរការលឿនណាស់។ ជាក់ស្តែង នៅថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានកោះប្រជុំឡើងវិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពសម្តេចព្រះ នរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិនមែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់នោះទេ។ លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមទាំងប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីសំណាក់ភាគីរឹងរូសមួយនេះ។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានរៀបចំកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន គឺនៅពេលនោះហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបជាសម្ងាត់ជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ និងបានថ្វាយព្រះរាជតួនាទីព្រះអង្គ ជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ សម្តេចព្រះនរោត្តម សីហនុ និងសម្តេច ហ៊ុន សែន បានចុះព្រះហស្ថលេខា និងចុះហត្ថលេខា លើសេចក្តីប្រកាសរួមមួយដែលព្រាងឡើងដោយសម្តេច ហ៊ុន សែន ដោយផ្ទាល់ និងដោយមានការយល់ព្រមពីសម្តេចព្រះនរោត្តម សីហនុ ពាក់ព័ន្ធនឹងការថ្វាយព្រះរាជតួនាទីនេះ។ សេចក្តីប្រកាសរួមរវាងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ១៩៩១ បានសរសេរថា៖«ក្នុងទិសដៅជំរុញនូវដំណោះស្រាយនយោបាយនៃបញ្ហាកម្ពុជា និងការបង្រួបបង្រួមជាតិ សម្តេច នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន បានព្រមព្រៀងគ្នាដូចតទៅ៖

– ឯកឧត្តម ហ៊ុន សែន បានព្រមព្រៀងប្រគល់ថ្វាយសម្តេចព្រះ នរោត្តម សីហនុ ធ្វើជាប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដោយមិនចាំបាច់មានអនុប្រធានក្រុម ប្រឹក្សាជាតិជាន់ខ្ពស់ និងដោយរក្សាចំនួនសមាសភាពក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រឹម ១២ រូបដដែល។

– ដើម្បីអនុវត្តដោយពេញលេញនូវតួនាទីជាប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ សម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះរាជហឫទ័យលាឈប់ពីតំណែងជាប្រធាននៃចលនាតស៊ូកម្ពុជានិងប្រធាននៃរដ្ឋាភិបាលជាតិកម្ពុជា ហើយព្រះអង្គគង់នៅជាអព្យាក្រឹតក្នុងនាមជាអ្នកសម្របសម្រួលដោយមិនស្ថិតនៅក្នុងភាគីណាមួយ ឬនៅក្នុងបក្សនយោបាយណាមួយចាប់ពីពេលនេះរហូតតទៅ។

– ក្នុងករណីរបៀបនេះ សម្តេចព្រះ នរោត្តម សីហនុ សម្រេចថា អ្នកដឹកនាំបន្តពីព្រះអង្គនៅក្នុងចលនាតស៊ូកម្ពុជា និងនៅក្នុងរដ្ឋាភិបាលជាតិកម្ពុជា គឺអាស្រ័យដោយចលនាតស៊ូនិងរដ្ឋាភិបាលជាតិកម្ពុជាជាអ្នកជ្រើសតាំង។

– សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន ចាត់ទុកថា នេះគឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីបញ្ចប់នូវអារិភាពរវាងភាគីកម្ពុជាទាំងឡាយ ដែលមានជម្លោះជាមួយគ្នា តាមរយៈតួនាទីអព្យាក្រឹតនិងសម្របសម្រួលរបស់សម្តេចព្រះ នរោត្តម សីហនុ។ ក្នុងន័យនេះ សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន អំពាវនាវចំពោះសមាជិកដទៃទៀតនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ឱ្យគាំទ្រនូវការព្រមព្រៀងនេះ។

អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់បូកនឹងប្រទេសធំទាំង៥ សហប្រធានសន្និ សីទទីក្រុងប៉ារីសដែលមានបារាំង និងឥណ្ឌូណេស៊ី ព្រម ទាំងតំណាងពិសេសរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានបន្តធ្វើពីថ្ងៃទី២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ចំណុច ៣ ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចារួមមាន៖

ទី១៖ ការឈប់បាញ់និងការរំសាយកងទ័ព។ ការឈប់បាញ់ យើងបានឯកភាពឈប់បាញ់នៅនឹងកន្លែងភាគីណានៅទីណាត្រូវឈរជើងនៅទីនោះ។ អ្វីដែលលំបាកគឺការរំសាយកងទ័ព។ ត្រីភាគីតំណាងដោយលោក ខៀវ សំផន បានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន ២០០០ នាក់ តាមរូបមន្តនេះ ត្រីភាគីនឹងរក្សាទុកបានកងទ័ពចំនួន ៦០០០ នាក់ ដែលតាមការប៉ានស្មានពេលនោះ កងទ័ពទាំង ៣ ភាគីមានមិនដល់ ៤០ ០០០ នាក់ផង ហើយគ្រប់គ្រងទឹកដីមិនដល់ ១០ ភាគរយផង។ ឯភាគីរដ្ឋកម្ពុជាដែលមានកងទ័ពជាង ១៤០ ០០០នាក់ និងគ្រប់គ្រងទឹកដីជាង ៩០ ភាគរយ ក៏រក្សាកងទ័ពបាន ២០០០ នាក់ដូចគេឯងដែរ។ ដើម្បីរកច្រកចេញ ស​ម្តេចតេជោ ហ៊ុន សែន បានពិគ្រោះយោបល់ជាមួយ ឯកឧត្តម ទៀ បាញ់ និងឯកឧត្តម ហោ ណាំហុង អំពីលទ្ធភាពរំសាយកងទ័ព ៧០ ភាគរយ។

បន្ទាប់ពីមានការពិគ្រោះយោបល់គ្នាហើយ នាថ្ងៃបន្ទាប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានគណៈ​ប្រតិភូបារាំង ដែលជាសហប្រធានសន្និសីទប៉ារីស មកស្រស់ស្រូបអាហារពេលព្រឹកហើយសម្តេចតេជោ ក៏បានសួរទៅកាន់ប្រធាន​គណៈប្រតិភូបារាំងថា ប្រសិនបើរំសាយកងទ័ពចំនួន ៧០ ភាគរយ តើប្រទេសធំទាំង ៥ យល់យ៉ាងណា? ប្រធានគណៈប្រតិភូបារាំងបានឆ្លើយតបទៅសម្តេចតេជោ ហ៊ុន សែន ថា«ច្បាស់ជាមានការគាំទ្រ»។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រធានប្រតិភូបារាំងថា លោក ខៀវ សំផន និងលោក សឺន សាន រង់ចាំតែជំទាស់នឹងការស្នើសុំរបស់សម្តេច។ ដូច្នេះ សូមឯកឧត្តមទៅទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថា ប្រទេសទាំង ៥ មានបំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ភាគរយ ហើយពេលសម្តេចព្រះ នរោត្តម សីហនុ លើកឡើង សម្តេច ហ៊ុន សែន នឹងគាំទ្រភ្លាម។

អ្វីៗដូចការគ្រោងទុក ពេលបើកអង្គប្រជុំ សម្តេចព្រះ នរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង ៥ មានបំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ។ នៅពេលនោះ សម្តេច ហ៊ុន សែន បានប្រកាសគាំទ្រភ្លាម បន្ទាប់ទៅលោក ខៀវ សំផន លោក សឺន សាន ព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ បានប្រកាសគាំទ្រដូចគ្នាដែរ។ ត្រង់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «នំរបស់ ហ៊ុន សែន ផលិតផ្ញើតាមអ្នកដទៃ យកមកឱ្យ ហ៊ុន សែន ទទួលទានវិញយ៉ាងឆ្ងាញ់ពិសា»។ ដូច្នេះប្រធានបទលើការឈប់បាញ់ និងការរំសាយកងទ័ព ត្រូវបានដោះស្រាយនៅក្នុងកិច្ចប្រជុំមួយនៅប៉ាតាយ៉ា ប្រទេសថៃ។

ទី២៖ អំពីប្រព័ន្ធបោះឆ្នោត។ សេចក្តីព្រាងរបស់ប្រទេសធំទាំង ៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋ កម្ពុជាបានស្នើនូវប្រព័ន្ធឯកត្តនាម។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃនោះទេ។ សម្តេចតជោ ហ៊ុន សែន បានមកពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេស ហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ហើយត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉ក នៅពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃទី១៤-២១ ខែកញ្ញា ឆ្នាំ ១៩៩១។ ប្រព័ន្ធបោះឆ្នោតសមាមាត្រតាមខេត្ត កំពុងប្រើ​ប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររហូតដល់សព្វថ្ងៃនេះ។

ទី៣៖ អំពីសិទ្ធិសម្រេចចុងក្រោយ សេចក្តីព្រាងកិច្ចព្រមព្រៀងត្រូវប្រគល់ទៅឱ្យប្រធានអាជ្ញាធរ បណ្តោះ អាសន្នរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា «អ៊ុនតាក់» ចំណែកសម្តេចតេជោ ហ៊ុន សែន ខាងភាគីរដ្ឋកម្ពុជាចង់ថ្វាយ​សិទ្ធិសម្រេចចុងក្រោយនេះទៅសម្តេចព្រះ នរោត្តម សីហនុ ក្នុងឋានៈព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅប៉ាតាយ៉ានោះទេ តែត្រូវបានដោះស្រាយនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិកទៅវិញ។ សម្តេចតេជោ ហ៊ុន សែន បានឃើញព្រះរាជសាររបស់សម្តេចព្រះ នរោត្តម សីហនុ នៅលើតុផ្ញើជូនឯកឧត្តម ប៉េរ៉េស ដឺគូអេឡា អគ្គលេខា ធិការអង្គការសហប្រជាជាតិនៅពេលនោះ ដោយមានន័យថាសិទ្ធិសម្រេចចុងក្រោយដោយប្រធានអេសអ៊ិនស៊ី ឬប្រធានអ៊ុនតាក់ អាស្រ័យលើឯកឧត្តម ហ៊ុន សែន ជាអ្នកសម្រេច។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសម្តេចគ្មានជម្រើសក្រៅតែពីការយល់ព្រមនោះទេ។ អ្វីៗត្រូវដោះស្រាយរួចរាល់នៅពេលដែលអេស អ៊ិន ស៊ី ចូលកាន់កាប់អាសនៈអង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ ១៩៩១ រាប់ទាំងកំណត់យកថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ។

យោងទៅលើអ្វីដែលជាការរៀបរាប់ដំណើរការស្វែងរកសន្តិភាព វាមានការលំបាក តែវាប្រសើរជាការបន្តនូវសង្គ្រាម។ ប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលសង្គ្រាមទាំងស្រុង ដំណាក់កាលវាយផង ចរចាផង និងដំណាក់កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រម ព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបានគឺនៅពេល អ៊ុនតាក់ដកចេញ បានបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុងក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បន្តអនុវត្តយុទ្ធសាស្ត្រឌីហ្វីដដំណាក់កាលបន្ទាប់គឺ «បញ្ចប់» តាមរយៈការអនុម័តច្បាប់ដាក់ក្រុមកម្ពុជាប្រជាធិបតេយ្យនៅ ក្រៅច្បាប់ (ច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់) នៅខែកក្កដា ឆ្នាំ ១៩៩៤ និងបន្ទាប់មកទៀត សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបានអនុវត្តដ៏ជោគជ័យពីឆ្នាំ១៩៩៦-១៩៩៨ និងបន្តរហូតមកទល់ពេលនេះ។ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងមានឯកភាពជាតិ ឯកភាពទឹកដី ជាលើក ដំបូងក្នុងប្រវត្តិជាង ៥០០ ឆ្នាំដែលកម្ពុជាមានប្រទេសមួយ មានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញមួយ មានព្រះមហាក្សត្រតែមួយ មានរាជរដ្ឋាភិបាលតែមួយ មានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែកដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សានូវសន្តិភាពនេះ៕

សូមរង់ចាំវគ្គទី២ ដែលនឹងបរិយាយអំពីមូលហេតុដែលត្រូវដាក់ចុះអនុវត្តនយោបាយឈ្នះឈ្នះ

ចងក្រងដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨

អត្ថបទទាក់ទង