អស្ចារ្យណាស់! កុំព្យូទ័រផលិតដោយកូនខ្មែរ ត្រៀមលក់ខែសីហា តម្លៃធូរថ្លៃ
កុំព្យូទ័រផលិតដោយកូនខ្មែរដំបូងគេដែលមានរូបរាងស្រដៀងគ្នាទៅនឹង MacBook Air របស់ Apple ត្រៀមនឹងបញ្ចេញលក់ក្នុងខែសីហាខាងមុខនេះ។ នេះបើតាមការរៀបរាប់លោក ធុល រិទ្ធី ពេលជួបសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia។
លោក ធុល រិទ្ធី ជាអ្នកបង្កើតកន្លែងបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកវិទ្យាមួយរូបមានឈ្មោះថា SmallWorld ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១១។ ពេលនេះ SmallWorld កំពុងធ្វើការបោះជំហានធំមួយ តាមរយៈការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួន ដើម្បីជាការលើកទឹកចិត្តដល់អ្នករៀនសរសេរកូដជំនាន់ក្រោយ។
គំនិតរបស់ SmallWorld គឺបង្កើតនូវកុំព្យូទ័រយួរដៃដែលមានតម្លៃធូរថ្លៃ សមត្ថភាពខ្លាំង និងអាចដំណើរការកម្មវិធីបែប Open Source បានទៀតផង។ លោក ធុល រិទ្ធី បានឲ្យដឹងថាកុំព្យូទ័រដែលខ្លួនផលិតនិងក្រុមការងារផលិតឡើងនេះ បានប្រើម៉ាកសញ្ញាឈ្មោះ Koompi “គម្ពីរ” ដោយគោលដៅគឺលក់ឲ្យសិស្ស-និស្សិតដែលមិនធ្លាប់ប៉ះកុំព្យូទ័រពីមុនមក។
ផលិតផលកុំព្យូទ័រម៉ាក Koompi នេះត្រៀមនឹងដាក់លក់នៅខែសីហាខាងមុខនេះ ដោយនឹងប្រើប្រាស់ Software កូនកាត់ Windows លាយនឹង Software របស់ Apple ដែលងាយស្រួលប្រើសម្រាប់អ្នកប្រើថ្មីៗ។
កុំព្យូទ័រ ៥០០ គ្រឿងដំបូងនឹងត្រូវដាក់លក់ក្នុងតម្លៃ ៣៦៩ ដុល្លារក្នុងមួយគ្រឿង។ SmallWorld ក៏បានរួមដៃគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីផ្ដល់ជូនការប្រាក់ទាបដល់និស្សិតដែលចង់កុំព្យូទ័រនេះតាមរយៈការបង់រំលស់ផងដែរ។
ក្នុងរយៈពេល ៣ ឆ្នាំ អ្នកបង្កើត SmallWorld សង្ឃឹមថានឹងអាចលក់កុំព្យូទ័រនេះបានកន្លះលានគ្រឿងលើទីផ្សារប្រទេសកម្ពុជា។ ត្រឹមឆ្នាំ ២០២០ លោក រិទ្ធី ក៏មានបំណងចង់ឲ្យកុំព្យូទ័ររបស់ខ្លួនអាចដំឡើងបានដោយរោងចក្រផលិតក្នុងស្រុក ដែលបច្ចុប្បន្នមិនទាន់មានសោះ។
លោក ធុល រិទ្ធី ក៏បានបង្ហាញចក្ខុវិស័យពង្រីកទីផ្សាររបស់ខ្លួនក្នុងឆ្នាំបន្តបន្ទាប់ ដោយបានលើកឡើងពីប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និងមីយ៉ាន់ម៉ាជាដើម។ លោកមានគោលដៅថានឹងអាចរកអតិថិជនថ្មីបាន ៤,៥ លាននាក់នៅត្រឹមឆ្នាំ ២០២១។ វាជាគោលដៅដ៏ធំសម្បើមមួយសម្រាប់ក្រុមការងារដែលមានគ្នាត្រឹម ៥ នាក់ប៉ុណ្ណោះ៕