លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជី (Huawei Technology) ប្រចាំតំបន់អាស៊ីអាគ្នេយ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុន ហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំងប្រទេសចិន។ នៅក្នុងកិច្ចពិភាក្សានេះ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5G នេះគឺពិតជាល្អបំផុត ព្រោះអ៊ិនធឺណេតដើរលឿន។
នៅក្នុងឱកាសនេះខាងប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យគាត់ក៏ដូចជាប្រតិភូរបស់គាត់ជួបសំដែងការគួរសមនិងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានជម្រាបជូនថា កន្លងមកក្រុម ហ៊ុនរបស់លោកក៏បានបើកការិយាល័យនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ ឥឡូវនេះមានរយៈពេល ២០ឆ្នាំហើយ ហើយរហូតដល់ពេលនេះបានធ្វើការវិនិយោគបានជោគជ័យនៅក្នុងប្រទេសកម្ពុជាក្នុងការសហការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
នៅក្នុងជំនួបនេះលោក ក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថាកាលពីឆ្នាំកន្លងទៅនេះក្រុមហ៊ុនរបស់គាត់មានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាក៏ដូចជាទូទាំងពិភពលោកផងដែរ ដោយសារក្រុមហ៊ុនមានឯកទេសគ្រប់គ្រាន់ក្នុងការបម្រើសេវាកម្មដែលធ្វើអោយក្រុមហ៊ុន huawei ជាក្រុមហ៊ុនមួយឈានមុខគេក្នុងវិស័យទូរគនាគមន៍ ដូចជាការផ្ដល់បច្ចេកវិទ្យានេះលោកក៏បានជម្រាបបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន huawei បានចុះហត្ថលេខាជាមួយបណ្ដាប្រទេសប្រមាណជា ៤០ ប្រទេសហើយ។
លោកប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក៏បានជម្រាបជូនថា ប្រទេសកម្ពុជាជាប្រទេសទីមួយហើយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីគឺ5G។ លោកប្រធានក្រុមហ៊ុនក៏បានមានប្រសាសន៍ផងដែរថា វិស័យឌីជីថលនេះគឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះលោកក៏បានបន្ថែមថា ក្រុមហ៊ុននឹងសហការជាមួយនឹងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតព្រមទាំងបន្តពង្រឹងបន្ថែមជាមួយនឹងក្រសួងស្ថាប័ននានាទៅលើវិស័យឌីជីថលនៅកម្ពុជា។
ក្នុងឱកាសនេះក្រុមហ៊ុន huawei ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីដែលបានគាំទ្រកន្លងមក បានផ្ដល់ឱកាសឲ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាបានយ៉ាងជោគជ័យ។
នៅក្នុងឱកាសនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការសហការជាមួយនឹងកម្ពុជា ដោយលោកបានគូសបញ្ជាក់ផងដែរថា លោកចង់ឲ្យក្រុមហ៊ុន huawei ជួយកសាងសមត្ថភាពជាពិសេសទៅវិស័យបច្ចេកវិទ្យា បង្កើនសេវាល្បឿនលឿន៕