ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាទទួលជោគជ័យក្នុងការដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 32

នៅក្នុងកិច្ចសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោកលើកទី២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយសំណើរបស់កម្ពុជានេះត្រូវបានសមាជិកអង្គប្រជុំគាំទ្រយ៉ាងផុលផុស និងបានអនុម័តដាក់ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (WCO Regional Training Centre – RTC AP) តាមសំណើរបស់រដ្ឋបាលគយកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះមានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយមកពី ៣១ប្រទេស អគ្គលេខាធិការនៃអង្គការគយពិភពលោក (WCO) ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ROCB/AP) និងការិយាល័យទំនាក់ទំនងបណ្ដាញព័ត៌មានសម្ងាត់ប្រចាំតំបន់អាស៊ី -ប៉ាស៊ីហ្វិក (RILO/AP) និងចូលរួមតាមប្រព័ន្ធ Zoom ចំនួន ៤ ប្រទេស។

អង្គសន្និសីទ បានដំណើរការយ៉ាងផុលផុសក្រោមរបៀបវារៈមួយចំនួនដូចជា៖
១- របាយការណ៍ស្តីពីគំនិតផ្តួចផ្តើម និងគោលនយោបាយកែទម្រង់របស់ WCO។
២- អនុម័តផែនការយុទ្ធសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិក RSP ឆ្នាំ២០២៤-២០២៦។
៣- របាយការណ៍នៃការអនុវត្តផែនការសកម្មភាពកសាងសមត្ថភាពប្រចាំតំបន់របស់ (ROCB/AP) និងការងាររបស់ RILO/AP ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់។
៤- របាយការណ៍ស្តីពីការអនុវត្តគម្រោងអន្តរតំបន់ (តំបន់អាស៊ី-ប៉ាស៊ីហ្វិក តំបន់អាមេរិក និងការីប៊ីន) លើសមភាពយេនឌ័រ និងគម្រោងតំបន់ស្តីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិក។
៥- អនុម័តលើសំណើរបស់រដ្ឋបាលគយកម្ពុជា ក្នុងការដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre – RTC AP និងគាំទ្ររដ្ឋបាលគយឥណ្ឌាលើសំណើបន្ថែមហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់។
៦- ពិភាក្សានិងកត់សម្គាល់លើរបាយការណ៍ស្តីពីកំណែទម្រង់ និងទំនើបកម្មរចនាសម្ព័ន្ធអង្គការគយពិភពលោក។
៧- គាំទ្រក្របខ័ណ្ឌគោលការណ៍ នៃការកែលម្អសមត្ថភាពសុនខ និងការបង្កើតមជ្ឈមណ្ឌលសុនខ នៃអង្គការគយពិភពលោក។
៨- គាំទ្របេក្ខភាពតំណាងរដ្ឋបាលគយពីតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៅក្នុងគណៈកម្មាធិការនានា នៃអង្គការគយពិភពលោក។
៩- បញ្ហាផ្សេងៗ។

នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត គុណ ញឹម បានធ្វើបទអន្តរាគមន៍លើរបៀបវារៈមួយចំនួន និងបានថ្លែងអំណរគុណ ដល់សមាជិកអង្គប្រជុំដែលបានថ្លែងមតិគាំទ្រយ៉ាងផុលផុស លើសំណើរបស់រដ្ឋបាលគយកម្ពុជា ក្នុងការដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឆ្លៀតក្នុងឱកាសនៃសនិ្នសីទនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ៖
១- គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើផ្នែកប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត (AEO)។
២- គណៈប្រតិភូនៃរដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការជួយគ្នាទៅមកលើការងារគយ ដោយផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស៕