ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិនៃកម្ពុជា៖ គិតត្រឹមឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាមានទំហំ ១៦ ដង ធៀបនឹង ផ.ស.ស. របស់ប្រទេស

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 34

បន្ទាប់ពីមានការផ្សាយដំណឹងថា «ការប្រើប្រាស់មធ្យោបាយទូទាត់ ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តកើនឡើង» ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយដោយបានគូសបញ្ជាក់ថា «ការចុះផ្សាយនោះ គឺផ្ទុយពីការពិត និងផ្ទុយពីនិន្នាការនៅក្នុងតំបន់ទាំងស្រុង»។

បើតាមសេចក្តីបំភ្លឺដដែល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើង យ៉ាងឆាប់រហ័ស ដូចជាតាមរយៈការប្រើប្រាស់បណ្ណឥណទាន បណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេស ការស្កេនឃ្យូអរកូតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងលើកកម្ពស់ការទូទាត់តាមឌីជីថលយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើម និងការសហការផ្សេងៗជាមួយស្ថាប័នហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងបណ្តាប្រទេស ក្នុងតំបន់និងពិភពលោកផងដែរ។

ធនាគារជាតិនៃកម្ពុជា ក៏បានគូសបញ្ជាក់ថា ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើនឡើង ពី ១.១០០ លានប្រតិបត្តិការក្នុងឆ្នាំ២០២២ មកដល់ ១.៧៨៦ លានប្រតិបត្តិការក្នុងឆ្នាំ២០២៣ ហើយ ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថល បានកើនឡើងពី ៤០០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដល់ ៤៩២ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ ១៦ ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងនោះ ការប្រើប្រាស់ប្រព័ន្ធបាគង បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានអតិថិជនបើកគណនីសរុបចំនួន ២៧,៦ លានគណនី ហើយអាចទូទាត់បានជាមួយហាងលក់ទំនិញ-សេវាកម្មជាង ២,៩ លានទីតាំង គិតត្រឹមចុងឆ្នាំ២០២៣៕