ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា គាំទ្រចំណាត់ការរបស់មេធាវីក្នុងការប្តឹង លោក ស៉ឹង សែនករុណា ហើយសំណូមពរឱ្យតុលាការជួយរកយុត្តិធម៌ឱ្យខ្លួន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 16

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្ដឹង លោក ស៊ឹង សែនករុណា ពីបទ «ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនា ទម្លាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹង ប្រព្រឹត្តទៅនាចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ»។

គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅបណ្តាប្រទេសលើពិភពលោកដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ គឺមិនអាច មិនអនុវត្តច្បាប់បានឡើយ ហើយប្រព័ន្ធតុលាការ គឺត្រូវតែមានដើម្បីដោះស្រាយរាល់វិវាទទាំងឡាយ។ ដោយឡែក ចំពោះប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺមិនអាចយកបញ្ហានយោបាយមកលាយឡំជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ ខ្លួនដែរ។ ជាក់ស្តែងការនិយាយមួលបង្កាច់បំផ្លើសការពិត លាបពណ៌ ធ្វើឱ្យប៉ះពាល់មុខមាត់ កិត្តិយស សេចក្តី ថ្លៃថ្នូររបស់បុគ្គល អ្នកនយោបាយ គណបក្សនយោបាយ មិនមែនជាសិទ្ធិបញ្ចេញមតិអនុញ្ញាតដោយច្បាប់នោះឡើយ។

ក្នុងនាមជាអ្នករងគ្រោះពីការប្រមាថមើលងាយ និងមូលបង្កាច់យ៉ាងអយុត្តិធម៌ពីបុគ្គល ស៊ឹង សែនករុណា គណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះពាក្យបណ្តឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសំណូមពរឱ្យដោះស្រាយរកយុត្តិធម៌ឱ្យ គណបក្សប្រជាជនកម្ពុជា ស្របតាមការទាមទាររបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន៕

អត្ថបទទាក់ទង