ធនាគារពិភពលោក ព្យាករសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំនេះ នឹងមានកំណើន ៥.៤% និងក្នុងឆ្នាំ២០២៤ ឡើងដល់ ៥.៨%
(ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករទុកថា នឹងមានកំណើន៥.៤% នៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី ៥.៥% ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ និងឡើងដល់ ៥.៨% ក្នុងឆ្នាំ២០២៤ និង៦.១% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលកម្ពុជា មានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។ នេះបើយោងទៅតាម របាយការណ៍ចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ចេញផ្សាយដោយ ធនាគារពិភពលោក។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក World Bank ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ កត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធលើកំណើន ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយក្រោមចំណងជើងថា Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោកនិយាយថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឲ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៥.២%។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ»។ លោកស្រីបន្ថែមទៀតថា «ការរក្សាស្ថេរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ ហើយ ចាំបាច់ត្រូវតែខិតខំថែមទៀតក្នុងស្តារលំហសារពើពន្ធឡើងវិញ»។
បើទុកជាមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិកដែលសមត្ថភាពនៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលដែលពិបានទុកចិត្តបាន នៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅដែលមានក្នុងពេលតែមួយរួមបញ្ចូល ការរាតត្បាតជំងឺជាសកល, សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន, និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថានឹងនៅតែបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច។
វិស័យទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាតនៅឡើយ។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឲ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ។
ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។
របាយការណ៍នេះ មានផ្នែកផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ។ កំណែទម្រង់នោះរួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម៕
Credit: Fresh News