ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បន្តប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 7
សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បន្តប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បន្តប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជន

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល កំពុងគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពរបស់កម្មករ និយោជិត និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនដើម្បីបុព្វហេតុជាតិនិងប្រជាជន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្ទាប់ពីបោះឆ្នោតរួចហើយ មិនដែលនៅស្ងៀមនោះទេ ពោលគឺរាជរដ្ឋាភិបាល បានខិតខំបំពេញការងារទៅតាមគោលដៅដែលបានដាក់ចេញដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពគឺក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសចុះ គឺមិនខុសនោះទេ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា អ្នកវិភាគខ្លះ បានត្រឹមតែវិភាគទ្រឹស្តីពិរោះស្តាប់ ប៉ុន្តែរាជរដ្ឋាភិបាល ធ្វើការងារជាក់ស្តែងនិយម មិនមែនទ្រឹស្តីនិយមនោះទេ ពោលគឺដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង