ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា សេចក្តីប្រកាសព័ត៌មានស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 84
គណបក្សប្រជាជនកម្ពុជា សេចក្តីប្រកាសព័ត៌មានស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម គណបក្សប្រជាជនកម្ពុជា សេចក្តីប្រកាសព័ត៌មានស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្ស និងប្រជាជននៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងបរិបទតំបន់និងពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ ស្របពេលដែលបក្សទាំងបី និងប្រទេសទាំងបីកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

នៅក្នុងជំនួបនោះ លោក ង្វៀន ហ្វ៊ូចុង, សម្តេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីសុលីត បានលើកឡើងអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ជាពិសេសគឺការកសាងបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងកើតមានឡើងនាពេលថ្មីៗនេះ រួមទាំងខ្លឹមសារដែលភាគីទាំងបីយកចិត្តទុកដាក់ និងបានវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបីក្នុងរយៈពេលកន្លងមក។ ថ្នាក់ដឹកនាំបក្សទាំងបីបានឯកភាពលើការតម្រង់ទិសសំខាន់ៗសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបីលើវិស័យផ្សេងៗ ដែលជាផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននាពេលអនាគត។

ថ្នាក់ដឹកនាំបក្សទាំងបីបានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងបីសម្រេចបាន និងបានសម្តែងនូវសេចក្តីរីករាយ និងកោតសរសើរចំពោះទំនាក់ទំនងល្អរវាងបក្ស និងប្រជាជននៃប្រទេសទាំងបី ដែលមានការវិវឌ្ឍជាវិជ្ជមានកាន់តែរីកចម្រើនស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះរួមមាន ទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ និងបច្ចេកទេស។

ថ្នាក់ដឹកនាំបក្សទាំងបីបានសង្កត់ធ្ងន់អំពីប្រពៃណីសាមគ្គីភាពជិតស្និទ្ធជាប្រវត្តិសាស្ត្រ ក្នុងការជួយគ្នាទៅវិញទៅមករវាងបក្ស និងប្រជាជននៃប្រទេសទាំងបី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកត្តាដ៏សំខាន់បំផុត ដែលជាប្រភពកម្លាំងដ៏ខ្លាំងក្លា ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងដណ្តើមឯករាជ្យក្នុងអតីតកាល ក៏ដូចជាក្នុងកិច្ចការការពារ និងកសាងប្រទេសរៀងៗខ្លួនរហូតដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបក្សទាំងបីបានប្តេជ្ញាចិត្តរួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា-ឡាវ-វៀតណាម នៅពេលបច្ចុប្បន្ន និងនាពេលអនាគត។

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ប្រធានគណបក្សប្រជាជនកម្ពុជា និងអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាថា ក្នុងសភាពការណ៍បច្ចុប្បន្ន បក្ស និងប្រជាជននៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ចាត់ទុកទំនាក់ទំនងរវាងបក្សទាំងបីជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងបី ពង្រឹងសសរស្តម្ភលើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិនៃប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។

ភាគីទាំងបីបានឯកភាពបន្តលើកកម្ពស់យន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងស្រាវជ្រាវបង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មីមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រជាជននៃប្រទេសទាំងបី សម្រាប់ជាផលប្រយោជន៍របស់ប្រជាជន ការកសាងនិងការពារសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

អត្ថបទទាក់ទង