ខ្មែរប៉ុស្ដិ៍ Close

EDC ត្រៀមអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ពីអនុស្ថានីយរតនគិរីមកអនុស្ថានីយសួង និងពីអនុស្ថានីយស្វាយអន្ទរមកអនុស្ថានីយល្វាឯម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 59

អគ្គិសនីកម្ពុជា (EDC) ត្រៀមអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីរតនគិរី មកអនុស្ថានីយអគ្គិសនីសួង ដែលឆ្លងកាត់ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងមួយខ្សែទៀតពីអនុស្ថានីយអគ្គិសនីស្វាយអន្ទរ ក្នុងខេត្តព្រៃវែង ទៅអនុស្ថានីយអគ្គិសនីល្វាឯម ខេត្តកណ្តាល ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតំបន់នេះឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។

មុននឹងអនុវត្តគម្រោងនេះ អគ្គិសនីកម្ពុជា និងរដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសំបែង ដីធ្លី ដើមឈើហូបផ្លែ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុលនេះ ក្រោមអធិបតីភាពលោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

លោក ប្រាំង ជលសា បានថ្លែងថា អគ្គិសនីកម្ពុជាមានគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីរតនគិរី មកអនុស្ថានីយអគ្គិសនីសួង ដែលឆ្លងកាត់ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងពីអនុស្ថានីយអគ្គិសនីស្វាយអន្ទរ មកអនុស្ថានីយអគ្គិសនីល្វាឯម ដែលឆ្លងកាត់ខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីនាំថាមពលពីបណ្តាវារីអគ្គិសនីភាគខាងជើង រួមទាំងប្រទេសឡាវ មកបំពេញតម្រូវការជំនួសឱ្យគម្រោងមួយចំនួនដែលបានយឺតយ៉ាវ។

លោកបានបន្តថា ការសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុលទាំង២ខ្សែនេះ ត្រូវតែធ្វើឱ្យបានឆាប់រហ័ស និងបញ្ចប់ដោយជោគជ័យតាមការកំណត់នៅចុងឆ្នាំ២០២៤ ចៀសវាងការខ្វះខាតប្រភពផ្គត់ផ្គង់អគ្គិសនី។

បន្ថែមលើសពីនេះ លោក ប្រាំង ជលសា ក៏បានស្នើឱ្យរដ្ឋបាលខេត្តព្រៃវែងបង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី និងដើមឈើហូបផ្លែ និងគណៈកម្មការបណ្ដឹងសារទុក្ខខេត្តព្រៃវែង។

ម្យ៉ាងទៀត រដ្ឋបាលខេត្តក៏ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពិគ្រោះយោបល់លើផលប៉ះពាល់ដោយសារគម្រោងនេះជាមុន ហើយបន្ទាប់មក ក្រុមការងារដោះស្រាយផលប៉ះពាល់នៃអគ្គិសនីកម្ពុជា និងអាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ស្រុក) នឹងត្រូវចុះស្រង់ព័ត៌មានពាក់ព័ន្ធនឹងផលប៉ះពាល់ដីធ្លី ផ្ទះ សម្បែង សំណង់ផ្សេងៗ និងដើមឈើដែលខ្សែបញ្ជូនអគ្គិសនីឆ្លងកាត់ភូមិសាស្ត្រខាងលើ។ បន្ទាប់ពីនោះទៀត នឹងមានការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់

អភិបាលខេត្តព្រៃវែងបានទទួលយល់ព្រមបង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ និងរីករាយសហការអនុវត្តការងារនេះជាមួយអគ្គិសនីកម្ពុជា ដើម្បីសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋ និងសម្រេចបានជោគជ័យនៃការអនុវត្តគម្រោងតាមការគ្រោងទុក៕

Fresh News

អត្ថបទទាក់ទង