ខ្មែរប៉ុស្ដិ៍ Close

ហានិភ័យនៃការ «លុបបំបាត់ហានិភ័យ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 47
ហានិភ័យនៃការ «លុបបំបាត់ហានិភ័យ» ហានិភ័យនៃការ «លុបបំបាត់ហានិភ័យ»

យើងទើបតែបានឃើញអំពីកំណើតនៃពាក្យថ្មីមួយដែល នោះគឺ អ្នកបង្កើតគោលនយោបាយនៅអាមេរិក និងនៅទូទាំងទ្វីបអឺរ៉ុបចង់ «លុបបំបាត់ហានិភ័យ» (De-risk) នៅក្នុងទំនាក់ទំនងជាមួយចិន។ ពាក្យនេះបានក្លាយជាពាក្យដែលពេញនិយមជាងពាក្យ «ការផ្តាច់ទំនាក់ទំនង» (Decouple) ដែលត្រូវបានប្រើអស់មួយរយៈពេល រហូតដល់គ្រប់គ្នាបានយល់ស្របថា «គ្មាននរណាម្នាក់ចង់ឱ្យមានការផ្តាច់ទំនាក់ទំនងរវាងចិន និងលោកខាងលិចនោះឡើយ»។

វាគឺជារឿងដែលគ្មាននរណាចង់ ឬអាចជារឿងដែលទៅមិនរួចក្នុងការផ្តាច់ទំនាក់ទំនងទាំងស្រុងពីប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ របស់ពិភពលោក។ ហេតុដូច្នេះ មនុស្សគ្រប់គ្នាបានចាប់យកទស្សនៈបែបមិនសូវច្បាស់លាស់វិញ។ ខណៈពេលដែល «Decoupling» មានន័យច្បាស់លាស់ជាង ពាក្យ «De-risking» មានលក្ខណៈបើកចំហ ឱ្យមានការបកស្រាយខុសៗគ្នាជាច្រើន។

ហានិភ័យតែងមានវត្តមាននៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ចទាំងអស់ ហើយនៅក្នុងសេដ្ឋកិច្ចទីផ្សារ ឆន្ទៈក្នុងការទទួលយកហានិភ័យបានបន្តជំរុញឱ្យមានការបង្កើតថ្មី, កំណើន និងវិបុលភាពកាន់តែច្រើន។ ប្រសិនបើសេដ្ឋកិច្ចដែលគ្មានហានិភ័យអាចកើតមាន នោះវានឹងមិនផ្តល់ផលវិជ្ជមាននោះទេ ហើយវាអាចនឹងបង្កើតឱ្យមាននិន្នាការប្រឆាំង។

រាប់ចាប់ពីសាជីវកម្មចម្រុះជាតិសាសន៍ដ៏ធំ រហូតដល់អាជីវកម្មលក្ខណៈគ្រួសារតូចៗ គ្រប់តួអង្គសេដ្ឋកិច្ចទាំងអស់តែងធ្វើការវាយតម្លៃជាប់ជានិច្ចនូវឱកាសនិងហានិភ័យ និងតែងព្យាយាមរក្សាតុល្យភាពយ៉ាងប្រុងប្រយ័ត្នរវាងរឿងទាំងពីរនេះ។ ដោយសារហានិភ័យមួយចំនួនគឺជារឿងដែលមិនអាចជៀសវាងបាន មនុស្សភាគច្រើនបានព្យាយាមគ្រប់គ្រងនិងដោះស្រាយវាប្រកបដោយការទទួលខុសត្រូវ។

ក្នុងន័យនេះ ការលុបំបាត់ហានិភ័យគឺជាលក្ខណៈសម្បត្តិនៃសេដ្ឋកិច្ចបើកចំហ ហើយការលុបបំបាត់ហានិភ័យនៃសេដ្ឋកិច្ចជាតិ គឺតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គសេដ្ឋកិច្ចទាំងអស់។ ទាក់ទងទៅនឹងប្រទេសចិន ការគុណគូររបស់ក្រុមហ៊ុនលោកខាងលិចលើផលចំណេញធៀបនឹងហានិភ័យ បានរងនូវការផ្លាស់ប្តូរ ក្នុងគោលបំណងឆ្លើយតបទៅនឹងគោលនយោបាយសេដ្ឋកិច្ចរបស់ចិន ដែលផ្តោតកាន់តែខ្លាំងលើរដ្ឋ និងលើវិស័យសន្តិសុខ។

ឥឡូវនេះ ទស្សនវិស័យកំណើនរបស់ចិនបានធ្លាក់ចុះ ហើយសេដ្ឋកិច្ចរបស់ចិនក៏លែងមានភាពទាក់ទាញដូចកាលពីមុនទៀតដែរ។ របាយការណ៍ចុងក្រោយបំផុតពីសភាពាណិជ្ជកម្មអឺរ៉ុបនៅទីក្រុងប៉េកាំងបានបង្ហាញឱ្យឃើញនូវរូបភាពដ៏អាក្រក់នៃការថយចុះនៃឱកាស និងការកើនឡើងនៃហានិភ័យកាន់តែច្រើន។

ការសន្និដ្ឋាននេះគឺផ្អែកទាំងស្រុងលើអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិនផ្ទាល់ ដែលមិនមែនផ្អែកលើវោហាសាស្ត្រនយោបាយណាមួយចេញពីទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងប្រ៊ុចសែលនោះទេ។ ប្រសិនបើចិនងាកទៅរកទីផ្សារនិងការបើកចំហវិញ ការវាយតម្លៃរបស់សភាអឺរ៉ុបអាចនឹងផ្លាស់ប្តូរ។

ជាមួយនឹងបទពិសោធន៍នៅពេលថ្មីៗនេះ វាគឺជារឿងសមហេតុផលបំផុតក្នុងការផ្តោតលើការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់សកលដែលជាសរសៃឈាមនៃសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពធន់ទៅនឹងការប៉ះទង្គិចនិងការ
រំខាន។ ប៉ុន្តែវោហាសាស្ត្រនយោបាយថ្មីបានបន្ថែមនូវភាពស្មុគស្មាញនៅក្នុងរឿងនេះ ដោយវាបានបញ្ជាក់ថា «ការធ្វើពាណិជ្ជកម្មជាមួយចិនកាន់តែមានហានិភ័យ»។

មេដឹកនាំលោកខាងលិចកាន់តែមានការភ័យខ្លាចថា «ចិននឹងប្រើប្រាស់ទំនាក់ទំនងពាណិជ្ជកម្ម ឬទំនាក់ទំនងសេដ្ឋកិច្ចផ្សេងទៀតដើម្បីដាក់សម្ពាធផ្នែកនយោបាយប្រឆាំងនឹងក្រុមហ៊ុនលោកខាងលិចឬប្រទេសដែលខ្លួនចង់ដាក់ទណ្ឌកម្ម»។ ជាក់ស្តែង ចិនបានធ្វើវារួចទៅហើយចំពោះអូស្ត្រាលី បើទោះបីជាវាមានឥទ្ធិពលតិចតួចក៏ដោយ។

«តើហានិភ័យនៃការបាត់បង់ការជួញដូរនៅពេលអនាគតគឺជាហេតុផលដ៏ល្អ ដើម្បីចៀសវាងការជួញដូរនៅពេលឥឡូវនេះឬ?» ជាធម្មតាមនុស្សម្នាក់នឹងមិនធ្វើអត្តឃាតដើម្បីកាត់បន្ថយការភ័យខ្លាច នៃការស្លាប់នោះទេ ហើយគេនៅតែអាចសង្ឃឹមថា «អាជ្ញាធរចិននឹងទទួលស្គាល់ថា ការប៉ុនប៉ងរបស់ពួកគេក្នុងការដាក់សម្ពាធសេដ្ឋកិច្ចនឹងមិនទទួលបានជោគជ័យទេ»។

ដូចគ្នាដែរចំពោះការវិលត្រឡប់របស់រដ្ឋាភិបាលទៅរកសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋ។ ប្រវត្តិសាស្រ្តបានបង្ហាញហើយថា «វិធីសាស្រ្តនេះមិនអាចសម្រេចបាននូវជោគជ័យនោះទេ»។ ប៉ុន្តែបណ្តាប្រទេសលោកខាងលិចមិនអាចព្រងើយកន្តើយបានទេចំពោះការពិតដែលថា «ចិនកំពុងគ្រប់គ្រងការផ្គត់ផ្គង់លោហៈធាតុ និងធាតុកម្រនៃភពផែនដីដែលចាំបាច់សម្រាប់ការផ្លាស់ប្តូរងាកទៅរកសេដ្ឋកិច្ចកាបូនទាប» និងការពិតដែលថា «ចិនកំពុងគ្រប់គ្រងចំណែកដ៏ធំនៃទីផ្សារពិភពលោក សម្រាប់ថាមពលពីពន្លឺព្រះអាទិត្យ «Photovoltaic» និងរថយន្តអគ្គិសនី»។

សូមអាន ចិនវ៉ាដាច់ជប៉ុនក្លាយជាអ្នកនាំចេញរថយន្តធំបំផុតរបស់ពិភពលោក

ដូចប្រេងដែរ វត្ថុធាតុដើមសំខាន់ៗត្រូវតែស្វែងរកនៅទីតាំងប្រភពដើម ក៏ប៉ុន្តែទីតាំងទាំងនោះមិនសូវមានលក្ខណៈអំណោយផលទេ នៅពេលនិយាយដល់ភូមិសាស្រ្តនយោបាយ។ បើទោះបីជាវាគឺជារឿងធម្មតាក្នុងការកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងការពឹងផ្អែកតាមរយៈការធ្វើពិពិធកម្មក៏ដោយ ក៏អ្នកមិនអាចបង្កើតវត្ថុធាតុដើមសំខាន់ៗ នៅកន្លែងដែលមិនមែនជាប្រភពដើមរបស់វាបានទេ។

វិធីមានតែមួយគត់ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលថា «ចិនកំពុងក្លាយខ្លួនជាតួអង្គដ៏លេចធ្លោនៅក្នុងបច្ចេកវិទ្យាបៃតងសំខាន់ៗ»។ ឧស្សាហកម្មអាមេរិកនិងអឺរ៉ុបត្រូវតែបង្កើនភាពប្រកួតប្រជែងរបស់ខ្លួនឱ្យដល់កម្រិតដូចគ្នានឹងប្រទេសចិន។ បើពួកគេអាចសម្រេចរឿងនេះបាន នោះវាអាចនឹងសមហេតុផលក្នុងការបោះបង់ចោលផលិតផលដែលមានប្រភពមកពីចិន ដែលមានតម្លៃថោកជាង និងល្អជាង។

សូមអាន ហេតុផលនៅពីក្រោយគំនិតផ្តួចផ្តើមរថយន្តអគ្គិសនី អាមេរិក-អាស៊ាន

ប៉ុន្តែការធ្វើដូច្នេះនឹងបង្កការលំបាកកាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនអឺរ៉ុបនិងអាមេរិក ហើយនៅទីបំផុតអាចពន្យារការធ្វើអន្តរកាលថាមពល។ មន្ត្រីចិនបាននិយាយថា «ពួកគេមើលមិនឃើញពីភាពខុសគ្នារវាងការលុបបំបាត់ហានិភ័យ និងការផ្តាច់ទំនាក់ទំនងទេ» ហើយពួកគេប្រហែលជានិយាយត្រូវ។

ប្រសិនបើអ្នកយុទ្ធសាស្រ្តលោកខាងលិចមិនអាចកំណត់ឱ្យបានច្បាស់នូវនិយមន័យនៃពាក្យទាំងនេះទេ ហានិភ័យអាចនឹងមានទំហំធំជាងផលប្រយោជន៍។ ភាពតានតឹងដែលកើនឡើងនឹងមិនបម្រើផលប្រយោជន៍របស់នរណាម្នាក់ឡើយ។ មនុស្សគ្រប់គ្នាបានយល់ស្របថា «ការផ្តាច់ទំនាក់ទំនងមិនគួរកើតមានឡើងទេ»។

រឿងដែលត្រូវធ្វើនៅពេលនេះ គឺការលុបបំបាត់ហានិភ័យនៃទស្សនៈ «លុបបំបាត់ហានិភ័យ» (De-risk the Concept of De-risking) មុនពេលយើងបង្កការខូចខាតដែលមិនចាំបាច់ដល់ទស្សនៈវិស័យសេដ្ឋកិច្ចរបស់យើង៕

Project Syndicate