ខ្មែរប៉ុស្ដិ៍ Close

កេរ្តិ៍ដំណែលនៃភាពជោគជ័យរបស់រដ្ឋចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 51
កេរ្តិ៍ដំណែលនៃភាពជោគជ័យរបស់រដ្ឋចិន កេរ្តិ៍ដំណែលនៃភាពជោគជ័យរបស់រដ្ឋចិន

នៅពេលដែលអ្នកសេដ្ឋកិច្ចនិងអ្នកប្រវត្តិសាស្រ្តលោកខាងលិចធ្វើការវិភាគអំពីបម្រែបម្រួលសេដ្ឋកិច្ចដ៏អស្ចារ្យរបស់ប្រទេសចិននៅក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ ពួកគេមានទំនោរសង្កត់ធ្ងន់ទៅលើការរីកចម្រើននៃផលិតភាពដែលផ្ដើមចេញពីកំណែទម្រង់ដែលផ្តោតលើទីផ្សារនៅឆ្នាំ ១៩៧៨។ ប៉ុន្តែតួនាទីគន្លឹះរបស់ឥស្សរជននយោបាយចិន ដែលជាកត្តាជំរុញដ៏សំខាន់ចំពោះការលេចត្រដែតឡើងរបស់ប្រទេសនេះជាមហាអំណាចសេដ្ឋកិច្ច គឺនៅមិនទាន់ត្រូវបានគេសិក្សាឱ្យបានល្អិតល្អន់នៅឡើយទេ។

មួយផ្នែកគឺ​ដោយ​សារតែ​វា​ពិបាក​ក្នុង​ការ​វាស់វែង​ការ​រួម​ចំណែក​របស់​ឥស្សរជន​នយោបាយ​នៅក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ។ ជាសំណាងល្អ ការសិក្សាថ្មីមួយដោយលោក Tomas Casas Klett និងលោក Guido Cozzi ដែលមកពីសាកលវិទ្យាល័យ St. Gallen បានផ្តល់នូវក្របខណ្ឌគំនិតដ៏មានអត្ថប្រយោជន៍សម្រាប់ការស្វែងយល់អំពីគំរូសេដ្ឋកិច្ចរបស់ចិន។

លោក Casas និងលោក Cozzi បានបង្កើតនូវសន្ទស្សន៍គុណភាពប្រចាំឆ្នាំរបស់ឥស្សរជន (Elite Quality Index-EQx) ដែលធ្វើការវាស់វែង និងចាត់ថ្នាក់នូវគុណតម្លៃដែលឥស្សរជនទាំងនោះបានធ្វើដើម្បីប្រទេស។ មិនខុសពីបណ្តាប្រទេសដទៃទៀតនៅតំបន់អាស៊ីបូព៌ានោះទេ គឺប្រទេសចិនបានពឹងផ្អែកលើសមត្ថភាពដ៏រឹងមាំរបស់រដ្ឋ និងការិយាធិបតេយ្យដ៏មានប្រសិទ្ធភាព ដើម្បីជំរុញ និងសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ច។

នៅក្នុងសន្ទស្សន៍ EQx ដែលទើបត្រូវបានចេញផ្សាយនៅពេលចុងក្រោយនេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ27 (នៅក្នុង ចំណោម 151) ដែលជាពិន្ទុខ្ពស់បំផុតមួយក្នុង ចំណោមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ នៅក្នុងការសិក្សានេះ សម្រាប់សន្ទស្សន៍អំណាចនយោបាយដែលវាស់វែងឥទ្ធិពលរបស់ឥស្សរជនលើបទប្បញ្ញត្តិអាជីវកម្ម, ការបង្កើតច្បាប់ និងច្បាប់ការងារ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ៦០។

ខណៈពេលដែលឥស្សរជនចិនអាចរក្សាការក្ដោបក្តាប់អំណាចយ៉ាងណែនលើស្ថាប័នរដ្ឋ សន្ទស្សន៍នេះបានទទួលស្គាល់យ៉ាងច្បាស់នូវការរួមចំណែកដ៏ធំរបស់ពួកគេចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។ ទាក់ទងនឹងតួនាទីរបស់ឥស្សរជនក្នុងការបែងចែកប្រាក់ចំណូល និងនៅក្នុងសន្តិសុខសាធារណៈនិងសុខុមាលភាព ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ៦ និង ៩ រៀងគ្នា។

បន្ថែមពីលើការរកឃើញថា «ឥស្សរជនចិនបានកសាងនូវគុណតម្លៃសម្រាប់សង្គមចិននៅក្នុងវិស័យនយោបាយ» ប្រទេសចិនក៏បានជាប់ចំណាត់ថ្នាក់លេខ ៣២ ផងដែរ ពាក់ព័ន្ធនឹងការរួមចំណែករបស់ឥស្សរជននៅក្នុងទីផ្សារ និងកំណើនសេដ្ឋកិច្ច។ ការរួមបញ្ចូលគ្នានៃទីផ្សារ និងគោលនយោបាយឧស្សាហកម្មរបស់ប្រទេសចិន បានធ្វើឱ្យអ្នកសង្កេតការណ៍លោកខាងលិចមានការភាន់ច្រឡំ និងបានមើលស្រាលលើតួនាទីរបស់ពួកគេក្នុងការបង្កើតទីផ្សារ។

ប៉ុន្តែ​របាយការណ៍​នេះ​បាន​គូសបញ្ជាក់​ថា «​មុខងារ​របស់​រដ្ឋ​ចិន​គឺជា​កត្តា​ជំរុញ​ឱ្យមាន​សក្ដានុពល​សេដ្ឋកិច្ចប្រកបដោយជោគជ័យ»។ ក្នុងពេលជាមួយគ្នានេះ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុង «ការបំផ្លិចបំផ្លាញប្រកបដោយភាពច្នៃប្រឌិត» ដែលជាការបង្ហាញថា «ប្រព័ន្ធដែលផ្តោតលើឥស្សរជនរបស់ចិនគឺមានភាពអំណោយផលចំពោះការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអន្តរជាតិដែលខុសពីអ្វីដែលអ្នក សេដ្ឋកិច្ចលោកខាងលិចមួយចំនួនធ្លាប់បានគិត»។

និស្ស័យប្រឆាំងនឹងរបបសក្ដិភូមិ (Schumpeterian) របស់ឥស្សរជននយោបាយចិន អាចធ្វើឱ្យអ្នកសង្កេតការណ៍បរទេសមានភាពស្រពិចស្រពិល។ ប៉ុន្តែមនុស្សមួយចំនួនដែលមានជំនាញច្បាស់លាស់ផ្នែកប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសនេះ និងដែលបានដឹងអំពីរបៀបដែលរដ្ឋចិនត្រូវបានបង្កើតឡើងតាំងពីដំបូង នឹងមិនមានការភ្ញាក់ផ្អើលនោះទេ។

អ្នកប្រវត្តិសាស្រ្តជនជាតិអាមេរិកដើមកំណើតចិន លោក Ray Huang បានសង្កេតឃើញថា «ប្រទេសចិនគឺជាប្រទេសដ៏មានតម្លៃខាងផ្នែកនយោបាយ ដែលបានបញ្ចប់ដំណើរការក្លាយជារដ្ឋទំនើប មុនអឺរ៉ុបរហូតដល់ ១៥០០ ឆ្នាំ»។ លោក Huang រួមជាមួយនឹងអ្នកវិទ្យាសាស្ត្រនយោបាយ Francis Fukuyama បានធ្វើការកត់សម្គាល់អំពីរជ្ជកាលដ៏ខ្លីមួយរបស់មេដឹកនាំសក្តិភូមិចិន។

រាជាណាចក្រតូចៗដែលត្រូវបានដឹកនាំដោយអធិរាជចិន មិនអាចទប់ទល់នឹងការឈ្លានពានជាញឹកញាប់ពីសំណាក់ក្រុមអ្នកប្រមាញ់ពីទិសខាងជើង ឬមិនអាចគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានឡើយ ដែលជា ហេតុបង្កឱ្យមានតម្រូវការផ្នែកនយោបាយ ក្នុងការបង្កើតជារដ្ឋាភិបាលបង្រួបបង្រួមមួយ។

អធិរាជទី១ របស់ប្រទេសចិននៅពេលនោះ គឺ Qin Shi Huang ដែលបានគ្រប់គ្រងប្រទេសចិននៅចន្លោះឆ្នាំ ២២១ ដល់ ២១០ មុនគ.ស និងជាមនុស្សដែលមានគោលបំណងបង្កើតរបបដឹកនាំតាមបែបមជ្ឈការដ៏មានឥទ្ធិពល។ បន្ទាប់មក ប្រទេសចិនរបស់អធិរាជឈីង (Qin) មានភាពជឿនលឿនយ៉ាងខ្លាំង និងបានក្លាយជារដ្ឋទំនើប (ដូចដែលត្រូវបានបញ្ជាក់ដោយសង្គមវិទូ Max Weber) ជាមួយនឹងប្រព័ន្ធការិយាធិបតេយ្យកណ្តាលដ៏ធំ បូករួមនឹងប្រព័ន្ធពន្ធដារដែលមានរចនាសម្ព័ន្ធល្អ។

ផ្ទុយទៅវិញ អឺរ៉ុបនៅពេលនោះមិនទាន់បានបោះជំហានឆ្ពោះទៅរកទំនើបភាវូបនីយកម្មនយោបាយនៅឡើយនោះទេ ដោយត្រូវរង់ចាំរហូតដល់សតវត្សរ៍ទី ១៥។ ប៉ុន្តែការវិវឌ្ឍទៅមុខមុនគេរបស់ចិន ក៏មានគុណវិបត្តិផងដែរ។ ពាណិជ្ជករអឺរ៉ុបអាចប្រមូលផ្តុំឥទ្ធិពលនយោបាយ នៅមុនពេលបង្កើតឱ្យមានរដ្ឋមជ្ឈការ ខណៈដែលការបង្រួបបង្រួមអំណាចរបស់របបចិនបានធ្វើឱ្យប្រទេសនេះមិនអាចទទួលបានការវិវឌ្ឍបែបនេះ។

នេះគឺជាមូលហេតុមួយដែលធ្វើឱ្យមូលធននិយម មិនអាចលេចឡើងនៅក្នុងប្រទេសចិនសម័យបុរាណបាន បើទោះបីជាខ្លួនមានស្ថាប័នរដ្ឋទំនើបៗក៏ដោយ។ លទ្ធផល​នេះ​ត្រូវបានគេដាក់ឈ្មោះថា «​ភាព​ខុស​គ្នា​ដ៏​អស្ចារ្យ​» (Great Divergence)។ បណ្ដា​រដ្ឋ​លោក​ខាង​លិច​បានឈានជើងចូលទៅក្នុងវិស័យ​ឧស្សាហកម្ម​មុន ​និងបាន​វ៉ា​ដាច់​ប្រទេស​ចិន។

បន្ទាប់ពីការបង្រួបបង្រួមរួចហើយ ប្រជាជនដ៏ច្រើនរបស់ចិន និងការិយាធិបតេយ្យប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសនេះ បានអនុញ្ញាតឱ្យអាណាចក្រជាបន្តបន្ទាប់មកទៀតរបស់ចិនអាចទទួលបាននូវភាពរុងរឿងយូរអង្វែង និងអាចសម្រេចបាននូវភាពជឿនលឿនគួរឱ្យកត់សម្គាល់ខាងផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងវប្បធម៌។ ប៉ុន្តែ​ប្រទេសចិន​ក៏បាន​ដាក់ខ្លួនឱ្យនៅឯកោពី​ពិភពលោក​អស់​រយៈពេលជាច្រើន​សតវត្ស​រ៍ផងដែរ ដែលជាហេតុធ្វើឱ្យ​ប្រទេសនេះធ្លាក់ចុះ​ខ្សោយ​។

បទពិសោធន៍របស់ប្រទេសចិនក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះបានបង្ហាញថា «កំណើនសេដ្ឋកិច្ច តែងដើរទន្ទឹមគ្នាជាមួយនឹងការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក»។ ដំណើរការនេះកំពុងតែបន្ត ហើយផ្លូវទៅមុខគឺនៅវែងឆ្ងាយណាស់ ខណៈដែលពេលនេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ៨០ ស្តីពីសេរីភាពនៃការធ្វើពាណិជ្ជកម្ម និងលេខ ១០៤ ស្តីពីសកលភាវូបនីយកម្មសេដ្ឋកិច្ច នៅក្នុងសន្ទស្សន៍ EQx។

កេរ្តិ៍ដំណែលស្ថាប័នដ៏សម្បូរបែបរបស់ចិន គឺជារឿងដ៏អំណោយផលចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។ ប្រទេសជាច្រើននៅពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងការលំបាកក្នុងការជំរុញកំណើនសេដ្ឋកិច្ចដោយសារអសមត្ថភាពផ្នែកការិយាធិបតេយ្យ, ភាពលម្អៀងនៃបទប្បញ្ញត្តិ និងការរីករាលដាលនៃអំពើពុករលួយ។

ប៉ុន្តែបទពិសោធន៍របស់ប្រទេសចិនបានបង្ហាញឱ្យឃើញអំពី «អំណាចរបស់ឥស្សរជននយោបាយដែលមានសមត្ថភាព និងមានភាពស្វាហាប់ក្នុងការជំរុញវិបុលភាព ក៏ដូចជាហានិភ័យនៃការមើលស្រាលលើតួនាទីសេដ្ឋកិច្ចដ៏សំខាន់របស់រដ្ឋដ៏រឹងមាំ»៕

Project Syndicate

អត្ថបទទាក់ទង