ខ្មែរប៉ុស្ដិ៍ Close

លោក Joe Biden បានវេតូលើកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសភាអាមេរិកក្នុងការយកពន្ធឡើងវិញ លើបន្ទះសូឡាដែលផលិតនៅអាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 40
លោក Joe Biden បានវេតូលើកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសភាអាមេរិកក្នុងការយកពន្ធឡើងវិញ លើបន្ទះសូឡាដែលផលិតនៅអាស៊ីអាគ្នេយ៍ លោក Joe Biden បានវេតូលើកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសភាអាមេរិកក្នុងការយកពន្ធឡើងវិញ លើបន្ទះសូឡាដែលផលិតនៅអាស៊ីអាគ្នេយ៍

លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា: លោកបានវេតូលើ ច្បាប់មួយដែលអនុម័តដោយសភា ដែលនឹងលុបចោលការលើកលែងពន្ធរបស់អាមេរិកលើបន្ទះសូឡាដែលនាំ ចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន 4។ «ការលើកលែងពន្ធលើបន្ទះសូឡាដែលផលិតក្នុងប្រទេស ម៉ាឡេស៊ី កម្ពុជា វៀតណាម និងថៃ» ដែលផ្តល់ដោយលោក Biden កាលពីខែមិថុនា ឆ្នាំ ២០២២ ត្រូវបានកំណត់ឱ្យអនុវត្តរយៈពេល ២ ឆ្នាំ។

លោក Biden បាននិយាយថា ការលើកលែងពន្ធនេះនឹងបង្កើតជា «ស្ពានចម្លងមួយ» រហូតដល់ការផលិតរបស់អាមេរិកកើនឡើងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គម្រោងនានានៅក្នុងស្រុក ដែលចាំបាច់ក្នុងការសម្រេចឱ្យបាននូវគោលដៅក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

បណ្ដាក្រុមហ៊ុនពាណិជ្ជកម្មថាមពលស្អាតឈានមុខគេដែលសមាជិករបស់ពួកគេពឹងផ្អែកលើការនាំចូលក្នុងតម្លៃថោកដើម្បីរក្សាការចំណាយរបស់ពួកគេឱ្យនៅទាប គាំទ្រចំពោះការលើកលែងពន្ធនេះ និងបានកោត សរសើរចំពោះការវេតូរបស់លោក Biden ។ «ចំណាត់ការនេះនឹងការពារវឌ្ឍនភាពថាមពលស្អាតរបស់ប្រទេសយើង និងជួយសង្គ្រោះការងារអាមេរិកបានយ៉ាងហោចណាស់ ៣០ ០០០ កន្លែង!»

ការលើកលែងពន្ធនេះកើតចេញពីការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីឆ្នាំមុនដែលបានរកឃើញថា: ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិនធំៗមួយចំនួនកំពុងព្យាយាមគេចចេញពីការយកពន្ធរបស់អាមេរិកលើផលិតផលរបស់ពួកគេ តាមរយៈការតម្លើងផលិតផលសម្រេចនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ ការ​នាំ​ចូល​ពី​បណ្តា​ប្រទេសទាំងនេះ ​មាន​ប្រហែល ៨០% នៃ​ការ​ផ្គត់ផ្គង់​បន្ទះ​សូឡា​របស់​អាមេរិក។

ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុកបាននិយាយថា ការយកពន្ធក្នុងពេលនេះគឺចាំបាច់ណាស់ដើម្បីប្រកួតប្រជែងជាមួយនឹងបន្ទះសូឡាតម្លៃថោកដែលផលិតនៅបរទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលពន្យល់តែពីការវេតូលើកទី៣ ក្នុងតំណែងជាប្រធានាធិបតីរបស់ខ្លួន លោក Biden បាននិយាយថា ការលើកលែងពន្ធនឹងជួយធានាថា «យើងមានឧស្សាហកម្មដំឡើងបន្ទះសូឡា ដែលរីកចម្រើន និងដែលត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយបន្ទះសូឡាដែលផលិតដោយអាមេរិក ទៅកាន់បណ្ដាគេហដ្ឋាន, អាជីវកម្ម និងសហគមន៍ទូទាំងប្រទេស»។ លោក Biden បាននិយាយថា លោកមិនមានបំណងបន្តការលើកលែងពន្ធទៀតទេ ក្រោយពីការលើកលែងលើកនេះផុតកំណត់។

សមាជិកសភាអាមេរិក លោក Dan Kildee ដែល មកពីបក្សប្រជាធិបតេយ្យ និងដែលជាអ្នកចូលរួមនៅក្នុងការតាក់តែងច្បាប់នេះបាននិយាយថា លោកមានការខកចិត្តចំពោះការវេតូនេះ។ លោក Kildee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បុគ្គលិកនិងអាជីវកម្មរបស់យើងនឹងមិនអាចប្រកួតប្រជែងជាសកលបានទេ លុះត្រាតែយើងចាប់អ្នកដែលបំពានច្បាប់ពាណិជ្ជកម្មរបស់អាមេរិកឱ្យទទួលខុសត្រូវបាន»។

សភាអាមេរិកហាក់ដូចជាមិនមានសំឡេងឆ្នោតគ្រប់គ្រាន់ដើម្បីបដិសេធលើការវេតូរបស់លោក Biden បានទេ ពោលគឺគេត្រូវការសំឡេង ២/៣ នៅក្នុងសភាតំណាង និងនៅព្រឹទ្ធសភា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមឧស្សាហកម្ម បន្ទះសូឡារបស់អាមេរិក (SEIA) បាននិយាយថា ច្បាប់នេះនឹងបំផ្លាញការងារចំនួន ៣០ ០០០ កន្លែងនៅក្នុងវិស័យសូឡា តាមរយៈការមិនអាចវិវឌ្ឍទៅមុខបាននៃច្បាប់នេះ។

លោក Abigail Ross Hopper នាយកប្រតិបត្តិនៃសមាគម SEIA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពនេះគឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋបាល Biden ចំពោះភាពប្រាកដប្រជានៃអាជីវកម្មនៅក្នុងវិស័យថាមពលស្អាត និងជាសញ្ញាមួយទៅដល់ក្រុមហ៊ុននានាក្នុងការបន្តបង្កើតការងារ, ការកសាងសមត្ថភាពផលិតក្នុងស្រុក និងការវិនិយោគនៅក្នុងសហគមន៍អាមេរិក»៕

South China Morning Post

អត្ថបទទាក់ទង