ខ្មែរប៉ុស្ដិ៍ Close

ប្រជាភិថុតនិយមរបស់លោក Joe Biden

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 47
ប្រជាភិថុតនិយមរបស់លោក Joe Biden ប្រជាភិថុតនិយមរបស់លោក Joe Biden

សកម្មភាពប្រជាភិថុតបានលេចឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។ សម្រាប់ក្រុមនយោបាយឆ្វេងនិយមនៅអាមេរិក ក្រុមចលនា Occupy Wall Street, ការខ្វល់ខ្វាយអំពីវិសមភាពប្រាក់ចំណូល និងយុទ្ធនាការឃោសនាជ្រើសរើសបេក្ខភាពប្រធានាធិបតីឆ្នាំ ២០១៦ ដ៏ខ្លាំងក្លារបស់លោក Bernie Sanders ពិតជាបានបង្ហាញនូវការងាកចេញពីនយោបាយកណ្តាលនិយមនៃយុគសម័យមុនវិបត្តិសេដ្ឋកិច្ច។

សម្រាប់ក្រុមស្តាំនិយមវិញ លោក Donald Trump បានប្រើប្រាស់ចលនាប្រជាភិថុត, ការស្អប់ខ្ពើមពូជសាសន៍ និងចលនាជាតិនិយមដើម្បីអាចឡើងមកកាន់កាប់សេតវិមាន។ ជាមួយនឹងការសន្យាក្នុងការវិលត្រឡប់មករកសភាពធម្មតាវិញ នៅពេលនោះលោក Joe Biden បានផ្តួលលោក Sanders នៅក្នុងយុទ្ធនាការឃោសនាជ្រើសរើសបេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២០ និងបានយកឈ្នះលើលោក Trump នៅក្នុងការបោះឆ្នោតជាតិ។

ប៉ុន្តែនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិរបស់លោកនៅក្នុងឆ្នាំ ២០២៣ ដែលជាទូទៅត្រូវបានគេចាត់ទុកជាផែនទីបង្ហាញផ្លូវសម្រាប់យុទ្ធនាការស្វែងរកសំឡេងឆ្នោតដ៏មានសក្តានុពល លោក Biden បានផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ចលនាប្រជាភិថុត។ បើទោះបីជាលោកបានទទួលជ័យជម្នះលើមុខតំណែងប្រធានាធិបតីនៅឆ្នាំ ២០២០ ក៏ដោយ ក៏លោក Biden បានយល់យ៉ាងច្បាស់ថា «សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤ ការបោះឆ្នោតនឹងមានទំនោរវិលទៅរកពិភពរបស់លោក Trump និងលោក Sanders»។

លោក Biden បានពង្រឹងខ្លួនរបស់លោកនៅលើបញ្ហាគន្លឹះៗចំនួន ៤។

ទី១៖ «លោកបានការពារគោលនយោបាយ «Buy American» សម្រាប់កិច្ចសន្យានានារបស់រដ្ឋាភិបាល, បានគាំទ្រយ៉ាងមុតមាំចំពោះកម្មករនៅក្នុងវិស័យឧស្សាហកម្មក្នុងស្រុក និងបានរិះគន់រដ្ឋបាលមុនៗដែលមិនបានបំពេញការងារឱ្យបានគ្រប់គ្រាន់ក្នុងផ្នែកទាំងនេះ»។

ក្រោយមកទៀត លោកបានប្រកាសនូវ «ស្តង់ដារថ្មីៗសម្រាប់សម្ភារៈសំណង់ទាំងអស់ ដែលត្រូវបានយកមកប្រើប្រាស់នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់សហព័ន្ធ ដោយរាប់ចាប់តាំងពីឈើ, កញ្ចក់ និងក្តារបន្ទះម្នាងសីលា រហូតដល់ខ្សែកាបអុបទិក គឺត្រូវតែជាផលិតផលដែលផលិតនៅអាមេរិក» ហើយលោកបានថែមទាំងប្រកាសទៀតថា «ក្រោមការដឹកនាំរបស់ខ្ញុំ ផ្លូវថ្នល់អាមេរិក, ស្ពានអាមេរិក និងផ្លូវល្បឿនលឿនរបស់អាមេរិក នឹងត្រូវសាងសង់ឡើងដោយប្រើប្រាស់ផលិតផលរបស់អាមេរិក»។

ទី២៖ «លោក Biden ពិតជាបានបំបែកឯកទគ្គកម្មសម្រាប់កិច្ចការការពារព្រំដែន ដោយក្នុងនោះលោកបានចាប់ខ្លួនអ្នកជួញដូរមនុស្សបានចំនួន ៨ ០០០ នាក់ និងរឹបអូសបានរឹបអូសថ្នាំញៀន Fentanyl ជាង ២៣ ០០០ ផោននៅក្នុងរយៈពេលត្រឹមតែប៉ុន្មានខែចុងក្រោយនេះ»។ លោកក៏ជាអ្នកជំរុញឱ្យសភាអនុម័តផែនការរបស់លោកផងដែរ ក្នុងការផ្តល់សម្ភារៈ និងដាក់ពង្រាយកម្លាំងដើម្បីការពារព្រំដែន»។

ទី៣៖ «លោកបានប្រកាន់យកភាសាយ៉ាងម៉ឺងម៉ាត់ចំពោះចិន» ដោយបានលើកឡើងនូវទឡ្ហីករណ៍ថា «សហរដ្ឋអាមេរិកនៅពេលនេះ កំពុងស្ថិតនៅក្នុងជំហរដ៏រឹងមាំបំផុតដែលមិនធ្លាប់មាននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក នេះនៅក្នុងការប្រកួតប្រជែងជាមួយនឹងចិន»។ លោកបានបញ្ជាក់ថា «ការទទួលបានជ័យជំនះលើការប្រកួតប្រជែងជាមួយចិននឹងធ្វើឱ្យយើងទាំងអស់គ្នាមានសាមគ្គីភាពគ្នា»។

ទី៤៖ «លោក Biden បានរិះគន់ក្រុមគណបក្សសាធារណរដ្ឋ ដែលកំពុងត្រូវបានគេចោទថា ចង់កាត់ផ្តាច់ការចំណាយទៅលើកម្មវិធីថែទាំសុខភាព និងរបបសន្តិសុខសង្គម» ហើយសកម្មភាពនេះមានន័យស្មើនឹងការអះអាងថា «លោកគឺជាអ្នកការពារកម្មវិធីទាំងនេះ»។ លោកបានប្រកាសថា «ប្រសិនបើនរណាព្យាយាមលុបចោលនូវរបបសន្តិសុខសង្គម ខ្ញុំនឹងបញ្ឈប់ពួកគេ។ ហើយប្រសិនបើនរណាព្យាយាមលុបចោលកម្មវិធីថែទាំសុខភាព ខ្ញុំក៏នឹងបញ្ឈប់ពួកគេដូចគ្នាដែរ»។

ប៉ុន្តែលោក Biden ក៏អាចនឹងមិនមានអ្វីខុសប្លែកគ្នាពីលោក Trump នោះដែរ ពាក់ព័ន្ធនឹងសកម្មភាពទាំងអស់នេះ។ ប្រាកដណាស់ ប្រធានាធិបតី និងថ្នាក់ដឹកនាំរបស់លោក Biden នឹងធ្វើការជំទាស់ចំពោះការប្រៀបធៀបណាមួយរវាងរូបលោក និងលោក Trump។ ពួកគេអាចនឹងលើកឡើងថា «ជាមួយនឹងការកើនឡើងនូវបញ្ហាសន្តិសុខតាមព្រំដែន លោក Biden បានអំពាវនាវឱ្យមានការ បើកច្រកដើម្បីផ្តល់នូវសញ្ជាតិដល់ជនអន្តោប្រវេសន៍ខ្លះ»។

លោក Trump ពិតជាស្អប់ជនអន្តោប្រវេសន៍ និងបានធ្វើការរឹតត្បិតចំពោះរឿងនេះ។ ប៉ុន្តែបើទោះបីជាមានភាពខុសប្លែកគ្នាក៏ដោយ ក៏ផែនទីបង្ហាញផ្លូវសម្រាប់ការឈរឈ្មោះប្រកួតប្រជែងរបស់លោក Biden មានរួមបញ្ចូលនូវចំណុចដូចគ្នាច្រើនទៅនឹងចលនាជាតិនិយមផ្នែកសេដ្ឋកិច្ចរបស់លោក Trump។ ផែនទីខាងលើនេះក៏មានចំណុចដូចគ្នាច្រើនជាមួយនឹងគោលនយោបាយប្រជាភិថុតបែបឆ្វេងនិយមរបស់លោក Sanders ផងដែរ។

លោក Biden បានរិះគន់ក្រុមហ៊ុនធំៗនិងពួកមហាសេដ្ឋីយ៉ាងខ្លាំងចំពោះការមិនចែករំលែក «ប្រាក់ចំណូល» របស់គេឱ្យបានសមល្មម និងបានថ្កោលទោសក្រុមហ៊ុនប្រេងធំៗ ចំពោះការទទួលបានប្រាក់ចំណេញជ្រុលហួសហេតុ។ តាមរយៈការចាប់បញ្ជល់គ្នាដោយផ្ទាល់រវាង «ប្រជាជននិងក្រុមឥស្សរជន» លោកបាននិយាយថា «ខ្ញុំគិតថាប្រជាជនទាំងអស់គ្នាពិតជាយល់ស្របជាមួយខ្ញុំថា ប្រព័ន្ធពន្ធបច្ចុប្បន្នរបស់យើងគឺមិនមានភាពស្មើគ្នាទេ»។

បន្ទាប់មក លោក Biden បានអំពាវនាវឱ្យមានការកំណត់ពន្ធអប្បបរមាសម្រាប់ក្រុមមហាសេដ្ឋី និងបង្កើនពន្ធ ៤ ដងលើការទិញភាគហ៊ុនរបស់ក្រុមហ៊ុនធំៗ។ ប្រាកដណាស់ គោលនយោបាយខ្លះដែលលោក Biden បានគូសបញ្ជាក់ពិតជាមានភាពសមហេតុផល។ ការផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងជំហរកាន់តែតឹងរ៉ឹងចំពោះប្រទេសចិនអាចជារឿងសមហេតុផល។

ប៉ុន្តែសកម្មភាពប្រជាភិថុតនិងជាតិនិយមតែងតែនាំមកនូវគោលនយោបាយមិនល្អ។ «ការទិញតែផលិតផលរបស់អាមេរិក» (Buy American) នឹងមិនអាចជួយបង្កើតការងារនោះទេ ហើយវានឹងធ្វើឱ្យអ្នកបង់ពន្ធត្រូវបង្កើនការចំណាយ ហើយចំនួននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនឹងមានកាន់តែតិច។ ការយកពន្ធលើការទិញភាគហ៊ុន នឹងមិនជំរុញការវិនិយោគនោះទេ ហើយវានឹងធ្វើឱ្យក្រុមហ៊ុនសារជីវកម្ម ត្រូវបញ្ចេញសាច់ប្រាក់ដ៏លើសលុបសម្រាប់ចំណាយទៅលើបុព្វលាភ។

លោកប្រធានាធិបតីគួរតែផ្តល់ការគាំទ្របន្ថែមដល់បណ្តាមហាសេដ្ឋី ជាជាងការបង្កជម្លោះ តាមរយៈការបង្កើតឱ្យមានភាពស្អប់ខ្ពើមចំពោះភាពជោគជ័យរបស់ពួកគេ និងការយកពួកគេធ្វើជាផ្ទាំងស៊ីប បូករួមនឹងការប្រើប្រាស់ការយកពន្ធជាការដាក់ទណ្ឌកម្ម។ នៅថ្ងៃអនាគត ការចំណាយទៅលើកម្មវិធីថែទាំសុខភាពនិងរបបសន្តិសុខសង្គមត្រូវតែកាត់បន្ថយ ដើម្បីអាចបន្តរក្សាកម្មវិធីទាំងពីរនេះឱ្យមានវត្តមានសម្រាប់មនុស្សវ័យចំណាស់ ដែលមានទ្រព្យសម្បត្តិតិចនិងប្រាក់ចំណូលទាប ដែលកំពុងត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្មវិធីទាំងនេះ។

ប្រសិនបើចរន្តបច្ចុប្បន្នតែនៅបន្តកើតមាន កម្មវិធីទាំងពីរនេះ ព្រមទាំងការបង់ការប្រាក់ដើម្បីសងបំណុល នឹងធ្វើឱ្យថវិកាសហព័ន្ធថយចុះ។ សហរដ្ឋអាមេរិកចាំបាច់ត្រូវងាកចេញពីសកម្មភាពប្រជាភិថុត, ចលនាជាតិនិយម និងការអនុវត្តសេដ្ឋកិច្ចតាមបែបត្អូញត្អែរ។ ការផ្តល់ការអនុគ្រោះដល់បណ្តាឧស្សាហកម្ម និងក្រុមហ៊ុនដែលជាគោលដៅ, ការបដិសេធតថភាពសារពើពន្ធ, ការងាកចេញពីពិភពលោក និងការស្អប់ខ្ពើមចំពោះបណ្តាក្រុមហ៊ុននិងបុគ្គលដែលជោគជ័យនោះ នឹងមិនអាចជួយអ្វីដល់កម្មករ និងប្រជាជនជាទូទៅបានទេ។

បក្សទាំង ២ គួរតែប្រកួតប្រជែងគ្នាទៅលើរបៀបដែលថា «តើពួកគេគួរពង្រឹងសេដ្ឋកិច្ច និងបង្កើនការចូលរួមនៅក្នុងសេដ្ឋកិច្ចឱ្យបានល្អបំផុតតាមរបៀបណា»។ ពួកគេគួរតែចាប់ផ្តើមពីការមានភាពសុទិដ្ឋិនិយមចំពោះថ្ងៃអនាគត ហើយពួកគេក៏គួរទទួលយកនូវតថភាពជាក់ស្តែងដែលថា «កិច្ចខិតខំប្រឹងប្រែងពិតជានឹងផ្តល់នូវលទ្ធផលល្អ» ហើយ «ប្រជាជនអាមេរិកនឹងមានអំណាចក្នុងការទាមទារនូវអ្វីដែលពួកគេចង់បាន»។ ពួកគេក៏គួរតែទាត់ចោលផងដែរនូវការដណ្តើមគ្នាយកចាញ់-ឈ្នះដាច់ខាត និងការយល់ឃើញដែលផ្អែកទៅលើសកម្មភាពប្រជាភិថុត និងចលនាជាតិនិយមផ្នែកសេដ្ឋកិច្ច។

លោក Biden មិនមែនជាលោក Trump ឬលោក Sanders នោះទេ។ ប៉ុន្តែលោកកំពុងតែរៀបចំនូវយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីអាចដណ្តើមយកជ័យជំនះសាជាថ្មី ដែលមានភាពស្រដៀងគ្នាខ្លាំងទៅនឹងសកម្មភាពរបស់ពួកគេទាំងពីរ។ តាមពិត លោក Biden គួរតែនាំពួកយើងចេញពីទំព័រមិនល្អដែលបានចាប់ផ្តើមតាំងពីវិបត្តិឆ្នាំ ២០០៨។ សូមងាកទៅរកសករាជថ្មីទៅលោកប្រធានាធិបតី!

Project Syndicate

អត្ថបទទាក់ទង