ខ្លឹមសារសុន្ទរកថាទាំងស្រុងរបស់លោក Joe Biden ស្តីអំពី «គោលនយោបាយការបរទេសនិងសន្តិសុខជាតិ» ជាខេមរភាសា
វាជាការពិតដែលរដ្ឋមន្ត្រីនិងខ្ញុំបានធ្វើ ការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយខ្ញុំដឹងថា ពួកគេ មានសមត្ថភាពដើម្បីដឹកនាំក្រសួងការ បរទេសនៅក្នុងគ្រាដ៏ លំបាកនេះ។ អ្នកដែល បានធ្វើការនៅទីនេះ បូករួមទាំងអ្នកការទូត គឺសុទ្ធតែជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះ, បានចូលរួមយ៉ាងសកម្ម និងទទួល បានការអប់រំខ្ពស់។ នៅក្នុងក្រុមអ្នក ការទូតសំខាន់ៗដែលខ្ញុំមានឱកាសធ្វើការជាមួយ អ្នកទាំងអស់គ្នាមិនត្រឹមតែមានសមត្ថភាពផ្នែកបញ្ញាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងមានភាពក្លាហានផងដែរ។
ថ្ងៃនេះ ខ្ញុំនឹងផ្ញើសារ យ៉ាងច្បាស់ទៅកាន់ពិភពលោកថា «អាមេរិកត្រលប់មក វិញហើយ, វីស័យការទូតត្រឡប់មកវិញហើយ, យើងនឹងកសាងសម្ព័ន្ធភាព របស់យើងឡើងវិញ, យើងនឹងចូលប្រឡូកក្នុងពិភពលោកឡើង វិញដើម្បីប្រឈមមុខ នឹងបញ្ហាដ៏ធំដែលយើងកំពុងជួបប្រទះ ដូចជាការដោះស្រាយបញ្ហាវីរុសរាតត្បាត និងការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោក ហើយយើងនឹងក្រោកឈរ ដើម្បីគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក»។
វាគឺជាកិត្តិយសណាស់ក្នុងការវិលត្រឡប់មកកាន់ក្រសួងការបរទេសវិញ ក្រោមក្រសែភ្នែករបស់ប្រមុខការទូតអាមេរិកដំបូងគេ គឺលោក Benjamin Franklin ក៏ដូចជាអ្នកការទូតជាន់ខ្ពស់និងអ្នកការទូតថ្មីរបស់យើង គឺលោករដ្ឋមន្ត្រីការបរទេស Tony Blinken ។ យើងបានធ្វើការជាមួយគ្នាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ជំនាញការទូតរបស់អ្នកទទួលបានការកោតសរសើរទាំងពីសំណាក់បណ្តាប្រទេសជាមិត្តនិង
ដៃគូប្រកួតប្រជែងរបស់យើងនៅជុំវិញពិភពលោក។
ហើយ នៅពេលអ្នកនិយាយ ពួកគេនឹងដឹងថា អ្នកនិយាយជំនួសមុខឱ្យខ្ញុំ។ ដូច្នេះ នេះគឺជាសារដែលខ្ញុំចង់ឱ្យពិភពលោកបានលឺនៅថ្ងៃនេះ «អាមេរិកត្រលប់មកវិញហើយ។ វិស័យការទូតបានត្រឡប់មកក្លាយជាចំណុចស្នូលនៃគោល នយោបាយការ បរទេសរបស់យើងវិញហើយ»។
ដូចដែលខ្ញុំបានលើកឡើងនៅក្នុងសុន្ទរកថាក្នុងពេលស្បថចូលកាន់តំណែងរបស់ខ្ញុំ យើងនឹងស្តារឡើងវិញនូវសម្ព័ន្ធភាព របស់យើងនិងចូលរួមជាមួយពិភពលោកជាថ្មីម្តងទៀត ប៉ុន្តែមិនមែនដើម្បីដោះស្រាយបញ្ហាប្រឈមកាលពីម្សិលមិញទេ គឺយើងនឹងរួមគ្នាដោះស្រាយបញ្ហានៅថ្ងៃនេះនិងនៅថ្ងៃស្អែក។
«ភាពជាអ្នកដឹកនាំរបស់អាមេរិកនឹងដោះស្រាយនូវបញ្ហាថ្មីៗនៃការកើនឡើងអំណាចផ្តាច់ការ បូករួមទាំងមហិច្ឆតាកាន់តែកើនឡើងរបស់ចិន ក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកនិងការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការបំផ្លាញនិងរំខាន ដល់លទ្ធិប្រជាធិបតេយ្យរបស់យើង»។
យើងត្រូវតែឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលថ្មីៗ រាប់ចាប់ពីវីរុសរាតត្បាត រហូតដល់វិបត្តិអាកាសធាតុនិងការរីកសាយអាវុធនុយក្លេអ៊ែរដែលដំណោះស្រាយតែមួយគត់ចំពោះបញ្ហាប្រឈមទាំងនេះគឺការដែលបណ្តាប្រទេសទាំងអស់ធ្វើការជាមួយគ្នា និងរួមគ្នា។ យើងមិនអាចធ្វើវាតែម្នាក់ឯងបាននោះទេ។
យើងនឹងចាប់ផ្តើមពីវិស័យការទូតដែល បានចាក់ឫសនៅក្នុងតម្លៃប្រជាធិបតេយ្យរបស់អាមេរិក ដែល នោះគឺការការពារសេរីភាព, ឱកាសក្នុងការយកឈ្នះ, ការលើកស្ទួយសិទ្ធិជាសកល, ការគោរពនីតិរដ្ឋ និងការប្រព្រឹត្តិចំពោះមនុស្សគ្រប់គ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។
ទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃគោល នយោបាយសកលរបស់យើង ក៏ដូចជាអំណាចសកលរបស់យើង ហើយវាគឺជាប្រភពកម្លាំងដែលមិន ចេះរីងស្ងួតរបស់យើង និងជាគុណប្រយោជន៍របស់សហរដ្ឋអាមេរិក។
បើទោះបីជាតម្លៃទាំងនេះ ភាគច្រើនបានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបានប្រឈមមុខនឹងបញ្ហាកាន់តែធ្ងន់ធ្ងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ដោយ ក៏ប្រជាជនអាមេរិកនឹងងើបឈរឡើងវិញ កាន់តែខ្លាំងជាងមុន, កាន់តែមានការប្តេជ្ញាចិត្តខ្ពស់ជាងមុន និងកាន់តែមានសមត្ថភាពជាងមុន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងក្នុងយុទ្ធនាការការពារលទ្ធិប្រជាធិបតេយ្យនៅក្នុងពិភពលោក។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានសហការយ៉ាងជិតស្និទ្ធជាមួយ សម្ព័ន្ធមិត្តនិងដៃគូរបស់យើងដើម្បីប្រមូលផ្តុំការឆ្លើយតបជាអន្តរជាតិ ពាក់ព័ន្ធនឹងបញ្ហានៃការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសភូមា។ ហើយខ្ញុំក៏បានទាក់ទងជាមួយលោក McConnell ដើម្បីពិភាក្សាអំពីការព្រួយបារម្ភរួមរបស់យើងអំពី ស្ថានភាពនៅក្នុងប្រទេសភូមា ហើយយើងក៏បានឯកភាពគ្នាចំពោះដំណោះស្រាយរួមរបស់យើងផងដែរ។
នៅក្នុងប្រទេសប្រជាធិបតេយ្យ ការប្រើប្រាស់កម្លាំងមិនគួរត្រូវបានអនុវត្ត ដើម្បីគាបសង្កត់ឆន្ទៈរបស់ប្រជាជន ឬដើម្បីលុបចោលនូវលទ្ធផល បោះឆ្នោតដែលគួរឱ្យទុកចិត្តនោះទេ។ យោធាភូមាគួរតែប្រគល់អំណាចដែលពួកគេបានដណ្តើមយក, ដោះលែងអ្នកតស៊ូមតិ និងសកម្មជន និងមន្រ្តីដែលពួកគេបានឃុំខ្លួន, ដកការរឹតត្បិតលើប្រព័ន្ធទូរគមនាគមន៍និងចៀសវាងឱ្យបាននូវការប្រព្រឹត្តិអំពើហិង្សា។ ហើយដូចដែលខ្ញុំបាននិយាយកាលពីដើមសប្តាហ៍នេះ យើងនឹងធ្វើការជាមួយដៃគូរបស់យើងដើម្បីគាំទ្រ ដល់ការស្តារលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋឡើងវិញនៅក្នុងប្រទេសភូមា ហើយយើងនឹងចាត់វិធានការ លើអ្នកដែលទទួល ខុសត្រូវលើរឿងទាំងនេះ។
ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះខ្ញុំបានពិភាក្សាជាមួយបណ្តាមេដឹកនាំនៃប្រទេសជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់យើង ដែលរួមមានកាណាដា,ម៉ិកស៊ិក, អង់គ្លេស, អាល្លឺម៉ង់, បារាំង, អង្គការណាតូ (NATO), ជប៉ុន, កូរ៉េខាងត្បូង និងអូស្ត្រាលី ដើម្បីចាប់ផ្តើមធ្វើកំណែទម្រង់គម្រូចាស់នៃកិច្ចសហប្រតិបត្តិការ និងដើម្បីពង្រឹងកម្លាំងនៃសម្ព័ន្ធភាពប្រជាធិបតេយ្យដែល បានរងនូវការរំលោភបំពានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
សម្ព័ន្ធភាពរបស់អាមេរិកគឺជាធនធានដ៏អស្ចារ្យបំផុតរបស់យើង ហើយការនាំមុខ នៅក្នុងផ្នែកការទូតនឹងអាចធ្វើឱ្យយើងរួមកម្លាំងគ្នាជាមួយសម្ព័ន្ធមិត្តនិងដៃគូសំខាន់ៗរបស់យើងជាថ្មីម្តងទៀត ហើយយើងក៏នឹងចូលរួមជា មួយសត្រូវនិងដៃគូប្រកួតប្រជែងរបស់យើងតាមរយៈវិស័យការទូតនេះផងដែរ ដើម្បីបម្រើជាផល ប្រយោជន៍និងពង្រឹងសន្តិសុខសម្រាប់ប្រជាជនអាមេរិក។
ហេតុដូច្នេះហើយ កាលពីម្សិលមិញ សហរដ្ឋអាមេរិកនិង រុស្ស៊ីបានព្រមព្រៀងគ្នាបន្តសន្ធិសញ្ញា START ក្នុងរយៈពេល ៥ ឆ្នាំដើម្បីថែរក្សានិង ការពារសន្ធិសញ្ញាតែមួយគត់ដែលនៅ សល់រវាងប្រទេស ២ ក្នុងការការពារស្ថិរភាព នុយក្លេអ៊ែរ។
ក្នុងពេលជាមួយគ្នានេះ ខ្ញុំបានបញ្ជាក់ យ៉ាងច្បាស់ដល់ប្រធានាធិបតី Putin ថា : ពេលវេលាដែលសហរដ្ឋអាមេរិកយោគយល់ចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ី ដូចជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់យើង, ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត និងការបំពុលពលរដ្ឋរុស្ស៊ីបានឈានចូលដល់ទីបញ្ចប់ហើយ។ យើងនឹងមិនស្ទាក់ស្ទើរក្នុងការប្រឈមមុខនឹងប្រទេសរុស្ស៊ីដើម្បីការពារផលប្រយោជន៍សំខាន់ៗ ក៏ដូចជា
ប្រជាជនរបស់យើង នោះទេ។ ហើយយើង នឹងអាចដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីបានកាន់តែមានប្រសិទ្ធិភាព នៅពេលដែលយើងធ្វើការជាក្រុមចម្រុះ និងដោយមានការសហការពីបណ្តាប្រទេសជាគូដែលមានគំនិតដូចគ្នា។
ការជាប់ពន្ធនាគារ ក្រោមហេតុផល នយោបាយរបស់លោក Alexei Navalny និងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការបង្ក្រាបលើសេរីភាពនៃការ បញ្ចេញមតិនិងការជួបជុំគ្នាដោយសន្តិវិធី គឺ ជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងចំពោះយើងនិងចំពោះសហគមន៍អន្តរជាតិ។ លោក Navalny ក៏ដូចជាពលរដ្ឋរុស្ស៊ីទាំងអស់ សុទ្ធតែមានសិទ្ធិសេរីភាពដូចដែលមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញរុស្ស៊ី។ លោកត្រូវបានគេកំណត់គោលដៅ ដោយសារលោកបានលាតត្រដាងអំពីអំពើពុករលួយ។ ដូច្នេះ លោកគួរតែត្រូវបាន ដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ហើយយើងក៏នឹងធ្វើការដោះស្រាយចំពោះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងភាពរុងរឿង, សន្តិសុខ និងគុណតម្លៃប្រជាធិបតេយ្យរបស់យើង ដែលបង្កឡើងដោយប្រទេសចិនដែលជា ដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លារបស់យើង។ យើងនឹងតទល់ទៅនឹងការរំលោភបំពានផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន, ប្រឆាំងនឹងសកម្មភាពឈ្លានពាននិងការបង្ខិតបង្ខំរបស់ចិន, ប្រឆាំងនឹងការវាយប្រហាររបស់ចិនទៅ លើសិទ្ធិមនុស្ស, កម្មសិទ្ធិបញ្ញានិងអភិបាលកិច្ចពិភពលោក។
ប៉ុន្តែ យើងក៏បាននិងកំពុងត្រៀមខ្លួន ដើម្បីធ្វើការជាមួយទីក្រុងប៉េកាំងផងដែរ ប្រសិនបើវាអាចបម្រើជាប្រយោជន៍ដល់សហរដ្ឋអាមេរិក។ យើងនឹងធ្វើការប្រកួតប្រជែងដោយផ្អែកលើជំហរនៃភាពរឹងមាំតាមរយៈការពង្រឹងសមត្ថភាពរបស់ យើងនៅក្នុងប្រទេស, ការសហការជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើង, ការបន្តឡើងវិញនូវតួនាទីរបស់យើងនៅក្នុងស្ថាប័នអន្តរជាតិនិងការកសាងភាពជឿទុកចិត្តនិងអំណាចខាងផ្នែកសីលធម៌របស់យើងឡើងវិញ។
ហេតុដូច្នេះហើយ ទើបបានជាយើងបានចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការចាប់ផ្តើមស្តារការចូលរួមរបស់អាមេរិកជាអន្តរជាតិឡើងវិញ និងការប្រមែប្រមូលតួនាទីជាអ្នកដឹកនាំរបស់យើងត្រឡប់ មកវិញដើម្បីពង្រឹងសកម្មភាពសកលក្នុងការដោះស្រាយបញ្ហាប្រឈមរួម។
នៅថ្ងៃទីមួយខ្ញុំបានចុះហត្ថលេខា ដើម្បីបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឡើងវិញ។ យើងកំពុងចាត់វិធានការដើម្បីរួម បញ្ចូលគោលបំណង ស្តីពីបញ្ហាអាកាសធាតុ ទៅក្នុងវិស័យការទូតរបស់យើង និងបង្កើនមហិច្ឆតានៃការកំណត់គោលដៅអាកាសធាតុ របស់យើងដើម្បីអាចធ្វើឱ្យប្រជាជាតិដទៃ ទៀតបង្កើននូវការប្តេជ្ញាចិត្តរបស់ពួកគេ។ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុដើម្បីដោះស្រាយវិបត្តិអាកាសធាតុនៅក្នុងឱកាសទិវាផែនដី (Earth Day) នៅឆ្នាំនេះ។
អាមេរិកត្រូវតែដឹកនាំចំពោះការប្រឈមមុខនឹងការគំរាមកំហែងដែលកំពុងកើតមាន។ ហើយដូចគ្នានេះដែរ បញ្ហាវីរុសរាតត្បាតទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាសកល។ យើងក៏បានចូលរួមឡើងវិញជាមួយអង្គការសុខភាពពិភពលោកដែលតាមរយៈវិធីនេះ យើងនឹងអាចត្រៀមលក្ខណៈជា សកលបានល្អប្រសើរជាងមុនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ក៏ដូចជាការការពារនិងទប់ស្កាត់វីរុសរាតត្បាតនាពេលអនាគត ព្រោះវានឹងអាចនៅមានច្រើនជាងនេះទៀត។
យើងបានសង្កត់ធ្ងន់អំពីបញ្ហាប្រព័ន្ធអ៊ីនធើណេតនៅក្នុងរដ្ឋាភិបាលរបស់យើង បូករួមទាំងការ តែងតាំងអនុប្រធានទីប្រឹក្សាសន្តិសុខជាតិ សម្រាប់វិស័យបច្ចេកវិទ្យាអ៊ីនធើណតនិងភាពរីកចម្រើននៃបច្ចេកវិទ្យា (Deputy National Security Advisor for Cyber and Emerging Technology)។ -យើងកំពុងផ្តួចផ្តើមគំនិតជាបន្ទាន់ដើម្បីលើកកម្ពស់សមត្ថភាព, ការត្រៀមខ្លួន, និងភាពធន់របស់យើងនៅក្នុងវិស័យអ៊ីនធើណេត។
ថ្ងៃនេះ ខ្ញុំនឹងប្រកាសអំពីជំហ៊ានបន្ថែមទៀតដើម្បីកែតម្រូវគោល នយោបាយការ បរទេសរបស់យើង និងដើម្បីបង្រួបបង្រួមគុណតម្លៃប្រជាធិបតេយ្យរបស់យើងជាមួយថ្នាក់ដឹកនាំការទូតរបស់យើង។ នៅក្នុងដំណាក់កាលចាប់ផ្តើម រដ្ឋមន្រ្តីក្រសួងការពារជាតិ Austin កំពុងដឹកនាំការត្រួតពិនិត្យជាសកល (Global Posture Review) ពាក់ព័ន្ធនឹងកងកម្លាំងរបស់យើងដើម្បីធានាថា : វិស័យយោធារបស់យើងមានភាព ស្របគ្នាទៅនឹងគោល នយោបាយការ បរទេស និងចំណុចអាទិភាពនៃគោល នយោបាយសន្តិសុខជាតិរបស់យើង។
ហើយខណៈពេលដែលការពិនិត្យឡើង វិញនេះកំពុងតែដំណើរការ យើងនឹង បញ្ឈប់រាល់ការដកទ័ពពីប្រទេសអាល្លឺម៉ង់ ដូចដែលបានគ្រោងទុក។ ហើយយើងកំពុងបង្កើនការប្រើប្រាស់វិស័យការទូតរបស់យើងដើម្បីបញ្ចប់សង្គ្រាម នៅក្នុងប្រទេសយេម៉ែនដែលជាសង្គ្រាមមួយដែលបាន បង្កមហន្តរាយផ្នែកមនុស្សធម៌និងយុទ្ធសាស្រ្ត។
ខ្ញុំបានស្នើដល់ក្រុមការងារផ្នែកមជ្ឈឹម បូព៌ារបស់ខ្ញុំដើម្បីធានា នូវការគាំទ្ររបស់យើងចំពោះគំនិតផ្តួចផ្តើមដែលដឹកនាំដោយអង្គការសហប្រជាជាតិក្នុងការដាក់ចេញនូវបទឈប់បាញ់គ្នា, បង្កើតបណ្តាញមនុស្សធម៌ និងស្តារការចរចាសន្តិភាពឡើងវិញ។
ព្រឹកនេះ រដ្ឋមន្រ្តីក្រសួងការបរទេស Blinken បានតែងតាំងលោក Tim Lenderking ដែលជាមន្ត្រីគោលនយោបាយការបរទេសឱ្យធ្វើជា ប្រេសិតពិសេសរបស់យើងដែលនឹង ទទួលបន្ទុកលើជម្លោះនៅយេម៉ែន។ ហើយខ្ញុំពេញចិត្តចំពោះការតែងតាំងនេះដោយសារលោក Tim មានបទពិសោធន៍ យ៉ាងច្រើននៅក្នុងតំបន់ ហើយលោកនឹងធ្វើការជាមួយប្រេសិតរបស់អង្គការសហប្រជាជាតិ និងគ្រប់ភាគី នៃជម្លោះដើម្បីជំរុញឱ្យមានដំណោះ ស្រាយការទូតដ៏សមស្របមួយ។
ហើយវិធានការការទូតរបស់លោក Tim នឹងទទួលបាន ការគាំទ្រពីទីភ្នាក់ងារ USAID ដែលកំពុងធ្វើការដើម្បីធានាថា : ជំនួយមនុស្សធម៌នឹងទៅដល់ដៃរបស់ប្រជាជនយេម៉ែន ដែលកំពុងរងទុក្ខដោយសារសង្គ្រាម នេះ ហើយសង្គ្រាម នេះត្រូវតែបញ្ចប់។
ហើយដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើង យើងក៏កំពុងបញ្ឈប់រាល់ការគាំទ្ររបស់អាមេរិក ចំពោះប្រតិបត្តិការវាយលុកនៅក្នុងសង្គ្រាមនៅយេម៉ែន បូករួមទាំងការលក់អាវុធផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បាននិងកំពុងប្រឈមមុខ នឹងការវាយប្រហារមីស៊ីល, ការវាយប្រហារ UAV និងការគំរាមកំហែងផ្សេងៗ ទៀតពីកងកម្លាំងរបស់អ៊ីរ៉ង់នៅក្នុងប្រទេសជាច្រើន។ យើងនឹងបន្តគាំទ្រ និងជួយអារ៉ាប៊ីសាអូឌីតការពារអធិបតេយ្យភាព, បូរណភាពទឹកដី និងប្រជាជនរបស់ពួកគេ។
យើងក៏កំពុងប្រឈមមុខនឹងវិបត្តិនៃការផ្លាស់ប្តូរទីលំនៅ នៅក្នុងចំណោមប្រជាជនជាង ៨០ លាន នាក់ដែលកំពុងរងគ្រោះនៅទូទាំងពិភពលោកផងដែរ។ ភាពជាអ្នកដឹកនាំខាងផ្នែកសីលធម៌របស់សហរដ្ឋអាមេរិក
ពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួនគឺជាចំណុចដែលទាក់ទងនឹងការឯកភាពគ្នារវាងគណបក្សទាំង 2 អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ -យើងបានផ្តល់នូវសេរីភាពជូនប្រជាជន ដែលរងនូវការជិះជាន់, យើងបានផ្តល់ជម្រកដ៏សុវត្ថិភាពដល់អ្នកដែលបានភៀសខ្លួនពី អំពើហិង្សា ឬការធ្វើទុក្ខបុកម្នេញ ហើយគម្រូរបស់យើងក៏បានជំរុញប្រទេសដទៃ ទៀតឱ្យបើកទ្វារប្រទេសរបស់ពួកគេផងដែរ។
ដូច្នេះ ថ្ងៃនេះខ្ញុំកំពុងអនុម័តបទបញ្ជាប្រតិបត្តិដើម្បីចាប់ផ្តើមការងារដ៏លំបាកមួយ ក្នុងការស្តារឡើងវិញនូវកម្មវិធីទទួលជនភៀសខ្លួនរបស់យើង ដើម្បីជួយបំពេញតម្រូវការពិភពលោក ហើយបញ្ហានេះនឹងត្រូវចំណាយពេលវេលាយូរដោយសារវាបានរងនូវការ ខូចខាតយ៉ាងធ្ងន់ធ្ងរ។ បទបញ្ជាប្រតិបត្តិនេះនឹងជួយយើងឱ្យបង្កើនការទទួលយកជនភៀសខ្លួនដល់ចំនួន ១២៥.០០០ នាក់ សម្រាប់ឆ្នាំសារពើពន្ធដំបូងនៃរដ្ឋបាល Biden-Harris ។
ហើយដើម្បីកែលម្អភាពជាអ្នកដឹកនាំខាងផ្នែកសីលធម៌របស់យើងខ្ញុំក៏បាននិងកំពុងចេញអនុស្សរណៈរបស់ប្រធានាធិបតីដល់ទីភ្នាក់ងារនានាដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់យើងលើបញ្ហាទាក់ទងនឹងក្រុមស្រឡាញ់ភេទដូចគ្នា (LGBTQI) ហើយនឹងជម្រុញឱ្យមានការអនុវត្តជាអន្តរជាតិពាក់ព័ន្ធនឹងបញ្ហានេះ។ យើងធានាថា អ្នកការទូតនិងជំនួយការបរទេសនឹងធ្វើការលើកកម្ពស់សិទ្ធិរបស់បុគ្គលទាំងនោះ ដែលរួមមានការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការពារជនភៀសខ្លួនដែលជាអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកដែលកំពុងស្វែងរកសិទ្ធិជ្រកកោន។
ហើយចុងក្រោយ ដើម្បីអះអាងជាថ្មីនូវវិធានការការទូតរបស់យើង និងដើម្បីធ្វើឱ្យប្រជាជនអាមេរិកមានសុវត្ថិភាព, វិបុលភាព និងមានសេរីភាព យើងត្រូវតែពង្រឹងវិស័យសុខភាពនិងសីលធម៌របស់ស្ថាប័នគោលនយោបាយការបរទេសរបស់យើងឡើងវិញ។
ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដែលធ្វើការ នៅក្នុងអគារនេះ, នៅតាមស្ថានទូតនិងស្ថានកុងស៊ុលនៅជុំវិញពិភពលោកដឹងថា «ខ្ញុំឱ្យតម្លៃទៅលើជំនាញរបស់អ្នក ហើយខ្ញុំគោរពអ្នក ហើយខ្ញុំនឹងគាំទ្រអ្នក។ រដ្ឋបាលនេះនឹងផ្តល់អំណាចដល់អ្នកឱ្យធ្វើការងាររបស់អ្នក ហើយនឹងមិនកំណត់គោលដៅលើអ្នក ឬបញ្ចូលអ្នកទៅក្នុងបញ្ហានយោបាយនោះទេ។ យើងចង់ឱ្យមាន ការជជែកវែកញែកយ៉ាងម៉ឺងម៉ាត់ដែលអាចនាំមកនូវទស្សនះវិស័យនិងឱកាស ដែលអ្នកអាចលើក ឡើងនូវទស្សនៈផ្ទុយ។ នោះហើយជារបៀបដែលយើងនឹងទទួល បានលទ្ធផលជាគោលនយោបាយដ៏ល្អបំផុត»។
តាមរយៈការគាំទ្ររបស់អ្នក សហរដ្ឋអាមេរិកនឹងអាចដឹកនាំជាថ្មីម្តងទៀត មិនត្រឹមតែតាមរយៈគម្រូនៃអំណាចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈអំណាចនៃគម្រូរបស់យើងផងដែរ។
ហើយនេះក៏ជាមូលហេតុដែលរដ្ឋបាលរបស់ខ្ញុំបានចាត់វិធានការដ៏សំខាន់ក្នុងការពង្រឹងតម្លៃរបស់ប្រទេសនិងតម្លៃប្រជាធិបតេយ្យនៅ ក្នុងប្រទេសរបស់យើង។
ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចូលកាន់តំណែង ខ្ញុំបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលលុបចោលនូវការ ហាមឃាត់លើជនជាតិ មូស្លីមនិងបានដកការ ហាមប្រាមនៅក្នុងវិស័យយោធារបស់យើងលើបុគ្គលដែល បានកែរភេទ។
ហើយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងចំពោះការពិត, តម្លាភាពនិងគណនេយ្យភាព យើងបាន បញ្ជាក់នៅថ្ងៃទីមួយថា : យើងនឹងរៀបចំឱ្យមានការសង្ខេបព័ត៌មានប្រចាំថ្ងៃពីសេតវិមាន។ យើងបាន រៀបចំសេចក្តីសង្ខេបជាទៀងទាត់នៅទីនេះ និងនៅមន្ទីរបញ្ចកោណ។ ហើយយើងយល់ថា «សារព័ត៌មានសេរីមិនមែនជាសត្រូវទេ។ ផ្ទុយទៅវិញ វាមានភាពចាំបាច់ណាស់។ សារព័ត៌មានសេរីមានសារៈសំខាន់ណាស់ចំពោះលទ្ធិប្រជាធិបតេយ្យ»។
យើងបានស្តារការ ប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យវិទ្យាសាស្ត្រនិងប្តេជ្ញាបង្កើតគោលនយោបាយដោយផ្អែកលើអង្គហេតុនិងភស្តុតាង។ យើងក៏បានចាត់វិធានការក្នុងការទទួលស្គាល់និងដោះស្រាយបញ្ហានៃការរើសអើងជាតិសាសន៍។ សមធម៌ជាតិសាសន៍ នឹងមិនគ្រាន់តែជា បញ្ហារបស់ក្រសួងតែ មួយនៅក្នុងរដ្ឋបាលរបស់យើងប៉ុណ្ណោះទេ តែវាគឺជាបញ្ហារបស់រដ្ឋាភិបាលទាំងមូល។
បញ្ហាទាំងអស់នេះមានជាប់ពាក់ព័ន្ធនឹងគោលនយោបាយការ បរទេសរបស់យើង ពីព្រោះនៅពេលដែល យើងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសប្រជាធិបតេយ្យដើម្បីប្រមូលផ្តុំប្រជាជាតិ នានានៅក្នុងពិភព លោកដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក និងដើម្បីទប់ស្កាត់ការឈានទៅរករបបផ្តាច់ការ យើងត្រូវធ្វើខ្លួនជាដៃគូដែលគួរឱ្យទុកចិត្តជាងមុនដើម្បីពង្រឹងមូលដ្ឋានគ្រឹះរបស់យើង។
គោលនយោបាយការបរទេស និងគោលនយោបាយនៅក្នុងប្រទេសនឹងមិនមានភាពខុសគ្នានោះទេ។ រាល់សកម្មភាពដែល យើងធ្វើនៅបរទេស យើងក៏នឹងយកចិត្តទុក ដាក់លើប្រជាជន ដែលកំពុងធ្វើការនៅ សហរដ្ឋអាមេរិកផងដែរ។ ការជំរុញគោល នយោបាយការបរទេសសម្រាប់វណ្ណៈកណ្តាល ទាមទារឱ្យមានការផ្តោតអារម្មណ៍ជាបន្ទាន់ទៅលើការស្តារ សេដ្ឋកិច្ចក្នុងស្រុកឡើងវិញ។
ហើយនេះគឺជាមូលហេតុដែលខ្ញុំបាន ដាក់ចេញនូវផែនការជួយសង្គ្រោះអាមេរិក (American Rescue Plan) ជាបន្ទាន់ដើម្បីទាញយើង ចេញពីវិបត្តិសេដ្ឋកិច្ច។ ហើយនេះក៏ជាមូលហេតុដែលខ្ញុំបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីពង្រឹងគោលនយោបាយទាក់ទងនឹងការទិញផលិតផលអាមេរិក (Buy American policies) កាលពីសប្តាហ៍មុន។
ហើយវាក៏ជាមូលហេតុដែលខ្ញុំនឹងធ្វើការជាមួយសភា ដើម្បីធ្វើការវិនិយោគ យ៉ាងទូលំទូលាយទៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យា ដែលនឹងជម្រុញដល់ ការបង្កើតការងារ, រក្សាបាននូវភាពប្រកួតប្រជែងរបស់អាមេរិកនៅទូទាំងពិភពលោក និងអាចធានាថា ប្រជាជនអាមេរិកទាំងអស់នឹងទទួលបានផល។
ប្រសិនបើយើងវិនិយោគលើខ្លួនយើង និងប្រជាជនរបស់យើង, ប្រសិនបើយើងធ្វើការតស៊ូដើម្បីធានាថា អាជីវកម្មអាមេរិកអាចប្រកួតប្រជែងដោយជោគជ័យនៅ លើឆាកអន្តរជាតិ, ប្រសិនបើច្បាប់ពាណិជ្ជកម្មអន្តរជាតិមិនត្រូវបានដាក់កម្រិត ប្រឆាំងនឹងយើង, ប្រសិនបើកម្មករនិងកម្មសិទ្ធិបញ្ញារបស់យើងទទួលបាននូវការការពារ ពេលនោះនឹងមិនមានប្រទេសណា មួយនៅលើផែនដីអាច នឹងមានប្រៀបលើយើងនោះទេ មិនថា ប្រទេសចិន ឬប្រទេសណាផ្សេងទៀតនោះទេ។
ការវិនិយោគលើវិស័យការទូតរបស់យើង មិនមែនដោយ សារតែវាជារឿងត្រឹមត្រូវសម្រាប់ពិភព លោកតែមួយមុខប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងធ្វើវាដើម្បីគ្រប់គ្នាអាចរស់នៅក្នុងសន្តិភាព, សន្តិសុខនិងវិបុលភាព។ ហើយយើងធ្វើដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន របស់យើង។ នៅពេលយើងពង្រឹងសម្ព័ន្ធភាពរបស់យើង នោះយើងនឹងអាចពង្រីកអំណាចក៏ដូចជាសមត្ថភាពរបស់យើងដើម្បីទប់ស្កាត់រាល់ការគំរាមកំហែង នានាដែលអាចកើតមាន។
នៅពេលយើងវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស នោះយើងនឹងអាចបង្កើតទីផ្សារថ្មីសម្រាប់ផលិតផលរបស់យើង និងកាត់បន្ថយបញ្ហាអស្ថិរភាព, អំពើហិង្សា និងការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ។
នៅពេលដែល យើងពង្រឹងប្រព័ន្ធសុខាភិបាលនៅតាម តំបន់ឆ្ងាយៗនៅក្នុងពិភពលោក នោះយើងនឹងអាចកាត់បន្ថយហានិភ័យនៃការកើតមានវីរុសរាតត្បាតនាពេលអនាគត ដែលអាចបង្កការគំរាមកំហែងដល់ប្រជាជន និងសេដ្ឋកិច្ចរបស់យើង។
នៅពេលដែលយើងអាចការពារបាន នូវសិទ្ធិស្មើគ្នារបស់ប្រជាជននៅលើពិភពលោក ទាំងក្នុងចំណោមស្ត្រីនិងកុមារី, ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា, សហគមន៍ជនជាតិដើមភាគតិច និងជនពិការ នោះយើងក៏ នឹងអាចធានាបាននូវសិទ្ធិទាំងនោះសម្រាប់កូនៗរបស់យើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
សហរដ្ឋអាមេរិកមិនអាចបន្តអវត្តមាននៅលើឆាកអន្តរជាតិទៀតនោះទេ។ ខ្ញុំមកក្រសួងការបរទេសនៅថ្ងៃនេះ ដែលទីនេះគឺជាទីភ្នាក់ងារមួយដែលមានវ័យចំណាស់ និងមានជំហរដ៏រឹងមាំ ដោយសារតែវិស័យការទូតមានសារសំខាន់ណាស់ចំពោះជោគវាសនារបស់សហរដ្ឋអាមេរិក។ យើងគឺជាប្រទេសមួយដែលនឹងដឹកនាំការធ្វើកិច្ចការធំៗ ហើយវិស័យការទូតរបស់អាមេរិកនឹងអាចធ្វើឱ្យយើងទទួលបានជោគជ័យ។ ហើយ
រដ្ឋបាលរបស់យើងក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកតួនាទីជាអ្នកដឹកនាំជាថ្មីម្តងទៀត៕