ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការដាំដើមឈើ និងស្មៅឡើងវិញនៅបរិវេណខាងជើងត្រពាំងសេស

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 42
យុទ្ធនាការដាំដើមឈើ និងស្មៅឡើងវិញនៅបរិវេណខាងជើងត្រពាំងសេស យុទ្ធនាការដាំដើមឈើ និងស្មៅឡើងវិញនៅបរិវេណខាងជើងត្រពាំងសេស

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម និងដាំស្មៅ លើផ្ទៃដីសរុបជិត២ហិកតា នាបរិវេណខាងជើងស្រះត្រពាំងសេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងកែលម្អរដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។

អញ្ជើញចូលក្នុងឱកាសនោះមាន លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យឥន្ទ្រវិជ្ជា តំណាងក្រុមហ៊ុនដៃគូ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ព្រះសង្ឈ សិស្សានុសិស្ស និងវិស័យឯកជន ចូលរួមសរុបប្រមាណ៥០០នាក់។

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប មានថេរដីការក្នុងឱកាសនោះថា ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា។ ព្រះអង្គមានថេរដីការបន្តទៀតថា យុទ្ធនាការដាំដើមឈើ និងស្មៅ នៅទីនេះក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រនិងផ្តល់ជូន។ ព្រះអង្គមានថេរដីការទៀតថា ការចូលរួមគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឈ សិស្សានុសិស្ស វិស័យឯកជននានា គឺជាការចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ ឱ្យកាន់តែល្អប្រសើ។

មានប្រសាន៍ក្នុងឱកាសនោះ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។ លោកបន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញ ពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ 

លោកបញ្ជាក់ទៀតថា ការដាំដើមឈើនិងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ។ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។ ខណៈក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕

អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយរូបភាព៖ លោក ហាប់ គឹម , លោក ហ៊ុំ រិទ្ធី និងលោក ជា វណ្ណៈ

 

អត្ថបទទាក់ទង